នៅព្រឹកថ្ងៃទី២២ កុម្ភៈ គ្រួសារសាច់ញាតិប្រជាពលរដ្ឋដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ប្រមាណ ១៥០នាក់ បានលើកគ្នាមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការតវ៉ាទាមទារឲ្យមានការដោះលែងមកវិញ ដោយពួកគាត់និយាយថា ការធ្វើនេសាទរបស់ពួកគាត់មិនមានអ្វីខុសច្បាប់នោះទេ។
ប្រជាពលរដ្ឋប្រមាណ ១៥០នាក់នៅព្រឹកថ្ងៃទី២២ កុម្ភៈ បានលើកគ្នាមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្នុងបំណងសុំឲ្យដោះលែងអ្នកភូមិដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពីបទធ្វើការនេសាទដោយខុសច្បាប់។
បុរសអ្នកភូមិឈ្មោះ ម៉ែន ស៊ឹម អាយុ ៦៧ឆ្នាំ បានឲ្យដឹងពីបំណងដែលគាត់មកតវ៉ានេះថា គាត់និងអ្នកភូមិមិនមានបំណងប្រឆាំងនឹងច្បាប់ទេ អ្នកភូមិគ្រាន់ចង់លើកឡើងពីទុក្ខលំបាករបស់ខ្លួនឲ្យថ្នាក់លើបានដឹងប៉ុណ្ណោះ។ អ្នកភូមិរូបនេះបន្តថា ដោយជីវភាពរស់នៅរបស់គាត់ក៏ដូចជាប្រជាពលរដ្ឋមួយចំនួននៅតំបន់នេះ មានការខ្វះខាតគ្មានលុយទិញប្រេងបូមទឹកដាក់ស្រែប្រាំង ទើបនាំគ្នាធ្វើនេសាទរកត្រីមកលក់ដើម្បីយកប្រាក់ទិញប្រេង។
គាត់ថា អ្នកភូមិធ្វើនេសាទជាលក្ខណៈគ្រួសារសោះ តែក៏ត្រូវគេចាប់ខ្លួនមកឃុំដែរ៖ «មកនេះ គឺចង់សុំអស់លោកយកចៅទៅផ្ទះវិញ អាណិតចៅ វាទើបតែអាយុ ១៧ឆ្នាំទេ។ វាកំពុងរៀន តែដល់ខ្ញុំខ្វះខាតលុយទិញប្រេងចាក់ម៉ាស៊ីនបូមទឹកដាក់ស្រែប្រាំង ចៅខ្ញុំក៏ចុះទៅជួយធ្វើជាមួយគេ ដើម្បីរកប្រាក់ តែឥឡូវមានបានប្រាក់ឯណាមកជាប់ជាមួយគេទៅ»។
ស្ត្រីអ្នកភូមិឈ្មោះ អ៊ឹម សុខុម អាយុ ៤៩ឆ្នាំ បានឲ្យដឹងបន្ថែមថា គ្រួសារគាត់មានគ្នាសរុប ៨នាក់ រួមគ្នាប្រើអួនសំរុង២ម៉ែត្រ និងបណ្ដោយប្រវែងមិនដល់ ១០០ម៉ែត្រផង ហើយអូសដោយដៃទៀត ក៏ត្រូវគេចាប់ដែរ៖ «មិនមែនអូសដោយម៉ាស៊ីនទេ គឺអូសដោយកម្លាំងមនុស្ស ម៉ាស៊ីនគ្រាន់តែជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណឹងទេ។ ស្រែអត់ទឹកដីប្រេះក្រហែងអស់ហើយ ម៉ាស៊ីននេះគឺជាម៉ាស៊ីនបូមទឹក ដល់គេចាប់យកមិនដឹងជាបានអីបូមទឹកទេ ហើយប្ដីខ្ញុំជាបង្គោលក្នុងគ្រួសារក្នុងការធ្វើស្រែបោះអត់មានគាត់ គ្រួសារខ្ញុំមុខជាយ៉ាប់ហើយ»។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ជួន ជឿន មានប្រសាសន៍ថា ជនសង្ស័យបានប្រើអួនដែលមានប្រវែងលើសពីការកំណត់របស់ច្បាប់ស្ដីពីជលផល ទើបកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនយកមកប្រគល់ឲ្យតុលាការសម្រេចតាមផ្លូវច្បាប់។
