រដ្ឋាភិបាលគ្រោងនឹងរៀបចំដំឡើងប្រាក់ខែឲ្យគ្រូបង្រៀនបន្ថែមទៀត ដោយចាប់ផ្ដើមនៅខែក្រោយនេះ។ ក៏ប៉ុន្តែ ចំពោះមន្ត្រី និងគ្រូបង្រៀនដែលមានប្រាក់ខែចាប់ពី ១លានរៀលឡើងទៅ មិនត្រូវបានដំឡើងឲ្យទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដំឡើងប្រាក់ខែគ្រូបង្រៀនបន្ថែមទៀត ដែលនឹងចាប់ផ្ដើមជាដំណាក់កាលៗចាប់ពីខែកញ្ញា ឆ្នាំ២០១៤ រហូតដល់ខែមេសា ឆ្នាំ២០១៥ រួមទាំងកាត់បន្ថយចំនួនប្រភេទក្របខ័ណ្ឌ ដែលកំណត់បែងចែកប្រាក់ខែគ្រូបង្រៀនឲ្យចុះមកកម្រិតតិចវិញ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ ថ្ងៃទី២១ សីហា លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសថា ការកាត់បន្ថយក្របខ័ណ្ឌគ្រូនេះ គឺដើម្បីជួយសម្រួលការងារគ្រូបង្រៀនផង និងកែទម្រង់ប្រព័ន្ធអប់រំឲ្យបានប្រសើរជាងមុនផង៖ «អ៊ីចឹង ដើម្បីឲ្យមនុស្សធ្វើការ ទម្រាំឆ្លងកាត់មួយក្របខ័ណ្ឌ "គ" នេះ ត្រូវធ្វើការ ៦០ឆ្នាំ អ៊ីចឹង ៦០ឆ្នាំ មនុស្សខ្លះងាប់បាត់ហើយ ២៥ឆ្នាំបានចូលធ្វើការ។ ធ្វើ ៦០ឆ្នាំអត់បាន "គ" មួយផង។ អ៊ីចឹងកាត់វាក្រវាត់ចោលទៅ ទុកតែ ១០កាំទេ។ ដល់ទៅ "ខ" ៣០ថ្នាក់ កាត់ពី ៣០ថ្នាក់ទុក ១៤កាំ ព្រោះ "ខ" ប្រាក់ខែខ្ពស់។ អា "ក" កាត់ពី ៣០កាំ ទុកនៅត្រឹម ១៤ថ្នាក់ ព្រោះអាហ្នឹងប្រាក់ខែខ្ពស់ ប្រាក់ខែដែលទាបឲ្យឡើងបានរហ័សបន្តិច គឺថ្នាក់ "គ"។ អាហ្នឹងជាកំណែទម្រង់ថ្មី»។
តាមគោលការណ៍របស់ក្រសួងអប់រំ កន្លងមក ក្របខ័ណ្ឌគ្រូបង្រៀនត្រូវបានចែកជា ៤កម្រិតខុសគ្នា គឺក្របខ័ណ្ឌ ក ខ គ និង ឃ ហើយក្នុងក្របខ័ណ្ឌនីមួយៗចែកចេញជា ៣០ថ្នាក់។
ចំណែកការដំឡើងប្រាក់ខែគ្រូវិញ លោកនាយករដ្ឋមន្ត្រីបានប្រកាសថា បុគ្គលិកដែលមិនមែនជាគ្រូបង្រៀនស្ថិតក្នុងកម្រិតទាប នឹងត្រូវដំឡើងប្រាក់ខែពីជាង ៤២ម៉ឺន ដល់ជាង ៥៥ម៉ឺនរៀល។ ចំពោះគ្រូបង្រៀនកម្រិតបឋមសិក្សា ត្រូវដំឡើងប្រាក់ខែពីថ្នាក់ទាបបំផុត ចាប់ពីជាង ៤៨ម៉ឺនឡើងទៅដល់ជិត ៧០ម៉ឺនរៀល។ ចំណែកគ្រូកម្រិតមធ្យមសិក្សាបឋមភូមិ ដែលសព្វថ្ងៃទទួលប្រាក់ខែតិចបំផុតជិត ៥២ម៉ឺនរៀលនោះ នឹងត្រូវដំឡើងដល់ជិត ៦៤ម៉ឺនរៀល។ រីឯគ្រូឧត្ដមសិក្សា ដែលសព្វថ្ងៃមានប្រាក់ខែចាប់ពីជិត ៧៣ម៉ឺនរៀល នឹងត្រូវឡើងដល់ ៨៨ម៉ឺនរៀល។ ក៏ប៉ុន្តែ ចំពោះគ្រូ ឬមន្ត្រីដែលមានប្រាក់ខែចាប់ពី ១លានរៀលឡើងទៅ មិនត្រូវបានដំឡើងប្រាក់ខែឲ្យទេ ដោយលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ត្រូវរង់ចាំអ្នកមានប្រាក់ខែតិច ឡើងជិតដល់កម្រិតអ្នកមានប្រាក់ខែច្រើនសិន ទើបដំឡើងឲ្យនៅពេលក្រោយ។
លោក ហ៊ុន សែន ប្រកាសថា ការដំឡើងប្រាក់ខែនេះ ធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេល ៤ខែ គឺចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០១៤។ ដំណាក់កាលទី២ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៥។
ទាក់ទងការដំឡើងប្រាក់ខែនេះ ត្រូវបានសមាគមគ្រូបង្រៀនអបអរផង និងអន់ចិត្តផង។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ដែលអបអរការដំឡើងប្រាក់ខែនេះ ថាការដំឡើងប្រាក់ខែនេះតិចពេក ធ្វើឲ្យជីវភាពគ្រូបង្រៀននៅតែវេទនាដដែល បើសិនជារដ្ឋាភិបាលអាចដំឡើងដល់ ១លានរៀល ទើបអាចទប់ទល់នឹងទំនិញទីផ្សារដែលចេះតែឡើងថ្លៃដូចសព្វថ្ងៃនេះបាន៖ «ការដំឡើងប៉ុណ្ណឹង ទីផ្សារនឹងអាចឡើងខ្ពស់ជាងហ្នឹង បើសិនជាលោកនាយករដ្ឋមន្ត្រីមិនបានគិតអំពីតម្លៃទំនិញនៅលើទីផ្សារ។ អ៊ីចឹង យើងចង់ឲ្យធ្វើម៉េចទន្ទឹមនឹងការដំឡើងហ្នឹង ត្រូវមានវិធានការទប់ស្កាត់រាល់តម្លៃទំនិញនៅលើទីផ្សារ កុំឲ្យហក់ឡើងតាមប្រាក់ខែមន្ត្រីរាជការគ្រូបង្រៀន»។
លោកនាយករដ្ឋមន្ត្រីបានប្រកាសថា ចំនួនបុគ្គលិក និងគ្រូបង្រៀនមានជាង ១១ម៉ឺននាក់ ស្មើចំនួន ៦០% ប្រៀបធៀបចំនួនមន្ត្រីរាជការសរុបទូទាំងប្រទេសដែលមានចំនួន ១៨ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
