តើ​បណ្ដាញ​ព័ត៌មាន​ត្រៀម​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​មហា​បាតុកម្ម​ដូច​ម្ដេច​ខ្លះ?

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៣។ មហា​បាតុកម្ម​អហិង្សា​នេះ គឺ​ជា​ព្រឹត្តិការណ៍​នយោបាយ​សំខាន់​មួយ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ២០១៣។

0:00 / 0:00

មហា​បាតុកម្ម​អហិង្សា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​រៀបចំ​ឡើង​នេះ គឺ​ជា​ព្រឹត្តិការណ៍​នយោបាយ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​យក​ចិត្ត​ទុក​ដាក់។ ចុះ​ចំណែក​បណ្ដាញ​សារព័ត៌មាន​ជាតិ​វិញ តើ​ពួក​គេ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ត្រៀម​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ខ្លះ​សម្រាប់​ព្រឹត្តិការណ៍​នយោបាយ​មួយ​នេះ?

អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា លោក គឹម គុណវឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​យក​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ជាតិ គឺ​ជា​ភារកិច្ច​របស់​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​លោក​ដែល​តែង​ធ្វើ​ជា​ប្រចាំ ហើយ​សម្រាប់​ព្រឹត្តិការណ៍​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​៧ កញ្ញា ក៏​ជា​ព្រឹត្តិការណ៍​សង្គម​មួយ​ដែល​ក្រុម​ការងារ​របស់​លោក​ត្រូវ​ចុះ​យក​ព័ត៌មាន​ជា​ធម្មតា។

លោក គឹម គុណវឌ្ឍន៍៖ «សម្រាប់ ទ.ទ.ក យើង​ខ្ញុំ យើង​មិន​និយាយ​ថា​ពាក្យ​ត្រៀម​អ៊ី​ទេ ពីព្រោះ​យើង​មាន​ក្រុម​របស់​យើង​ចុះ​យក​កិច្ច​ការងារ​សង្គម​ហ្នឹង​គ្រប់​ពេល​វេលា​ទាំង​អស់ ដូច្នេះ​មិន​មាន​ន័យ​ថា ជា​រឿង​ត្រៀម​មិន​ត្រៀម​អ៊ី​ទេ»

លោក គឹម គុណវឌ្ឍន៍ បាន​បន្ថែម​ទៀត​ថា ក្រុម​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ ទ.ទ.ក តែង​ចុះ​យក​ព័ត៌មាន​គ្រប់​ពេល​វេលា និង​ផ្ដិត​យក​គ្រប់​សកម្មភាព​ទាំង​អស់ តែ​ថា ទូរទស្សន៍​របស់​លោក​ត្រូវ​ផ្សព្វផ្សាយ ឬ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នោះ វា​អាស្រ័យ​លើ​ខ្លឹមសារ​នៃ​ព័ត៌មាន។

លោក​ថា ទូរទស្សន៍​ជាតិ​គឺ​ជា​បណ្ដាញ​ផ្សព្វផ្សាយ​តំណាង​ឲ្យ​កម្ពុជា ដូច្នេះ​ក្រុម​ការងារ​របស់​លោក​តែង​ពិចារណា​លើ​ព័ត៌មាន​ណា​ដែល​គួរ​ផ្សាយ និង​ព័ត៌មាន​ណា​ដែល​មិន​គួរ​ផ្សាយ។ លោក​អះអាង​ថា ប្រសិន​បើ​ព័ត៌មាន​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា ឬ​ធ្វើ​ឲ្យ​បរទេស​មើល​ងាយ​ចំពោះ​ប្រជាជាតិ​កម្ពុជា ជាពិសេស​គឺ​ព័ត៌មាន​ទាក់ទង​អំពើ​ហិង្សា​តែម្តង នោះ​ទូរទស្សន៍​របស់​លោក​នឹង​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​ផ្សព្វផ្សាយ។

លោក​ថា នៅ​ពេល​នេះ​លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា តើ​ព្រឹត្តិការណ៍​បាតុកម្ម​របស់​បក្ស​ប្រឆាំង​វា​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ៖ «ឥឡូវ​យើង​កំពុង​ពិនិត្យ​សភាពការណ៍​ហ្នឹង​ថា​តើ​ស្ថានការណ៍​វា​យ៉ាងម៉េច ស្ថានការណ៍​ដូច​ដែល​គេ​បាន​លើក​ឡើង ឬ​ក៏​ស្ថានការណ៍​មាន​ការ​ខុស​ពី​បញ្ហា​ហ្នឹង? ចំពោះ​យើង​ទាំង​អស់​គ្នា រួម​ទាំង​រូប​ខ្ញុំ​ជា​បុគ្គល​ក្តី ជា​អ្នក​គ្រប់គ្រង​ស្ថានីយ​របស់​រដ្ឋ​ក្តី គឺ​មាន​បំណង​ចង់​ឲ្យ​មាន​សុវត្ថិភាព​ក្នុង​សង្គម​កម្ពុជា​ទាំង​មូល។ ហេតុ​ដូច្នេះ​ហើយ​យើង​ជឿ​ជាក់​ថា នឹង​មាន​សេចក្ដី​សុខ សេចក្ដី​ស្ងប់​សម្រាប់​ពលរដ្ឋ​ទូទៅ»

អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា រូប​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ជា​ទូទៅ​ក្រុម​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​របស់​លោក​តែង​ទទួល​ការ​ប្រមាថ និង​ពាក្យអសុរោះ​ពី​សំណាក់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង តែ​លោក​តែង​បាន​ណែនាំ​អ្នក​យក​ព័ត៌មាន​លោក​ថា នេះ​គឺ​គ្រាន់​តែ​ជា​ការ​សម្ដែង​មតិ​របស់​បុគ្គល​ផ្ទាល់​ខ្លួន ដូច្នេះ​លោក​តែង​ស្នើ​ឲ្យ​បុគ្គលិក​របស់​លោក​ធ្វើ​ការ​អត់ធ្មត់ មិន​តប​ត​ចំពោះ​ការ​ប្រមាថ​របស់​ក្រុម​អ្នក​ប្រឆាំង​នឹង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អាកប្បកិរិយា​ជា​អ្នក​យក​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ។

នាយក​ការ​ផ្សាយ​នៃ​កាសែត​កោះ​សន្តិភាព លោក ប៉ុល សារឿន បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​នឹង​យក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ជា​ធម្មតា​ដូច​ជា​ព័ត៌មាន​ឯ​ទៀត​ដែល​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា។

លោក ប៉ុល សារឿន មិន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា នឹង​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង​ចំពោះ​អ្នក​យក​ព័ត៌មាន​របស់​លោក​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា បើ​ពលរដ្ឋ​ទាំង​អស់​គ្នា​ប្រកាន់​ខ្ជាប់​នូវ​មាគ៌ា​សន្តិភាព នោះ​វា​នឹង​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ៖ «អត់​ផង ខ្ញុំ​អត់​ទេ ខ្ញុំ​ចាត់​ទុក​ធម្មតា ព័ត៌មាន​ធម្មតាៗ ថា​យក​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ ព័ត៌មាន​ស្រុក​ខ្មែរ​ឲ្យ​គ្រប់​ជ្រុងជ្រោយ កើត​មាន​មួយ​ខ្វះ​មួយ​ហ្នឹង»

ផ្ទុយ​ពី​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា និង​នាយក​ការ​ផ្សាយ​កាសែត​កោះ​សន្តិភាព និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) លោក កៃ គឹមសុង បាន​មាន​ប្រសាសន៍​ថា លោក​ចាត់​ទុក​ព្រឹត្តិការណ៍​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​៧ កញ្ញា ថា ជា​ព្រឹត្តិការណ៍​នយោបាយ​សំខាន់​មួយ។ លោក​ថា សម្រាប់​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​ដូច​នេះ ព័ត៌មាន​របស់​លោក​តែង​ដាក់​ពង្រាយ​ក្រុម​ការងារ​ដើម្បី​តាមដាន និង​យក​ព័ត៌មាន​ឲ្យ​បាន​ល្អិតល្អន់​និង​គ្រប់​ជ្រុងជ្រោយ។

លោក កៃ គឹមហុង៖ «មាន​ន័យ​ថា មាន​ទាំង​អ្នក​ថតរូប មាន​ទាំង​អ្នក​ថត​វីដេអូ មាន​ទាំង​អ្នក​យក​ព័ត៌មាន មាន​ទាំង​អ្នក​ធ្វើ​បទសម្ភាសន៍​ជាមួយ​នឹង​អ្នក​វិភាគ​ផ្សេងៗ។ មាន​ន័យ​ថា យើង​ប្រមូល​ព្រឹត្តិការណ៍​ហ្នឹង​ឲ្យ​បាន​គ្រប់​ប្រភព​ដើម្បី​វិភាគ​មើល​ថា តើ​រឿង​ហ្នឹង​វា​យ៉ាង ម៉េច​ពិត​ប្រាកដ»

