មន្ត្រីគណបក្សប្រឆាំង និងពលរដ្ឋនៅឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចោទអាជ្ញាធរភូមិ-ឃុំ ថាមិនបានផ្សព្វផ្សាយឲ្យពលរដ្ឋក្នុងមូលដ្ឋាន ឲ្យដឹងរឿងសមត្ថកិច្ចចុះធ្វើអត្តសញ្ញាណប័ណ្ណ ហើយប្រាប់តែពលរដ្ឋណាដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាច។ ប៉ុន្តែអាជ្ញាធរ បដិសេធចំពោះការចោទប្រកាន់ ហើយបញ្ជាក់ថា ពលរដ្ឋមានឱកាសធ្វើពេលក្រោយទៀត។
ជំទប់ទី២ ឃុំពាមឆ្កោក ស្រុកជលគីរី កូតាពីគណបក្សប្រឆាំង លោក កុយ គឹង ឲ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ថា អាជ្ញាធរភូមិចំនួន៤ នៃឃុំពាមឆ្កោក មានការរើសអើងចំពោះពលរដ្ឋដែលមាននិន្នាការផ្ទុយពីគណបក្សប្រជាជនកម្ពុជា។ លោកបារម្ភថា ទង្វើរបស់អាជ្ញាធរមូលដ្ឋាននេះ អាចនឹងធ្វើឲ្យពលរដ្ឋខ្មែរមានអាយុចាប់ពី ១៨ឆ្នាំឡើង មិនអាចទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ បាន។
លោក កុយ គឹង មានប្រសាសន៍ថា មានពលរដ្ឋជាច្រើនក្នុងភូមិនីមួយៗ បានត្អូញត្អែរពីបញ្ហានេះ រួចប្រាប់ឲ្យលោកជួយ ប៉ុន្តែចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈ ដែលប៉ូលិសចុះធ្វើអត្តសញ្ញាណប័ណ្ណមក លោកបានត្រឹមតែប្រាប់ពីទីតាំង និងរបៀបធ្វើប៉ុណ្ណោះ ក្រៅពីជួយជំរុញអាជ្ញាធរឲ្យមានការយកចិត្តទុកដាក់លើបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ នៅពេលមានកិច្ចប្រជុំក្រុមប្រឹក្សាឃុំម្ដងៗ៖ « ពឹងលើមេភូមិប្រាប់ចន្លោះៗ ដូចជារើសអើង អានេះបក្សអញ អានេះបក្សគេ អានេះបងប្អូនអញ អានេះមិនមែនបងប្អូនអញអ៊ីចឹងទៅ។ ធ្វើឲ្យប្រជាពលរដ្ឋត្អូញត្អែរ »។
ពលរដ្ឋម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ថារូបគាត់ និងអ្នកភូមិជាច្រើននាក់ទៀត បានដឹងស្រពេចស្រពិលរឿងធ្វើអត្តសញ្ញាណប័ណ្ណ ដោយសារឃើញមេភូមិដើរប្រាប់តែគ្រួសារណាដែលជាបក្ខពួករបស់ខ្លួន។ លោកស្រីថា ដំណឹងស្ដីពីការធ្វើអត្តសញ្ញាណប័ណ្ណមានការលាក់លៀម ប៉ុន្តែដំណឹងស្ដីពីការប្រជុំបក្សនយោបាយ ឬរៃអង្គាសលុយពីពលរដ្ឋវិញ ផ្សាយតាមមេក្រូម្ដងហើយម្ដងទៀត ថ្លង់រកពេលសម្រាកស្ទើរមិនបាន៖ « នាងខ្ញុំជាប្រជាពលរដ្ឋម្នាក់ សំណូមពរឲ្យរាជរដ្ឋាភិបាល ចាត់ចែងរឿងធ្វើអត្តសញ្ញាណប័ណ្ណហ្នឹងឲ្យបានត្រឹមត្រូវ។ ខ្ញុំមិនកាន់ជើងខាងគណបក្សណា ឬគណបក្សណានោះទេ ប៉ុន្តែខ្ញុំជាប្រជាពលរដ្ឋ មើលទៅខុសឆ្គាំឆ្គងច្រើនណាស់ »។
