អ្នក​ភូមិ​ជិត​១០០​នាក់​នៅ​បាត់ដំបង​សុខ​ចិត្ត​រុះរើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់

អ្នក​ភូមិ​ជិត ១០០​នាក់ បាន​លើក​គ្នា​ទៅ​ការពារ​ឧបករណ៍​ល្មើស​នេសាទ​ស្បៃ​មង​ក្រឡា​ល្អិត ដែល​ពួក​គេ​ដាក់​ចាប់​ត្រី​នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ ការ​លើក​គ្នា​ទៅ​តវ៉ា​តាម​ទូក​កាណូត​នេះ បាន​កើត​មាន​ឡើង​បន្ទាប់​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជលផល រួម​ទាំង​សហគមន៍​នេសាទ បាន​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​តំបន់​នោះ។

0:00 / 0:00

ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចាប់​ត្រី នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប នៅ​រដូវ​ហាម​ឃាត់​នេះ នៅ​តែ​កើត​មាន។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាជ្ញាធរ​ចម្រុះ ដែល​ជា​អ្នក​ចុះ​ទៅ​បង្ក្រាប និង​ក្រុម​អ្នក​ភូមិ​ដែល​ជា​អ្នក​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ នៅ​ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

ប្រធាន​គណៈកម្មការ​កណ្ដាល​សហគមន៍​នេសាទ លោក ភី ហឿត ថ្លែង​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ភូមិ​ព្រៃចាស់ ចំនួន ៧០​នាក់ បាន​ជិះ​កាណូត​ចំនួន ២០​គ្រឿង ទៅ​ការពារ​ឧបករណ៍​ល្មើស​នេសាទ​ស្បៃ​មង​ក្រឡា​ល្អិត ដែល​ពួក​គេ​បាន​ដាក់​ចាប់​ត្រី​នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប៖ «មាន​គ្នា​យ៉ាង​តិច​ចំនួន ៧០​នាក់ ហើយ​មាន​កាណូត​យ៉ាង​តិច​ចំនួន ២០​គ្រឿង គាត់​មក​រំខាន​ការងារ​សមត្ថកិច្ច និង​សហគមន៍​នេសាទ ដែល​បាន​សហការ​គ្នា​មក​បង្ក្រាប​បទ​ល្មើស​នេសាទ បរណរ៉ាវ នៅ​ចំណុច​ភូមិ​ព្រៃចាស់ ឃុំ​ព្រៃចាស់។ អ៊ីចឹង ធ្វើ​ឲ្យ​កង​កម្លាំង​សហការ​មាន​អារម្មណ៍​មិន​ស្រួល​ចិត្ត​ក្នុង​ការ ពេល​ខ្ញុំ​ឈប់ គាត់​ឈប់​ដែរ ពេល​កម្លាំង​ខ្ញុំ​មក គាត់​បើក​មក​ដែរ»

ទោះ​យ៉ាង​ណា ការ​លើក​គ្នា​ទៅ​ការពារ​បទ​ល្មើស​នេសាទ​របស់​អ្នក​ភូមិ​នោះ ពុំ​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ទេ ដោយសារ​តែ​កង​កម្លាំង​មាន​សមត្ថកិច្ច មន្ត្រី​ជំនាញ​ជលផល និង​សហគមន៍​នេសាទ បាន​ប្រាប់​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​រុះរើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ចេញ​ដោយ​ខ្លួន​ឯង។

មេ​ភូមិ​ព្រៃចាស់ លោក ម៉ក់ ទី បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ទាំង​នោះ​បាន​លើក​គ្នា​ជិះ​កាណូត​ទៅ ដើម្បី​សុំ​រុះរើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ទាំង​នោះ​ដោយ​ខ្លួន​ឯង។ ការ​ធ្វើ​ដូច្នេះ ដោយសារ​ពួក​គេ​មិន​ចង់​ឲ្យ​ក្រុម​អាជ្ញាធរ​ចម្រុះ រុះរើ​យក​ឧបករណ៍​ស្បៃ​មង​ក្រឡា​ល្អិត​នោះ យក​ទៅ​ដុត​បំផ្លាញ។ ម្យ៉ាង​វិញ អ្នក​ភូមិ​នៅ​តំបន់​នោះ មាន​តែ​មុខ​របរ​នេសាទ៖ «អ៊ីចឹង នៅ​ក្នុង​ដែន​សហគមន៍​មាន​ការ​លួច​លាក់​បទ​ល្មើស ដូច​ជា​បរ​ដៃ ដើម្បី​រក​ជា​លក្ខណៈ​តិចតួច ដោះស្រាយ​ជីវភាព នៅ​ក្នុង​ថ្ងៃ​នេះ បង​ប្អូន​មិន​មក​ធ្វើ​អី គឺ​ថា មក​ចូល​ទៅ​ចំណុច​ណា​បង​ប្អូន​សុំ​សា​យក​ផង ដើម្បី​បាន​ខ្លះ​មិន​បាន​បង្ក​លក្ខណៈ​រឿង​រ៉ាវ​កើត​ឡើង​ទេ»

