ជនជាតិ​វៀតណាម​និង​ថៃ​នេសាទ​ខុសច្បាប់​នៅ​កោះកុង​ដោយ​គ្មាន​ការ​បង្ក្រាប

0:00 / 0:00

បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ របស់​ជនជាតិ​វៀតណាម និង​ថៃ មាន​សកម្មភាព​អនាធិបតេយ្យ ក្នុង​ដែនសមុទ្រ​កម្ពុជា នា​ខេត្ត​កោះកុង ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​លំហ​សមុទ្រ និង​សមត្ថកិច្ច​មូលដ្ឋាន គ្មាន​សកម្មភាព​បង្ក្រាប​ទេ។

បទល្មើស​ទាំងនេះ ក្រុម​ប្រជាពលរដ្ឋ ខេត្ត​កោះកុង ចោទ​ថា​អាច​ធ្វើ​សកម្មភាព​ទៅ​បាន គឺ​ដោយ​សារតែ​សមត្ថកិច្ច ចាប់ពី​ថ្នាក់​មូលដ្ឋាន រហូតដល់​ថ្នាក់​ខេត្ត ពិសេស​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បទល្មើស​លើ​លំហ​សមុទ្រ ជា​អ្នក​បើកដៃ ឲ្យ​ឈ្មួញ​ល្មើស​ចូល​នេសាទ ជា​ថ្នូរ​ទទួល​សំណូក​រាប់​ម៉ឺន​សែន​ដុល្លារ​ជា​រៀងរាល់​ខែ។

ភ្លើង​ចម្រុះ​ពណ៌ បាន​បំភ្លឺ​ចេញពី​ទូក​នេសាទ​ល្មើសច្បាប់ រាប់​សិប​គ្រឿង របស់​ឈ្មួញ​នេសាទ​ជនជាតិ​វៀតណាម-ថៃ ជាដើម​នា​ពេល​រាត្រី ក្នុង​ដែនសមុទ្រ ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ និង​ឃុំ​ថ្មស ស្រុក​បទុម​សាគរ និង​តំបន់​មួយ​ចំនួន​ទៀត ក្នុង​ខេត្ត​កោះកុង។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ និង​ភ្ញៀវ​ទេសចរ ដែល​ចូល​ទៅ​ទស្សនា​តំបន់​ខ្លះ នា​ខេត្ត​កោះកុង បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​ការបាត់បង់​ធនធាន​មច្ឆា​ជាតិ ឬ​ធនធាន​បាតសមុទ្រ​មាន​ផ្កាថ្ម​ជាដើម ផ្ដើម​ដោយ​បទល្មើស​នេសាទ​សមុទ្រ មាន​ទូក​អូស​គូ ប្រើ​មង​ក្រឡា​ល្អិត ពិសេស​ទូក​ភ្លើង​ធំៗ របស់​ជនជាតិ​វៀតណាម និង​ថៃ ចូល​មក​នេសាទ​ខុសច្បាប់​នា​មូលដ្ឋាន​ខេត្ត​កោះកុង ប៉ុន្តែ​គ្មាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ទេ។

ប្រជាពលរដ្ឋ ខេត្ត​កោះកុង បាន​អះអាង​ថា បទល្មើស​នេសាទ​សមុទ្រ​នា​មូលដ្ឋាន​នេះ បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយៗ បទល្មើស​នេះ មាន​មន្ត្រី​ជំនាញ​បង្ក្រាប​ទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ និង​សមត្ថកិច្ច​ខេត្ត​នេះ ជា​អ្នក​កាង​ការពារ ឬ​នៅ​ពីក្រោយ​បទល្មើស ជា​ថ្នូរ​ទទួល​បាន​លុយ​រាប់​ម៉ឺន​ដុល្លារ​ពី​ឈ្មួញ។

ទាក់ទិន​បញ្ហា​នេះ លោក ប៊ន វុធ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​គិរីសាគរ បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​បទល្មើស​នេសាទ​សមុទ្រ​នា​មូលដ្ឋាន​លោក​ទេ ដោយ​បង្វែរ​សំណួរ របស់​វិទ្យុ​អាស៊ីសេរី ឲ្យ​សួរ​ទៅ​លោក ឃឹម ច័ន្ឌឌី ជា​អភិបាលស្រុក​គិរីសាគរ​ជំនួស​វិញ៖ «បង​អយុធ្យា​អាច​សួរ​ទៅ​លោក​អភិបាលស្រុក​គិរីសាគរ លោក ឃឹម ច័ន្ទឌី វិញ​ព្រោះ​គាត់​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ហើយ​ទទួលខុសត្រូវ​រឿង​បទល្មើស​នេសាទ​សមុទ្រ​នេះ»។