ឆ្លើយតបនឹងការរិះគន់ និងចោទប្រកាន់នេះ មេឃុំពាមឆ្កោក គឺលោក កែ ម៉េត ថាការងារផ្សព្វផ្សាយជូនពលរដ្ឋមិនថាតែរឿងធ្វើអត្តសញ្ញាណប័ណ្ណទេ គឺមានការផ្សព្វផ្សាយរួមគ្នារវាងអាជ្ញាធរភូមិ និងឃុំ ដែលក្នុងនោះក៏មានមន្ត្រីគណបក្សប្រឆាំងដែរ។ លោកថា ការផ្សព្វផ្សាយមានលក្ខណៈបើកចំហជូនពលរដ្ឋគ្រប់រូប ហើយការចុះធ្វើអត្តសញ្ញាណប័ណ្ណនេះ នឹងធ្វើច្រើនដងលើសផែនការដែលបានកំណត់ថា ក្នុងមួយឃុំនឹងចំណាយពេលមួយសប្ដាហ៍ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ៖ « ខ្ញុំមិនអាចទទួលយកបាន ( ការចោទប្រកាន់ ) ព្រោះគណបក្សប្រឆាំងក៏ជាមន្ត្រីរបស់ឃុំ ហើយយើងបានចលនាទាំងអស់គ្នា ដើម្បីប៉ូលិសចុះធ្វើការងារ។ ខាងប៉ូលិសក៏មិនធ្វើម្ដងចប់ទេ គឺចុះបន្តបន្ទាប់ក្នុងករណីណា ( ករណីនៅភូមិណានៅសល់មនុស្សធ្វើ ) ចុះមកធ្វើទៀត »។
លោក កែ ម៉េត មិនបារម្ភខ្លាំងចំពោះពលរដ្ឋដែលអាក់ខានមិនបានធ្វើអត្តសញ្ញាណប័ណ្ណនៅពេលនេះទេ ពីព្រោះពួកគាត់អាចធ្វើនៅពេលបន្តបន្ទាប់ទៀតបាន ប៉ុន្តែពលរដ្ឋក្នុងឃុំរបស់លោកជាង ៣០០នាក់ ដែលចំណាកស្រុកមិនបានទទួលដំណឹងពីក្រុមគ្រួសារ ហើយពួកគេក៏មិនមានពេលវេលាទៀងទាត់ ថានឹងត្រឡប់មកស្រុកកំណើតវិញនៅពេលណាដែរ។ លោកបន្ថែមថា ដ្បិតលោកមិនអាចគណនាពីចំនួនពលរដ្ឋគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណនៅទូទាំងឃុំ ប៉ុន្តែលោកថា នៅអំឡុងពេលដែលសមត្ថកិច្ចប៉ូលិសចុះធ្វើអត្តសញ្ញាណប័ណ្ណ គឺមានពលរដ្ឋតាមភូមិតិចតួចប៉ុណ្ណោះបាននាំគ្នាមកធ្វើ។
កាលពីពេលថ្មីៗ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ និងផ្ដល់អត្តសញ្ញាណប័ណ្ណជូនអ្នកគាំទ្រខ្លួនឲ្យបានច្រើន ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឬការបោះឆ្នោតជាតិនៅថ្ងៃខាងមុខ។
អាជ្ញាធរ មិនទាន់ក្ដាប់បានពីតួលេខនៃអ្នកគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ឬប្ដូរថ្មីប៉ុន្មាននាក់នោះទេ ប៉ុន្តែចំនួនពលរដ្ឋនៅទូទាំងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង មានសរុបជាង ៥ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