នាយ​រង​ផ្នែក​ជលផល​ព្រែកទាល់ លោក សៀង ដារិទ្ធ ថ្លែង​ថា សកម្មភាព​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​តំបន់​នោះ គឺ​ជំនាញ​ជលផល កង​កម្លាំង​ចម្រុះ និង​សហគមន៍​នេសាទ បាន​ចុះ​ធ្វើ​សកម្មភាព​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ស្រាប់​តែ​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​បាន​ចុះ​សកម្មភាព​អុកឡុក​រំខាន​ដល់​សមត្ថកិច្ច។ លោក​បន្ត​ថា ដើម្បី​បញ្ចៀស​បញ្ហា​កុំ​ឲ្យ​កើត​មាន​ឡើង សមត្ថកិច្ច​ចម្រុះ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​ចុះ​រុះរើ​ឧបករណ៍​ល្មើស​នេសាទ​ស្បៃ​មង​ក្រឡា​ល្អិត​នោះ​ដោយ​ខ្លួន​ឯង៖ «បើ​គេ​មិន​សា យើង​ចាត់​វិធាន​ការ។ អ៊ីចឹង​បាន​ថា បញ្ហា​នេះ​ធម្មតា​ទេ ប្រជាជន​តែង​តែ​មាន​ការ​លួច​លាក់ នេះ​បើ​និយាយ​ឲ្យ​ចំ មិន​មែន​អាជ្ញាធរ ឬ​ជំនាញ​អនុញ្ញាត​ទេ នេះ​គឺ​ការ​លួច​លាក់​ដាក់​ក្នុង​ព្រៃ​កន្លែង​ណា​យើង​ឃើញ យើង​ធ្វើ​ទៅ កន្លែង​ខ្លះ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ដែល​យើង​មិន​អាច​ឃើញ ទាល់​គេ​រាយការណ៍»

កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា ជំនាញ​ជលផល​កង​កម្លាំង​សមត្ថកិច្ច រួម​ទាំង​សហគមន៍​នេសាទ មាន​គ្នា​សរុប​ចំនួន ៥២​នាក់ បាន​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នេសាទ​បាន​ឧបករណ៍​ស្បៃ​មង​ក្រឡា​ល្អិត​ប្រវែង ១.៥០០​ម៉ែត្រ បង្គោល ១០០​ដើម និង​ឡុក​ចាប់​ត្រី​ចំនួន ៤​គ្រឿង។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​១៤ កញ្ញា ស្រាប់​តែ​មាន​ក្រុម​អ្នក​ភូមិ​លើក​គ្នា​ទៅ​ការពារ​ឧបករណ៍​ល្មើស​នេសាទ។ មន្ត្រី​ជំនាញ និង​សហគមន៍​នេសាទ​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ទាំង​នោះ​បាន​នាំ​គ្នា​ចុះ​រុះរើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​នោះ​ហើយ ក្រោយ​ពី​មាន​ការ​ជជែក​គ្នា​រួច​មក។

យ៉ាង​ក៏ដោយ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទាំង​នោះ គឺ​ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​លួច​លាក់​ធ្វើ​នៅ​ក្នុង​រដូវ​ដែល​ច្បាប់​ហាម​ឃាត់ ហើយ​រដូវ​នេសាទ​ដែល​ច្បាប់​ហាម​ឃាត់​នេះ បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ខែ​មិថុនា រហូត​ដល់​ខែ​តុលា ទើប​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​នេសាទ​ជា​ធម្មតា​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។