លោក ហ៊ុន សែន ថ្កោលទោស​ក្រុម​ឧទ្ទាម​ឥស្លាម​សម្លាប់​អ្នក​កាសែត​អាមេរិក​ម្នាក់

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​ក្រុម​ឥស្លាម នៃ​អ៊ីរ៉ាក់ និង​ស៊ីរី ដែល​ហៅ​ថា អាយស៊ីស (ISIS = Islamic State of Iraq and Syria) ដែល​បាន​សម្លាប់​អ្នក​កាសែត​សហរដ្ឋ​អាមេរិក ម្នាក់​ឈ្មោះ ជេម ហ្វូលី (James Foley) កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​មេ​ដឹក​នាំ​នៅ​ទូទាំង​ពិភពលោក ត្រូវ​ចូលរួម​ថ្កោលទោស​ចំពោះ​ឃាតកម្ម​នេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ។ ព្រម​គ្នា​នេះ លោក ហ៊ុន សែន ក៏​សម្ដែង​ការ​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​អ្នក​កាសែត​អាមេរិក​រូប​នេះ។

លោក ហ៊ុន សែន៖ «បើក​ទូរទស្សន៍​ស៊ី.អ៊ិន.អ៊ិន (CNN) វា​ចេញ​រឿង​កាត់​ក​អ្នក​កាសែត​នៅ​ប្រទេស​អ៊ីរ៉ាក់។ នេះ​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ណាស់។ ខ្ញុំ​សូម​យក​ឱកាស​នេះ​ចូលរួម​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ចូលរួម​ជាមួយ​ប្រជាជន​អាមេរិក ក៏​ដូច​ជា​ចូលរួម​ជាមួយ​ប្រជាជន ដែល​ស្នេហា​សន្តិភាព​នៅ​លើ​ពិភពលោក​ទាំងអស់ ថ្កោលទោស​ចំពោះ​អំពើ​ឃោរឃៅ​របស់​ពួក​អាយស៊ីស និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ លោក ជេម ហ្វូលី។ អំពើ​នេះ​ជា​ព្រៃផ្សៃ​ពេក»

លោក ជេម ហ្វូលី អ្នក​កាសែត​អាមេរិក ត្រូវ​ក្រុម​ឧទ្ទាម​ឥស្លាម ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី កាល​ពី​ឆ្នាំ​២០១២។ ហើយ​ទើប​ត្រូវ​ក្រុម​ឧទ្ទាម​ឥស្លាម​និយម​អាយស៊ីស បង្ហាញ​វីដេអូ​ឃ្លីប​កាត់​ក្បាល​នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម កាល​ពី​ថ្ងៃ​ពុធ ទី​២០ ខែ​សីហា ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។