អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយយល់ឃើញថា ការអំពាវនាវឲ្យមានជើងហោះហើរពីបណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួនមកកម្ពុជា គឺជារឿងដែលពុំមែនជាការងាយឡើយ។ ការយល់ឃើញរបស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងស្របពេលដែលប្រមុខរដ្ឋាភិបាលប្រកាសអំពាវនាវឲ្យប្រទេសដៃគូមួយចំនួនបណ្ដាក់ទុនបង្កើតជើងហោះហើរដោយត្រង់ពីប្រទេសទាំងនោះមកកម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសជាថ្មីទៀតថា នៅខែកក្កដា ខាងមុខនេះ នឹងមានជើងហោះហើរថ្មីមួយទៀត ដោយត្រង់ពីប្រទេសជប៉ុន មកកម្ពុជា ដែលនេះជាកិច្ចព្រមព្រៀងដើម្បីបង្កើនទំនាក់ទំនងបោះទុនលើវិស័យអាកាសចរណ៍ស៊ីវិល ដ៏ឆាប់ខាងមុខនេះ។
ការថ្លែងដូចនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពេលដែលលោកចូលរួមប្រកាសបើកពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៤ មេសា។ លោក ហ៊ុន សែន ថ្លែងថា លោកចង់ឃើញការវិនិយោគផ្នែកជើងហោះហើរ ឲ្យបានច្រើនជាងនេះបន្ថែមទៀត ក្រៅពីអ្វីដែលកម្ពុជា កំពុងតែមាន។ ក្នុងពិធីនៃការបើកអង្គរសង្ក្រាន្ត ហើយក៏ចំថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីដ៏ធំមួយនេះដែរ លោក ហ៊ុន សែន ទទូចឲ្យរដ្ឋាភិបាលជប៉ុន គួរបណ្ដាក់ទុនឲ្យឆាប់លើវិស័យអាកាសចរណ៍ស៊ីវិលនេះនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រីថែមទាំងបានថ្លែងទៀតថា ប្រទេសជប៉ុន ហាក់នៅអល់អែក ខណៈដែលប្រទេសចិន ជាពិសេសប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនតិចជាងប្រទេសជប៉ុន ផងនោះ គេមានជើងហោះហើរដោយផ្ទាល់ពីកម្ពុជា ទៅហើយ៖ «ខ្ញុំថាសូមឲ្យជប៉ុន ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងលើការហោះហើរត្រង់នេះ ឲ្យបាននៅខែ ៧នេះ ហើយជំរុញឲ្យអាកាសចរណ៍ជប៉ុន ឲ្យហោះ។ ឯកឧត្ដមអគ្គរដ្ឋទូត អគ្គរដ្ឋទូតជប៉ុន មិនគួរឲ្យចាញ់កូរ៉េខាងត្បូងទេ។ ឯកឧត្ដមមានជាង ១០០-១៣០លាននាក់ ហើយអត់មានជើងហោះសោះ។ ឯកូរ៉េខាងត្បូងមានតែ ៤០លាននាក់ ហោះ ១០ហ្លាយ (flight) មួយថ្ងៃ»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមបានភ្លាមៗទេ ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី១៤ មេសា។
បើទោះជាបែបណា លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ យល់ឃើញថា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរទៅបាន លុះត្រាតែកម្ពុជា ខ្លួនឯងផ្ទាល់ រៀបចំប្រព័ន្ធនៃជើងហោះហើរក្នុងស្រុកឲ្យបានរៀបរយជាមុនសិន ទើបជាមធ្យោបាយដ៏ល្អ។ លោកចាត់ទុកថា ជើងហោះហើរក្នុងស្រុក គឺនៅមិនទាន់បំពេញតម្រូវការជាស្តង់ដារពិតប្រាកដនៅឡើយទេ។ ក្រៅពីនេះ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា ជាពិសេសចំណូលដែលបានពីវិស័យទេសចរណ៍នេះ គឺបែងចែកពុំមានតម្លាភាព និងត្រូវបានក្រុមហ៊ុនបរទេសខ្លះប្រមូលប្រាក់ត្រឡប់ទៅវិញជាដើមថែមទៀតផង៖ «ខ្ញុំយល់ឃើញថា នៅបានតិចតួច ពីព្រោះមួយភាគធំបានទៅក្រុមហ៊ុនបរទេសទៅវិញហើយ មួយផ្នែកទៀតទេសចរណ៍ដែលមកភាគច្រើនហាក់ដូចជាដឹកជញ្ជូនទៅបរិភោគនៅអាហារដ្ឋានរបស់គេ។ បន្ទាប់មកទៀតទិញរបស់របរអនុស្សាវរីយក៏ជារបស់គេទៀត»។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា សេវាកម្មវិស័យទេសចរណ៍នៅតែជារឿងស្មុគស្មាញ។លោកយល់ឃើញថា ជាញឹកញយភ្ញៀវទេសចរតែងជួបប្រទះបញ្ហាតម្លៃទំនិញឡើងថ្លៃ និងការធ្វើដំណើរដោយមិនមានភាពស្មោះត្រង់នៅកម្ពុជា៖ «អ្វីជាឧបសគ្គនៅឡើយ ពេលខ្លះការធ្វើដំណើរសម្រាប់ទេសចរណ៍ហ្នឹង។ ភ្ញៀវទេសចរក្លាយជាចំណាប់ខ្មាំងនៃអ្នករកស៊ីដែលខ្វះសីលធម៌ទៅវិញ តាមរយៈការដំឡើងថ្លៃស្នាក់នៅដំឡើងថ្លៃទំនិញ»។
គេហទំព័រក្រសួងទេសចរណ៍បានឲ្យដឹងថា ខេត្តសៀមរាបមួយ ក្នុងមួយថ្ងៃអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណពី ៧ពាន់ ទៅ ១ម៉ឺននាក់។ ក្រៅពីនេះ មានការធ្វើស្ថិតិឲ្យដឹងថា មានភ្ញៀវក្នុងស្រុកប្រមាណ ២លាននាក់មកលេង ហើយក្រៅពីនេះ មានភ្ញៀវអន្តរជាតិមកទស្សនាជារៀងរាល់ឆ្នាំប្រមាណ ២លាននាក់ដែរ។
យ៉ាងណាកាលពីខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ មានការខ្វែងគំនិតម្ដងជាពីរចងរួចហើយ រវាងលោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងអាជ្ញាធរអប្សរា អំពីរឿងប្រាក់ចំណូលដែលប្រមូលបានពីវិស័យទេសចរណ៍នេះ។ កាលណោះ លោក សុន ឆ័យ ចោទប្រកាន់ថា រដ្ឋបានធ្វើឲ្យបាត់ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ប្រមាណ ១៥០លានដុល្លារក្នុងមួយឆ្នាំៗ ពីការចូលទស្សនាអង្គរវត្តនេះ។ ក៏ប៉ុន្តែ ជុំវិញរឿងរ៉ាវនេះ ត្រូវបានអាជ្ញាធរអប្សរាប្រតិកម្ម និងច្រានចោលជាច្រើនលើកច្រើនសាថា វាពុំមែនជាការពិតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
