ប្រជានេសាទនៅឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្អូញត្អែររឿងដាក់មង និងចងសន្ទូចលែងបានត្រី ដោយសារមានបទល្មើសរបាំងព្រួលដាក់លបច្រើននៅក្នុងមូលដ្ឋានរបស់ពួកគាត់។ បញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អះអាងថា ក្រុមមន្ត្រីជំនាញនឹងចុះបង្ក្រាបបទល្មើសនៅទីតាំងនេះ និងបទល្មើសស្បៃមុងនៅក្នុងបឹងទន្លេសាបពីរទីតាំងផ្សេងទៀត ដើម្បីទប់ស្កាត់បទល្មើសនេះឲ្យបានទាន់ពេលវេលា។
អ្នកភូមិពាមទន្លា នៃឃុំពោធិ៍ ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ថា របាំងព្រួលដាក់លបចំនួន ៣ខ្សែប្រវែងចន្លោះពី ៣០០ម៉ែត្រ ទៅ ៤០០ម៉ែត្រ ចាប់ពីចំណុចវត្តកំពង់បាចិន រហូតដល់ភ្នំត្រង់ ធ្វើឲ្យប៉ះពាល់ដល់ការនេសាទត្រីជាលក្ខណៈគ្រួសាររបស់អ្នកភូមិ។ ពលរដ្ឋបញ្ជាក់ថា បទល្មើសរបាំងព្រួលនេះ កើតមានតាំងពីរដូវទឹកទន្លេឡើងនៅអំឡុងខែមិថុនា ឆ្នាំ២០១៥ ប៉ុន្តែមិនឃើញមន្ត្រីជំនាញជលផលចុះបង្ក្រាបទេ។
ប្រជាពលរដ្ឋម្នាក់ លោក ស្រី សាវឿន មានប្រសាសន៍ថា គ្រួសារលោក និងអ្នកភូមិក្បែរខាង ត្អូញត្អែរថា ពួកគាត់នេសាទជាលក្ខណៈគ្រួសារលែងបានត្រីហូប ដោយសាររបាំងព្រួលបាំងជុំជិត ខណៈត្រីក្នុងទន្លេកាន់តែខ្សត់នោះ៖ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាល ចុះមកមើលអាបញ្ហាលបរ៉ាវផង ព្រោះប្រជាជនដាក់មងនេសាទតិចតួចតាមគ្រួសារអត់បានទេ បើលបរ៉ាវយកអស់រលីងឆិញ ហើយហ្នឹង។ អូ! ដាក់តាំងពីទឹកឡើងមករហូតដល់សព្វថ្ងៃនេះឯង»។
ឆ្លើយតបបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ បញ្ជាក់ថា កាលពីបីសប្ដាហ៍មុន ជំនាញខាងលោកបានចុះត្រួតពិនិត្យបទល្មើសនៅតំបន់នោះ ប៉ុន្តែមិនឃើញមានជាទ្រង់ទ្រាយធំ ឬរបាំងប្រវែងវែងនោះទេ គឺមានពលរដ្ឋដាក់របាំងខ្លីៗប៉ុណ្ណោះ។ យ៉ាងណា លោកថា ក្រែងមានបទល្មើស ខណៈទឹកទន្លេឡើងវិញបន្តិចនោះ លោកនឹងចុះពិនិត្យនៅទីតាំងនោះម្ដងទៀតនៅថ្ងៃទី៣១ ខែសីហា៖ «ហើយការដាក់ហ្នឹងមិនមែនថាដាក់ទៅខុសទាំងស្រុងទេ ព្រោះច្បាប់ក៏មានការអនុញ្ញាតអនុគ្រោះឲ្យគាត់ធ្វើ ដើម្បីជីវភាពប្រចាំថ្ងៃ ប៉ុន្តែបើលក្ខណៈទ្រង់ទ្រាយធំ យើងនឹងធ្វើការអប់រំ និងកាត់តម្រឹមឲ្យនៅខ្លី ហើយបើអប់រំណែនាំគាត់មិនស្ដាប់ យើងមានវិធានការរុះរើតែម្ដង»។
លោក សោម ភិរុណ ឲ្យដឹងថា បទល្មើសនេសាទគ្រប់ប្រភេទក្នុងខេត្តកំពង់ឆ្នាំង មិនសូវមានច្រើនដូចកាលពីឆ្នាំ២០១៤ ឡើយ ដោយសារឆ្នាំ២០១៥ នេះ ទឹកទន្លេមិនឡើងច្រើនសាយទឹកចូលព្រែក ឬបឹងដែលជាជម្រកត្រីពងកូន ហើយជនល្មើសមិនអាចឆ្លៀតឱកាសប្រព្រឹត្តបទល្មើសនៅតាមព្រែក ឬបឹងទាំងនោះបាន។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យជលផល និងប្រជានេសាទអះអាងថា ទិន្នផលត្រីក្នុងបឹងទន្លេសាបបានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយកត្តាបទល្មើសប្រើឧបករណ៍ទំនើបៗ បម្រែបម្រួលអាកាសធាតុ និងកត្តាអ្នកនេសាទមានកាន់តែច្រើនឡើង។ បញ្ហានេះ បានធ្វើឲ្យប្រជានេសាទខ្លះ បង្ខំចិត្តចិញ្ចឹមត្រីនៅតាមបៀ ឬត្រពាំង ដោយផ្ដល់ចំណីមានសារធាតុគីមីបំប៉ន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
