បុគ្គលិក​សណ្ឋាគារ​នៅ​សៀមរាប​ប្រមាណ​៦០​នាក់​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​រក​យុត្តិធម៌

ដោយ ហង្ស សាវយុត
2016-01-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បុគ្គលិក​សណ្ឋាគារ បាតុកម្ម សៀមរាប ៨៥៥
ក្រុម​សហជីព​និង​កម្មករ​នៃ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​សណ្ឋាគារ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦។
RFA/Hang Savyouth

ក្រុម​សហជីព​និង​បុគ្គលិក​ខ្លះ​របស់​សណ្ឋាគារ​ផ្កាយ​៥ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) នៅ​ទីក្រុង​សៀមរាប បាន​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​អ្នក​គ្រប់គ្រង​របស់​ពួកគេ​អស់​រយៈពេល ៨​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ។

កូដកម្ម​ដោយ​មាន​ចាក់​ឧបករណ៍​បំពង​សំឡេង​ផង​នោះ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​អ្នក​គ្រប់គ្រង​របស់​សណ្ឋាគារ​ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី បាន​រំលាយ​សហជីព​កម្មករ​ដែល​ធ្លាប់​តែ​មាន​នៅ​ក្នុង​សណ្ឋាគារ​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សកម្មជន​សហជីព និង​កម្មករ​ប្រមាណ ៦០​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ចាប់​តាំង​ពី​ព្រឹក​ព្រលឹម នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​មករា។ ពួកគេ​បាន​ស្រែក​ទារ​រក​យុត្តិធម៌ និង​ឱ្យ​ថៅកែ​សណ្ឋាគារ​ដែល​ជា​ជនជាតិ​បារាំង ត្រូវ​តែ​គោរព​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា។

ប្រធាន​សហជីព​កម្មករ​នៃ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ដែល​ដឹកនាំ​ធ្វើ​កូដកម្ម​នោះ គឺ​អ្នកស្រី ចាន់ សុជាតិ។ អ្នកស្រី​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែ​មករា ថា មូលហេតុ​ដែល​អ្នកស្រី និង​កម្មករ​នាំ​គ្នា​ធ្វើ​កូដកម្ម​ដោយសារ​តែ​អ្នក​គ្រប់គ្រង​សណ្ឋាគារ​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី បាន​រំលាយ​ចោល​សហជីព​ដែល​ធ្លាប់​មាន​រយៈពេល ១០​ឆ្នាំ​មក​ហើយ ព្រម​ទាំង​បញ្ឈប់​ការងារ​បុគ្គលិក​ចំនួន ១៧​នាក់ ដែល​ពាក់ព័ន្ធ​នឹង​សហជីព​ផង។

អ្នកស្រី ចាន់ សុជាតិ បញ្ជាក់​ថា ក្រុម​កម្មករ​មិន​សុខ​ចិត្ត​ឡើយ ចំពោះ​ការ​បញ្ឈប់​បុគ្គលិក​ចំនួន ១៧​នាក់​ពី​ការងារ ព្រម​ទាំង​រំលាយ​ចោល​សហជីព​កម្មករ​នេះ៖ «គឺ​វា​អយុត្តិធម៌ ពីព្រោះ​ពួក​ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​អ្វី​ខុស ឬ​ក៏​បំពាន​ច្បាប់​ទេ ពួក​យើង​ធ្វើ​គ្រប់​បែប​យ៉ាង​ទៅ​តាម​ច្បាប់​ការងារ​ដែល​បាន​ចែង​មក»

ក្រុម​សហជីព​និង​កម្មករ បាន​ធ្វើ​កូដកម្ម​នៅ​មុខ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ រហូត​មកដល់​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​មករា គឺ​រយៈពេល ៨​ថ្ងៃ​ហើយ។ ពួកគេ​បាន​ប្រើ​ឧបករណ៍​បំពង​សំឡេង​ស្រែក​ទាមទារ​រក​យុត្តិធម៌ ដោយ​មាន​កាន់​បដា​នៅ​ក្នុង​ដៃ សរសេរ​អក្សរ​ខ្មែរ និង​អង់គ្លេស​មាន​ន័យ​ថា សូម​បញ្ឈប់​ការ​រើសអើង​ទៅ​លើ​សហជីព។ ពេល​ខ្លះ ក្រុម​អ្នក​តវ៉ា​ទាំង​នោះ នាំ​គ្នា​ច្រៀង​បទ​សាវតារ​ខ្មែរ​ហាក់​ដូច​ជា​ចង់​រំលឹក​ទៅ​ដល់​រឿងរ៉ាវ​អ្វី​មួយ។

​តំណាង​ឱ្យ​ម្ចាស់​សណ្ឋាគារ​ផ្កាយ​៥ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា លោក បូ រម្យ មាន​ប្រសាសន៍​ថា រយៈពេល​ជាង ១០​ឆ្នាំ ហើយ​សណ្ឋាគារ​នេះ បាន​សុខសាន្ត​ជាមួយ​បុគ្គលិក​កម្មករ ក៏​ប៉ុន្តែ​បញ្ហា​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​សណ្ឋាគារ​នេះ បាន​ជួល​នាយក​គ្រប់គ្រង​កិច្ចការ​ទូទៅ​ថ្មី​ឱ្យ​មក​កាន់​ការងារ កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៥។

មេធាវី​របស់​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា លោក កៅ ស៊ូផា មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​នេះ​ក្រុម​សហជីព​បាន​ប្ដឹង​ទៅ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ទៅ​ហើយ ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ធ្លាប់​បាន​សម្រេច​ឱ្យ​ម្ចាស់​សណ្ឋាគារ​ទទួល​យក​កម្មករ ២​នាក់ ក្នុង​ចំណោម​អ្នក​ដែល​បញ្ឈប់​ពី​ការងារ​នោះ​មក​ធ្វើ​ការ​វិញ ក៏ប៉ុន្តែ​សណ្ឋាគារ​មិន​អាច​ទទួល​យក​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នោះ​ទេ។

លោក កៅ ស៊ូផា បញ្ជាក់​ថា ក្នុង​ចំណោម​កម្មករ​ដែល​បាន​បញ្ឈប់​ពី​ការងារ​នោះ គឺ​ជា​អ្នក​ដែល​មាន​កំហុស៖ «កំហុស​វា​តែងតែ​មាន​ហើយ​ទោះ​តិច ឬ​ច្រើន ក៏ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សម្រេច​របស់​អ្នក​រក​ស៊ី គឺ​មិន​អាច​ទទួល​យក​កម្មករ​ទាំង​នោះ​មក​ធ្វើ​ការ​វិញ​ទេ»

ក្រុម​សហជីព​កម្មករ ដែល​កំពុងតែ​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​អ្នក​គ្រប់គ្រង​សណ្ឋាគារ​អះអាង​ថា ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​សមរម្យ​ទេ គឺ​ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​រយៈពេល​យូរ ហើយ​គេ​ក៏​អំពាវនាវ​ឱ្យ​បុគ្គលិក​នៃ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ដែល​កំពុង​ធ្វើ​ការ​ទាំង​អស់​ជួយ​គាំទ្រ​ដល់​ក្រុម​អ្នក​តវ៉ា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល