សង្គម​ស៊ីវិល​រិះគន់​ការ​ប្រកាស​ដំឡើង​ប្រាក់​ខែ​ភរិយា​និង​មន្ត្រី​រាជការ​ថា​ជា​រឿង​នយោបាយ

0:00 / 0:00

ក្រុម​អ្នក​តាម​ដាន​សង្គម​រិះគន់​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​សន្យា​ថា នឹង​ដំឡើង​ប្រាក់​ខែ​បន្ថែម​ទៀត​ឲ្យ​ប្រពន្ធ និង​កូន​របស់​មន្ត្រី​រាជការ ព្រម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ។ លោក​នាយករដ្ឋមន្ត្រី​បាន​ប្ដេជ្ញា​ថា ការ​ដំឡើង​ប្រាប់​ខែ​ទៅ​​ឲ្យ​ប្រពន្ធ និង​កូន​មន្ត្រី​រាជការ​នេះ រដ្ឋាភិបាល​សន្យា​ថា បើ​មិន​អាច​ដំណើរ​ការ​បាន​ក្នុង​ឆ្នាំ២០១៦ នេះ​ទេ នៅ​ឆ្នាំ​២០១៧ ខាង​មុខ នឹង​ត្រូវ​អនុវត្ត​ឲ្យ​បាន។

ថ្វី​បើ​លោក​ ហ៊ុន សែន បាន​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ផ្ដល់​ប្រាក់​ខែ​សម្រាប់​ប្រពន្ធ និង​កូន​របស់​កងកម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​មន្ត្រីរាជការ​ផង បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​តាម​បែប​ចាប់​ច្រវា​សម្លឹង​ត្រើយ ក្នុង​ហេតុ​ផល​ដើម្បី​ចំណេញ​នយោបាយ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ កាន់​តែ​ខិត​ជិត​មក​ដល់។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ហៅ​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ថ្មី​របស់​លោក ហ៊ុន សែន នេះ​ថា មិន​ខុស​ពី​អនុវត្ត​គោលនយោបាយ​តាម​បែប​ដំណើរ​គីង្គក់​នោះ​ឡើយ។

លោក​បន្ត​ថា អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​សេចក្ដី​សម្រេច​នៅ​ពេល​នេះ ដែល​សន្យា​ថា នឹង​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​ប្រាក់​ខែ​សម្រាប់​ប្រពន្ធ និង​កូន​មន្ត្រី​រាជការ រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ទៀត​​នោះ វា​គឺ​ជា​យុទ្ធសាស្ត្រ​នយោបាយ​សុទ្ធសាធ៖ «ជា​ផែនការ​សម្រាប់​២០១៧ ហ្នឹង កុំ​វា​ក្លាយ​ជា​របៀបវារៈ​មួយ​សម្រាប់​ឆ្នាំ​២០១៨​ទៀត។ អ៊ីចឹង​បើ​គិត​ថា ឡើង​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​មន្ត្រី​រាជការ​ហ្នឹង គួរ​ធ្វើ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ​២០១៧ ហ្នឹង​ទៅ។ វា​ប្រសើរ​ជា​ជាង​ដើម​ឆ្នាំ​២០១៨»

ទាក់ទិន​ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ លោក ហ៊ុន សែន នៅ​ពុំ​ទាន់​អាច​បញ្ជាក់​អំពី​ទំហំ​ទឹក​ប្រាក់​ក្នុង​ការ​ដំឡើង​កាំ​ប្រាក់​បន្ថែម​លើ​ប្រាក់​ខែ​មន្ត្រី​រាជការ និង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ស្រាប់​ចំនួន​ប៉ុន្មាន​ទៀត​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ត្រូវ​រង់ចាំ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​មុខ​ងារ​សាធារណៈ​ឲ្យ​បាន​ល្អិតល្អន់​បន្ថែម​ទៀត​សិន។ក្រៅ​ពី​នេះ លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ចំពោះ​ប្រាក់​ខែ​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​វិញ អាច​នឹង​ឡើង​បាន​ខ្ពស់​​នៅ​ក្នុង​ខែ​មេសា ខាង​មុខ​នេះ​ហើយ​ដែរ។

លោក សន ជ័យ បន្ថែម​ទៀត​ថា តាម​ពិត​រដ្ឋាភិបាល​តាមរយៈ​រដ្ឋសភា​បាន​អនុវត្ត​​ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ សម្រាប់​ឆ្នាំ​២០១៦ រួច​ហើយ។ ហេតុ​នេះ មិន​ចាំ​បាច់​អ្វី​ដែល​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ខែ​ដល់​ប្រពន្ធ កូន​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ជាន់​ទៀត​នោះ​ទេ។ ម្យ៉ាង​លោក ហ៊ុន សែន គួរ​បូក​រួម​ឲ្យ​ហើយ​ស្រេច​ក្នុង​កញ្ចប់​ថវិកា​ជាតិ​តែម្ដង គឺ​ចប់​បញ្ហា​ទៅ​ហើយ បើ​សិន​មាន​ចេតនា​គិតគូរ​ក្នុង​ការ​ដំឡើង​ប្រាក់ខែ​ដូច្នេះ​មែន។

ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៦ ត្រូវ​បាន​រដ្ឋសភា​អនុវត្ត​ក្នុង​ការ​ចំណាយ​ប្រចាំ​ឆ្នាំ​ប្រមាណ​ជាង ១៧​លាន​លាន​រៀល ឬ​ស្មើ​ប្រមាណ​ជាង ៤.២០០​លាន​ដុល្លារ​អាមេរិក ដែល​បែងចែក​ទៅ​តាម​ស្ថាប័ន​នីមួយៗ។

ការ​ថ្លែង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ចូលរួម​ទិវា​សិទ្ធិ​សិទ្ធិ​នារី​អន្តរជាតិ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៨ ខែ​មីនា។ លោក​នាយករដ្ឋមន្ត្រី​បាន​សន្យា​ថា ការ​ដំឡើង​ប្រាក់​ខែ​នេះ យ៉ាង​យូរ​នឹង​ចេញ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ។

លោក ហ៊ុន សែន បន្ត​ថា៖ «ដោយសារ​ឆ្នាំ​នេះ​យើង​បាន​ខិតខំ​បង្កើន​ហើយ​យើង​វិភាគ​ថវិកា​រួច​ស្រេច​ទៅ​ហើយ។ ក៏​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា យ៉ាង​ណា​ក៏ដោយ បើ​ទោះ​បី​ជា​មិន​អាច​បង្កើត​បាន​ដំឡើង​ជា​បៀវត្ស​បាន​សម្រាប់​ភរិយា​របស់​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​កូន​ក៏​អាច​មាន​ចំណែក​ខ្លះ​នៅ​ក្នុង​ពេល​ភ្ជុំ​ជាដើម ដើម្បី​ជា​កា​ដូរ​សម្រាប់​ភរិយា​របស់​ស្ត្រី និង​កូន​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​យើង»

បៀវត្ស​មន្ត្រី​រាជការ​ដែល​ជា​មន្ត្រី​ជាប់​កិច្ចសន្យា ក្រុមប្រឹក្សា រាជធានី ខណ្ឌ ក្នុង​នោះ ចៅ​សង្កាត់ ៧៥​ម៉ឺន​រៀល។ ចៅ​សង្កាត់​រង ៥៥​ម៉ឺន​រៀល និង​ក្រុម​ប្រឹក្សា​ចំនួន ៤៨​ម៉ឺន​រៀល។ដោយ​ឡែក​សម្រាប់​មន្ត្រី​នគរបាល និង​គ្រូបង្រៀន កង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ទៀត ប្រាក់​ខែ​ជា​មធ្យម បូក​រួម​ទាំង​ប្រាក់​បំណាច​មួយ​ចំនួន​ផង ក្នុង​មួយ​ខែ​ប្រមាណ ៨០​ម៉ឺន​នាក់។ ទន្ទឹម​នឹង​នោះ ចំពោះ​កូន និង​ប្រពន្ធ​របស់​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ទទួល​បាន​ប្រាក់​បំណាច់​ប្រចាំ​ខែ​ចន្លោះ​ពី ៥ ទៅ ៦​ពាន់​រៀល ក្នុង​មួយ​ខែ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ថា អ្វី​ដែល​រដ្ឋាភិបាល​ព្យាយាម​កែទម្រង់​នៅ​ពេល​នេះ គឺ​ជា​លទ្ធផល​ពី​ការ​តស៊ូ​មតិ​របស់​អ្នក​ប្រជាធិបតេយ្យ ជាពិសេស​ឥទ្ធិពល​របស់​បក្ស​ប្រឆាំង៖ «ឆន្ទៈ​ប្រជាពលរដ្ឋ​ក្រោយ​ឆ្នាំ​២០១៣ បាន​បង្ខំ​ឲ្យ​គណបក្ស​កាន់​អំណាច​ដែល​ពី​មុន​នេះ ធ្វើ​ព្រងើយកន្តើយ​ទៅ​លើ​បញ្ហា​ជាតិ​សំខាន់ៗ បែរ​មក​ធ្វើ​ការ​កែទម្រង់​ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ។ នេះ​ក៏​ជា​ជោគជ័យ​របស់​អ្នក​ប្រជាធិបតេយ្យ នៃ​ការ​តស៊ូ​របស់​យើង​ផង​ដែរ»

ដោយ​ឡែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ធ្លាប់​ចំអក​ឲ្យ​បក្ស​ប្រឆាំង​ថា នេះ​ការ​ឆ្លៀត​កេង​ចំណេញ​នយោបាយ ដោយ​ព្យាយាម​យក​សមិទ្ធផល​រាល់​សេចក្ដី​សម្រេច​នានា​របស់​រដ្ឋាភិបាល ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ភូត​កុហក​ពលរដ្ឋ​នៅ​តាម​វេទិកា​សាធារណៈ​ថា ជា​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង ទើប​រដ្ឋាភិបាល​កែទម្រង់​ដូច្នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក មាស នី យល់​ឃើញ​ថា លោក​កម្រ​ឃើញ​រដ្ឋាភិបាល​មាន​គោលការណ៍​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ ឬ​គិតគូរ​ឲ្យ​បាន​ស៊ី​ជម្រៅ​ណាស់ លុះ​ត្រា​មាន​ការ​រិះគន់​ពី​បក្ស​នយោបាយ​ផ្សេង ឬ​មាន​សម្ពាធ​អ្វី​មួយ ទើប​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​សម្រេច​ភ្លាម​ដែរ។

លោក មាស នី៖ «សេចក្ដី​ប្រកាស​ហ្នឹង​ធ្វើ​ឡើង​នៅ​មុន​ពេល​បោះឆ្នោត ឬ​មាន​សម្ពាធ​ពី​គណបក្ស​ប្រឆាំង ដែល​គណបក្ស​ប្រឆាំង​ប្រកាស​នឹង​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រីរាជការ​ប៉ុណ្ណេះៗ ហើយ​គណបក្ស​អះអាង​ថា គេ​នឹង​អាច​រក​លុយ​បាន និង​អាច​រក​គ្រប់។ ដល់​អ៊ីចឹង​ទៅ រដ្ឋាភិបាល​ក៏​ចាប់​ប្រកាស​ដំឡើង​ប្រាក់​ខែ​ទៅ​តាម​ហ្នឹង​ដែរ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​អះអាង​ថា រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ បាន​ច្រើន​ជាង​បច្ចុប្បន្ន បើ​សិន​រដ្ឋាភិបាល​ចេះ​គ្រប់គ្រង និង​ប្រមូល​ពន្ធ​ដោយ​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។