ក្រសួង​សេដ្ឋកិច្ច​ប្រកាស​ឲ្យ​ពលរដ្ឋ​ទៅ​បំពេញ​នីតិវិធី​យក​ថវិកា​ដែល​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ

0:00 / 0:00

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ប្រភេទ​ក​១ គឺ​ម៉ូតូ​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ (CC) ចុះ​ក្រោម ឲ្យ​ទៅ​បំពេញ​នីតិវិធី​ដើម្បី​ទទួល​យក​ថវិកា​វិញ។ ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ នៅ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា លុប​ចោល​មិន​ចាំ​បាច់​មាន​ប័ណ្ណ​បើកបរ​ទៀត​ទេ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ។

ក្រសួង​សេដ្ឋកិច្ច​ប្រើ​រយៈពេល​៣​ខែ ឲ្យ​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ​ប្រភេទ​ក​១ ឲ្យ​ចូល​ទៅ​បំពេញ​នីតិវិធី​ទទួល​ថវិកា​វិញ នៅ​តាម​បណ្ដា​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ស្ដីពី ការ​បង្វិល​សង​ថ្លៃ​ប័ណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រភេទ​ក​១ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦ ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក បាន​បង្ហាញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ឲ្យ​ពលរដ្ឋ​បំពេញ​និង​ទទួល​យក​លុយ​វិញ។

សេចក្ដី​ជូន​ដំណឹង​ឲ្យ​ដឹង​ថា ការ​បង្វិល​សង​ថ្លៃ​ប័ណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រភេទ​ក​១ ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១១ មករា រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដា​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី ខេត្ត​រៀងរាល់​ថ្ងៃ​និង​ម៉ោង​ធ្វើការ។ ចំពោះ​អ្នក​ដែល​បាន​កក់​ប្រាក់​ធ្វើ​ប័ណ្ណ​បើកបរ​ត្រូវ​យក​បង្កាន់​ដៃ​ទទួល​ប្រាក់​កក់ ច្បាប់​ដើម ទៅ​ប្រគល់​ជូន​មន្ទីរ​សាធារណការ ដើម្បី​ទទួល​បាន​ថវិកា​សង​វិញ។

ទាក់ទង​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ម្ចាស់​ប័ណ្ណ​ត្រូវ​យក​ប័ណ្ណ​ច្បាប់​ដើម ដែល​មាន​សុពលភាព​ទៅ​ប្រគល់​ជូន​មន្ទីរ​សាធារណការ​វិញ​នេះ។ មាន​ចំណុច​សំខាន់​ពីរ គឺ​អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ​មុន​ការ​អនុវត្ត​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៤ ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​បង្វិល​សង​វិញ សរុប​មាន​ចំនួន​៨​ម៉ឺន​៩​ពាន់​រៀល (៨៩០០០) ក្នុង​នោះ​ការ​ប្រឡង​យក​ប័ណ្ណ​ចំនួន​៧​ម៉ឺន​៥​ពាន់ និង​ថ្លៃ​ពិនិត្យ​សុខភាព​ចំនួន​១​ម៉ឺន​៤​ពាន់​រៀល (១៤០០០)។ ចំណែក​អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ​ក្រោយ​ការ​អនុវត្ត​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៤ ត្រូវ​បង្វិល​ទឹក​ប្រាក់​សង​វិញ​សរុប​មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​រៀល (៧៤០០០) ក្នុង​នោះ​ការ​ប្រឡង​យក​ប័ណ្ណ​ចំនួន​៦​ម៉ឺន​រៀល(៦០០០០) និង​ថ្លៃ​ពិនិត្យ​សុខភាព​ចំនួន​១​ម៉ឺន​៤​ពាន់​រៀល។

ថ្វី​ត្បិត​តែ​ក្រសួង​ប្រកាស​នីតិវិធី​នេះ ប៉ុន្តែ​មន្ត្រី​អង្គការ​ដែល​ធ្វើការ​គាំពារ​គ្រោះថ្នាក់​ចរាចរណ៍​ហាក់​មិន​ចាប់​អារម្មណ៍​នោះ​ទេ។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា មាន​ប្រសាសន៍​ថា នេះ​គ្រាន់​តែ​ជា​នីតិវិធី​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ទទួល​យក​ថវិកា​វិញ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​នៅ​តែ​យល់​ថា ការ​លុបចោល​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ម៉ូតូ​គឺ​ជា​បញ្ហា​ខ្ទាស់​ដល់​វិធានការ​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ លោក អ៊ា ចរិយា បញ្ជាក់​ថា ការ​ខាតបង់​ពី​ការ​លុប​កុំ​ឲ្យ​មាន​ប័ណ្ណ​បើកបរ​គឺ​ជា​ការ​ខាតបង់​នូវ​យន្តការ​មួយ​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​គ្រា​ដែល​អ្នក​បង្ក អ្នក​ស្លាប់ និង​អ្នក​របួស ជាង​៧០​ភាគរយ​គឺ​ជា​អ្នក​បើកបរ​ម៉ូតូ«អ្នក​បើកបរ​ម៉ូតូ​ហ្នឹង​ខ្ទង់​៩០​ % គឺ​ជា​អ្នក​បើកបរ​ម៉ូតូ​តូច​ក្រោម​កម្លាំង​១២៥​ CC ។ មាន​ន័យ​ថា នៅ​លើ​ដង​ផ្លូវ​យើង​សព្វថ្ងៃ​គឺ សឹង​តែ​៨០​ទៅ​៨៥​ % ហើយ​គឺ​ជា​អ្នក​ប្រើប្រាស់​ម៉ូតូ ហើយ​ចំនួន​យានយន្ត​ដែល​ចុះ​បញ្ជី​ម៉ូតូ​នោះ​គឺ​មាន ៨៥​ %​ ក្នុង​ប្រទេស​កម្ពុជា​យើង។ បើ​យើង​ធ្វើ​ឲ្យ​បាត់​យន្តការ​ទប់ស្កាត់​ពួកគាត់​ដែល​ជា អ្នក​ដែល​រងគ្រោះ​ច្រើន​ជាង​គេ​នោះ​យើង​ពិបាក​ក្នុង​ការ​ទប់ស្កាត់​កាត់​បន្ថយ​អ្នក​ស្លាប់ អ្នក​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​យើង​ដែល​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ»

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រសួង​មហា​ផ្ទៃ​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥​មាន​ចំនួន​ជាង​៤​ពាន់ ៥​រយ​លើក( ៤,៥៩៥ ) បណ្ដាល​អោយ​មនុស្ស​ស្លាប់​ជាង​២​ពាន់​នាក់ (២,២៦៥) កើន​ឡើង​៥​ភាគរយ បើ​ធៀប​និង​ឆ្នាំ​២០១៤។

មន្ត្រី​ដដែល​បន្ត​ថា ប្រជាពលរដ្ឋ​ជាង​៧០​ភាគរយ ពុំ​ទាន់​យល់​ដឹង​ពី​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ត្រូវ​មាន​យន្តការ​អប់រំ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ និង​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​បើកបរ​គ្រប់រូប​មាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​នៅ​ថ្នាក់​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​ការ​របួស​និង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

ទោះ​យ៉ាង​ណា ការ​អំពាវ​នាវ​របស់​ក្រសួង​ពាក់ព័ន្ធ​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​បំពេញ​នីតិវិធី​ដើម្បី​យក​ថវិកា​ធ្វើ​ប័ណ្ណ​បើកបរ​វិញ​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​តាម ហ្វេសបុក (Facebook) ថា អ្នក​ប្រើប្រាស់​ម៉ូតូ​ដែល​មាន​កម្លាំង​ក្រោម​១២៥ ចុះ​ក្រោម មិន​ចាំបាច់​មាន​ប័ណ្ណ​បើកបរ​ទៀត​នោះ​ទេ ធ្វើ​នេះ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។