យ៉ាង​នេះ​ក្ដី លោក ឃឹម ច័ន្ទឌី អភិបាលស្រុក​គីរីសាគរ បាន​ឆ្លើយ​ដោះសា​រថា បទល្មើស​សមុទ្រ កំពុង​កើតមាន​នា​មូលដ្ឋាន​ខ្លួន ឬ​តំបន់​ផ្សេងទៀត​នា​ខេត្ត​កោះកុង គឺ​មាន​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ផ្សេង ជា​អ្នកទទួលខុសត្រូវ​បង្ក្រាប​បទល្មើស​នេះ។

ត្រង់​ចំណុច​នេះ លោក ប៊ុន លឺត អភិបាលខេត្ត​កោះកុង មានប្រសាសន៍​ថា នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ បទល្មើស​នេសាទ​សមុទ្រ ដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ និង​ឈាន​ដល់​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចុះ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព៖ «យើង​មាន​ទូក​ល្បាត សហការ​ជាមួយ​កងទ័ពជើងទឹក ឬ​កង​ម៉ារីន​។ យើង​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​បទល្មើស​ទាំងនេះ»។

ទាក់ទិន​បញ្ហា​នេះ លោក អេឡិច ហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ចុង​សប្ដាហ៍​នេះ​ថា បើសិនជា​សមត្ថកិច្ច​រដ្ឋាភិបាល ពិត​ជា​មាន​ចេតនា​បង្ក្រាប​បទល្មើស ប្រើ​ឧបករណ៍​ល្មើស ដែល​ច្បាប់​កម្ពុជា​បាន​ហាមឃាត់​មែន​នោះ គឺ​មិន​ពិបាក​ស្វែងរក​ទីតាំង​នៃ​បទល្មើស​ទេ។ ព្រោះ​ទូក​ល្មើស​និមួយៗ មាន​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌ ពេល​ចេញ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់។

មាន​ឈាមជ័រ​ជា​ជនជាតិ​អេស្ប៉ាញ និង​អាច​និយាយ​ភាសា​ខ្មែរ​បាន​ស្ទាត់ជំនាញ​ផង​នោះ លោក អាឡិច បាន​រក​ឃើញ​ថា បទល្មើស​ទូក​នេសាទ​សមុទ្រ កំពុង​ធ្វើ​សកម្មភាព នា​មូលដ្ឋាន ខេត្ត​កោះកុង គឺ​មាន​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ជា​អ្នក​បើកដៃ​ឬ​ជា​អ្នក​កាង​ការពារ​បទល្មើស​ទាំងនេះ៖ «បទល្មើស​សមុទ្រ​នេះ​បាន​កើត​មាន​យូរ​មក​ហើយៗ ខ្ញុំ​បាន​ជួប​សម្ភាសន៍​ប្រជាជន​កន្លងមក​ហ្នឹង​ពលរដ្ឋ​ប្រាប់​ថា មាន​ទូក​នេសាទ​ថៃ និង​វៀតណាម ប្រើ​ឧបករណ៍​ល្មើសច្បាប់​ភាគច្រើន បាន​លួច​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ។ ហើយ​បទល្មើស​នេសាទ​ទាំងនេះ មាន​ទាហានជើងទឹក​កម្ពុជា​ជា​អ្នក​កាង​ការពារ។ ហើយ​បទល្មើស​នេសាទ​អនាធិបតេយ្យ​នេះ បាន​នាំ​ឲ្យ​ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ របស់​ពលរដ្ឋ​ខ្មែរ​បាន​ធ្លាប់​ចុះ»។

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ ខេត្ត​កោះកុង បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា បើសិនជា​រដ្ឋាភិបាល ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មិន​ទប់ស្កាត់​បទល្មើស​សមុទ្រ ដែល​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ នា​ដែនសមុទ្រ ខេត្ត​កោះកុង ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ទំនងជា​យ៉ាង​យូរ ៥​ឆ្នាំ​ទៀត ធនធាន​មច្ឆា​ជាតិ​គ្រប់​ប្រភេទ និង​ធនធាន​បា​តុ​សមុទ្រ​កម្ពុជា មាន​ផ្កាថ្ម​ជាដើម នឹង​ត្រូវ​រលាយ​ហិនហោច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។