លោកបន្តថា លោកគ្រាន់តែបំពេញតួនាទីជានគរបាលយុត្តិធម៌ប៉ុណ្ណោះ ឯការសម្រេចចោទប្រកាន់ ឬយ៉ាងណានោះ គឺជាតួនាទីរបស់តុលាការ៖ «ច្បាប់អនុញ្ញាតឲ្យអូសតែ ១០០ម៉ែត្រ តែអ្នកខ្លះប្រើអួនដល់ទៅ ៣០០ម៉ែត្រ ខ្លះ ២០០ម៉ែត្រ។ ដល់អ៊ីចឹង វាខុសច្បាប់។ យើងមិនតឹងរ៉ឹងនឹងគាត់ពេកទេ តែប្រជាពលរដ្ឋយើងគាត់លោភលន់ បើបណ្ដោយមុខជាហិនហោចហើយមច្ឆជាតិ។ យើងធ្វើនេះ គឺដើម្បីផលប្រយោជន៍ទាំងអស់គ្នា»។
កាលពីថ្ងៃទី២១ កុម្ភៈ កម្លាំងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដោយចាប់បានជនសង្ស័យចំនួន ៣៥នាក់បញ្ជូនមកតុលាការ ពីបទសង្ស័យបានធ្វើនេសាទដោយប្រើអួនវែងអូសលើសពីការកំណត់ក្នុងច្បាប់ជលផល។
យ៉ាងនេះក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល មានប្រសាសន៍ថា ក្រោយពីការស្រាវជ្រាវបញ្ជាក់ថា មនុស្សទាំង ៣៥នាក់ដែលត្រូវបានឃាត់ខ្លួននេះ ធ្វើការនេសាទដោយចែកចេញជា ៦ក្រុម។ លោកថា តាមការស្រាវជ្រាវបឋម បង្ហាញថា ក្នុងចំណោម ៦ក្រុមនេះ មានមួយក្រុមដែលមានគ្នា ៦នាក់ នឹងទទួលបានការដោះលែង ព្រោះពួកគេពិតជាបានធ្វើនេសាទជាលក្ខណៈគ្រួសារមែន ឯឧបករណ៍នេសាទ ក៏មិនមានការខុសច្បាប់ដែរ។ ៤ក្រុមអាចនឹងទទួលការផាកពិន័យអន្តរកាល និងមួយក្រុមអាចប្រឈមនឹងការចោទប្រកាន់តាមផ្លូវច្បាប់។
នៅម៉ោងវេលាម៉ោង ៥ និង ៤៥នាទី នៃថ្ងៃទី២២ កុម្ភៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ជួន ជឿន មានប្រសាសន៍ឲ្យដឹងបន្ថែមថា កាលពីម៉ោង ៥ និង ១៥នាទីល្ងាចថ្ងៃទី២២ កុម្ភៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល បានសម្រេចដោះលែងជនសង្ស័យចំនួន ៦នាក់ឲ្យវិលត្រឡប់ទៅលំនៅឋានវិញហើយ បន្ទាប់ពីបានស្រាវជ្រាវ និងពិនិត្យឃើញថា ជនសង្ស័យទាំង ៦រូបនេះស្ថិតក្នុងក្រុមដែលបានប្រើអួនប្រវែងតិចជាង ១០០ម៉ែត្រ និងមានក្រឡាត្រឹមត្រូវតាមច្បាប់ជលផលកំណត់ និងធ្វើការនេសាទលើទីតាំងដែននេសាទដែលទុកត្រៀមបម្រុងឲ្យនេសាទជាលក្ខណៈគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។