ប្រជាសហគមន៍នេសាទនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាន់តែបារម្ភចំពោះបទល្មើសនេសាទដែលកំពុងកើនឡើងនៅក្នុងបឹងធំ នៅមុនពេលចូលឆ្នាំ។ ពលរដ្ឋយល់ថា មូលហេតុបទល្មើសកើនឡើង អាចដោយសារតែក្រុមជនល្មើសយល់ថា ឱកាសបុណ្យចូលឆ្នាំ គឺមិនមានមន្ត្រីជំនាញ ឬអាជ្ញាធរណាខ្វាយខ្វល់អំពីបញ្ហានេសាទឡើយ។
ប្រជាសហគមន៍នេសាទនៅឃុំមៀន ស្នើឲ្យមន្ត្រីជំនាញ ឬមន្ត្រីអាជ្ញាធរ ជួយទប់ស្កាត់បទល្មើសនេសាទនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ការស្នើនេះ ពីព្រោះពួកគេសង្កេតឃើញថា ពេលពិធីបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់ សកម្មភាពនេសាទខុសច្បាប់កើនឡើងគួរឲ្យបារម្ភ ដោយមានទាំងអួនក្រឡាញឹកប្រវែងចាប់ពី ៣០០ម៉ែត្រ ដល់ ៤០០ម៉ែត្រជាង ១០វង់ ព្រមទាំងឧបករណ៍ឆក់ត្រជាក់ជាច្រើនវង់ផ្សេងទៀត។
ប្រជានេសាទមួយរូបនៅភូមិកំពង់សំរិទ្ធិ ឃុំមៀន លោក រ៉េន រ៉ាន់ ឲ្យដឹងថា សកម្មភាពនេសាទខុសច្បាប់ គឺប្រព្រឹត្តឡើងទាំងយប់ទាំងថ្ងៃ ដោយមិនមានអាជ្ញាធរហាមឃាត់ឡើយ។ លោកព្រួយបារម្ភថា ក្មេងជំនាន់ក្រោយនឹងលែងស្គាល់ពូជត្រីមួយចំនួន ហើយវានឹងអាចឈានទៅរកភាពវិនាស ប្រសិនបើអាជ្ញាធរមិនមានវិធានការណាមួយ ដើម្បីបង្ក្រាបជនទាំងនោះឲ្យមានប្រសិទ្ធភាពទេ៖ « ជិតចូលឆ្នាំកាន់តែខ្លាំង ព្រោះពួកគេគិតថា ជិតចូលឆ្នាំគ្មានបងប្អូនជលផលណាចូលមកទេ »។
បឹងធំជាបឹងមួយដែលមានទំហំទទឹងប្រមាណ ៤គីឡូម៉ែត្រ និងបណ្តោយប្រមាណ ៨គីឡូម៉ែត្រជាប់ស្រុកចំនួនបី នៅក្នុងខេត្តកំពង់ចាម រួមមានស្រុកកងមាស ស្រុកកំពង់សៀម និងស្រុកព្រៃឈរ។
ប្រធានសហគមន៍នេសាទបឹងធំ ឃុំមៀន លោក ម៉ុន ឆៃលាង មានប្រសាសន៍ថា បទល្មើសនេសាទនៅបឹងធំបច្ចុប្បន្ន ពិតជាច្រើនមែន។ លោកបន្ថែមថា ប្រជាសហគមន៍មិនមានសិទ្ធិអំណាចដើម្បីបង្ក្រាបបទល្មើសទាំងនោះទេ គឺមានសិទ្ធិត្រឹមរាយការណ៍ទៅមន្ត្រីជំនាញប៉ុណ្ណោះ។ លោកបញ្ជាក់ថា ប្រសិនបើសហគមន៍ចុះបង្ក្រាបដោយខ្លួនឯង ប្រាកដជាត្រូវប្រឈមមុខជាមួយជនល្មើសទាំងនោះមិនខានឡើយ៖ « ជិតចូលឆ្នាំនេះ មិនសូវមានកើតឡើងប៉ុន្មានទេ គឺមានតែឆក់ក្តៅ »។
លោកបន្តថា ក្រៅពីឧបករណ៍អួនក្រឡាញឹក អួនត្រជាក់ លូស្បៃមុង ក៏មានឧបករណ៍មួយប្រភេទទៀតកំពុងពេញនិយមនោះ គឺលបកន្ទុយកណ្ដុរ។ លោកថា លបប្រភេទនេះមិនត្រឹមតែដាក់ចូលត្រីប៉ុណ្ណោះទេ ប៉ុន្តែសូម្បីពពួកល្មូនរួមមានអណ្ដើក ពស់ ព្រមទាំងសត្វស្លាបក៏ជាប់ដែរ ទើបធ្វើឲ្យសហគមន៍កាន់តែបារម្ភ។
ឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាសហគមន៍ នាយខណ្ឌជលផលខេត្តកំពង់ចាម លោក អ៊ុក ណារិន មានប្រសាសន៍នៅថ្ងៃទី១២ មេសា ថា ខាងលោកបានបង្ក្រាបបទល្មើសមួយចំនួនកាលពីពេលថ្មីៗនេះរួចមកហើយ ម្យ៉ាងមន្ត្រីជលផលបានចាត់ចែងមន្ត្រីរបស់ខ្លួន ដើម្បីចុះពិនិត្យស្ថានភាពបទល្មើសជុំវិញបឹងធំក្នុងឱកាសបុណ្យចូលឆ្នាំទៀតផង៖ «យើងនឹងដាក់មន្ត្រីប្រចាំការនៅហ្នឹង»។
មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល អ្នកស្រី នូ សារឹម កត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំ នៅពេលមានពិធីបុណ្យជាតិធំៗ ជនល្មើសតែងឆ្លៀតឱកាសនេសាទខុសច្បាប់នៅតំបន់មួយចំនួន។ អ្នកស្រីថា ទាំងមន្ត្រីជំនាញ ឬអាជ្ញាធរ គប្បីគាំទ្រដល់ប្រជាសហគមន៍នេសាទ តាមរយៈផ្តល់ប្រាក់លើកទឹកចិត្តដល់ពួកគាត់ សម្រាប់ចុះល្បាតតាមបឹងក្នុងអំឡុងពេលចូលឆ្នាំ។ បន្ថែមពីនេះ អាជ្ញាធរត្រូវរឹតបន្តឹងច្បាប់ជលផលចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឲ្យបានប្រសើរ ម្យ៉ាងពលរដ្ឋត្រូវយល់ដឹងអំពីសារប្រយោជន៍នៃធនធានជលផលដោយខ្លួនឯងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
