ឧបាសក ហ៊ុន នាង កើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩២៣ នៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅទសវត្សឆ្នាំ១៩៤០ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកយាយ ឌី ប៉ុក ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៨ ក្នុងជន្មាយុ ៧៩ឆ្នាំ។
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១១ មហាឧបាសក ហ៊ុន នាង ត្រូវបានព្រះករុណាព្រះបាទ បរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានគោរមងារជាអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី។ ឧបាសក ហ៊ុន នាង បានធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលជិត ១ឆ្នាំមកហើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងជាសាធារណៈពីស្ថានភាពជំងឺរបស់ឪពុកលោក។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រាប់វិទ្យុអាស៊ីសេរី ឱ្យដឹងថា ចំពោះកម្មវិធីបុណ្យ លោកមិនបានដឹងច្បាស់នោះទេ ពីព្រោះវាជារឿងរបស់គ្រួសារសព ក៏ប៉ុន្តែលោកសង្ឃឹមថា ដើម្បីជាការបង្ហាញពីសាមគ្គីភាពគ្នា លោកជឿថានឹងមានវត្តមានរបស់ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមនៅក្នុងពិធីបុណ្យសពនោះដែរ៖ «...អើ! នេះអើជាពិធីមួយ ខ្ញុំអត់ដឹងទេ ជាពិធីមួយរបស់គ្រួសារសម្ដេចតេជោ ដែលយើងសង្ឃឹមថា ការចូលរួមដែលជាការពង្រឹងសាមគ្គីភាពគ្នា ខ្ញុំជឿថា វត្តមានរបស់ឯកឧត្តម សម រង្ស៊ី ច្បាស់ជាចូលរួមនៅការចូលរួមមរណទុក្ខរបស់សម្ដេចនៅក្នុងពេលនេះដែរបាទ!»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។