ទាក់ទង​បញ្ហា​អសន្តិសុខ​វិញ និពន្ធ​នាយក​រូប​នេះ​ពុំ​សូវ​សម្ដែង​ក្តី​បារម្ភ​ឡើយ ព្រោះ​លោក​យល់​ថា បើ​ទោះ​បី​បាតុកម្ម​នេះ​មាន​ការ​ចូលរួម​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្តី ក៏​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​លើក​នេះ វា​គ្រាន់​តែ​ជា​ការ​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​សមាធិ​តែប៉ុណ្ណោះ។ ដូច្នេះ សម្រាប់​លោក កៃ គឹមសុង មហា​បាតុកម្ម​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ឬ​រំជើប​រំជួល​នោះ​ទេ។ តែ​លោក​ថា ប្រសិន​បើ​មាន​បញ្ហា​ហិង្សា​កើត​ឡើង ក្រុម​អ្នក​យក​ព័ត៌មាន​របស់​លោក​មាន​វិធីសាស្ត្រ​គ្រប់គ្រាន់ ដើម្បី​ការពារ​ខ្លួន​តាម​វិជ្ជាជីវៈ​របស់​ពួកគេ។

លោក កែ គឹមហុង៖ «មិន​មែន​ជា​ថ្ងៃ​មហា​បាតុកម្ម​ទៀត​ទេ គឺ​ជា​ថ្ងៃ​មហា​សមាធិ គេ​មិន​មាន​រឿង​ធំ​ដុំ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទេ អ៊ីចឹង​មាន​ន័យ​ថា គឺ​ជា​ការ​ជួបជុំ​ប្រកប​ទៅ​ដោយ​ទឹក​ចិត្ត​សន្តិភាព ដូច្នេះ​មិន​មាន​រឿង​អ៊ី​ត្រូវ​រៀបចំ​ជា​ដុំ​កំភួន​ទេ»

រី​ឯ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សាមិទ្ធិ វិញ ចាត់​ទុក​ថា ព្រឹត្តិការណ៍​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង គឺ​ជា​ព្រឹត្តិការណ៍​ពិសេស​មួយ​ដែល​ក្លឹប​របស់​លោក​នឹង​មិន​អាច​មើល​រំលង​បាន​ទេ ហើយ​លោក​ថា ក្លឹប​របស់​លោក​នឹង​បញ្ជូន​ភ្នាក់ងារ​ដើម្បី​ចុះ​ពិនិត្យ​មើល​ដល់​កន្លែង​ក្រែង​មាន​ការ​រំលោភ​ផ្សេងៗ​លើ​អ្នក​កាសែត។

លោក ប៉ែន សាមិទ្ធិ៖ «ហើយ​នៅ​ក្នុង​ថ្ងៃ​ហ្នុង យើង​បាន​ប្រាប់​គ្នា​ថា ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ពិនិត្យ​មើល​សកម្មភាព​ផ្សេងៗ ព្រោះ​កន្លង​មក​វា​មាន​ជា​ការ​រំលោភ​ទៅ​លើ​អ្នក​កាសែត​ខ្លះៗ​ដែរ។ ជា​រួម​បង​ប្អូន​ក្នុង​ក្លឹប​គាត់​បំពេញ​ការងារ​ដោយ​ឆន្ទៈ​របស់​គាត់​ដែល​គាត់​ស្រឡាញ់ គាត់​ចង់​ឲ្យ​អ្នក​ដែល​រួម​អាជីព​របស់​គាត់​ហ្នឹង​មាន​សុវត្ថិភាព»

ជា​ការ​កត់​សម្គាល់ គេ​សង្កេត​ឃើញ​ថា បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច​ពុំ​សូវ​ចាប់​អារម្មណ៍​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ ទាក់ទង​នឹង​គណបក្ស​ប្រឆាំង​ឡើយ។ ជាក់ស្ដែង​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិញ កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣ ត្រូវ​បាន​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ជាតិ​និង​អន្តរជាតិ បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត តែ​ផ្ទុយ​ទៅ​វិញ បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច​មិន​បាន​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍ ពិសេស​នោះ​ឡើយ ជាពិសេស​គឺ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ ទូរទស្សន៍ និង​វិទ្យុ​ជាតិ​កម្ពុជា។

បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដឹកនាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ កញ្ញា ២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត និង​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៣។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជា​សាធារណៈ​ហើយ​ថា មហា​បាតុកម្ម​ដែល​គេ​គ្រោង​នឹង​រៀបចំ​ឡើង គឺ​ជា​បាតុកម្ម​អហិង្សា​ដែល​មាន​បញ្ចូល​កម្មវិធី​ស្មិងស្មាធិ៍ បួងសួង សុំ​សន្តិភាព​នៅ​នឹង​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។