ការនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដោយការប្រើស្បៃមុងយកកូនត្រី មានកាន់តែច្រើនឡើងនៅតាមផ្លូវទឹកនានា នៅក្នុងស្រុកស្ទឹងត្រង់ បង្កើនការព្រួយបារម្ភដល់ប្រជាពលរដ្ឋដែលជាអ្នកនេសាទជាលក្ខណៈគ្រួសារ។
ប្រជាពលរដ្ឋនៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសុំមិនបញ្ចេញឈ្មោះម្នាក់បានឱ្យដឹងថា សកម្មភាពនេសាទយកកូនត្រីនៅក្នុងស្រុកស្ទឹងត្រង់ នៅតែបន្តជាប់ជានិច្ច ដូចមិនឃើញមានខាងសមត្ថកិច្ច ឬអាជ្ញាធរខាងណាធ្វើការបង្ក្រាបនោះទេ។ លោកបន្តទៀតថា កូនត្រីជាច្រើនតោនត្រូវក្រុមអ្នកនេសាទដោយខុសច្បាប់ យកទៅលក់ឱ្យឈ្មួញអ្នកចិញ្ចឹមត្រី៖ «ដូចខាងឃុំខាងអីហ្នឹង អត់មានបង្ក្រាបអីទេ ខាងប៉ុស្តិ៍អីហ្នឹងអត់មានបង្ក្រាបអីទេ។ បញ្ហាហ្នឹងដូចពាក្យគេថា បញ្ហាដូចមងអីមធ្យមទេ ប៉ុន្តែអាស្បៃមុងយកអស់។ អាស្បៃមុងយកអាកូនត្រីតូចៗអស់។ ប៉ុនរឿងនេះ គឺចង់ឱ្យផ្សាយឱ្យប្រជាជនទូទាំងប្រទេសគេបានដឹងផង កុំឱ្យធ្វើអ្វីធ្វើតាមតែអំពើចិត្ត ផ្នែកខាងអាជ្ញាធរដែនដី»។
លោកបន្ថែមទៀតថា ប្រសិនបើសកម្មភាពនេះនៅតែបន្តទៀត វានឹងអាចធ្វើឱ្យវិនាសធនធានត្រីជាក់ជាមិនខាន។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ មេឃុំព្រែកបាក់ លោក ហួត ថៃ បានបញ្ជាក់ថា កន្លងមកខាងអាជ្ញាធរឃុំតែងតែធ្វើសកម្មភាពបង្ក្រាបទៅលើករណីនេសាទខុសច្បាប់ ដូចជាការប្រើប្រាស់ស្បៃមុងជាដើម។ លោកបន្តថា ការបង្ក្រាបមានទាំងការបំផ្លាញឧបករណ៍ខុសច្បាប់ទាំងនោះទៀតផង ក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែមិនរាងចាលឡើយ៖ «អាហ្នឹងពិបាកណាស់! ប្រជាពលរដ្ឋយើងចុះទៅបង្ក្រាបម្តងយកមកដុតសុទ្ធរាប់ពាន់ម៉ែត្រស្បៃមុង ហើយប្រជាពលរដ្ឋគាត់នៅតែធ្វើដាក់បន្តទៀត។ អាហ្នឹងវាអីចឹងទេ! បើថាយើងធ្វើ យើងធ្វើហើយ យើងធ្វើប្រមូលអាស្បៃមុងយកដុតចោល»។
លោកបានឱ្យដឹងទៀតថា កន្លងមកខាងលោកក៏បានទាំងស្នើសុំឱ្យមន្ត្រីជលផលខេត្ត ឱ្យចាត់វិធានការឱ្យបានរឹងមាំចំពោះករណីនេសាទខុសច្បាប់។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីសំណាក់មន្ត្រីខណ្ឌជលផលខេត្តកំពង់ចាម លោក គង់ ពុទ្ធារិទ្ធិ បានទេ កាលពីថ្ងៃទី១៩ កញ្ញា ដោយទូរស័ព្ទចូល ប៉ុន្តែមិនមានការឆ្លើយតប។
ទោះយ៉ាងណាក៏ដោយ ការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសឱ្យមន្ត្រីដែលពាក់ព័ន្ធផ្នែកជលផល ត្រូវចាត់វិធានការតឹងរ៉ឹងចំពោះការនេសាទខុសច្បាប់ ហើយប្រសិនបើមិនមានប្រសិទ្ធភាពនោះទេ មន្ត្រីដែលពាក់ព័ន្ធត្រូវមានវិធានការចំពោះកន្លែងដែលផលិតឧបករណ៍ខុសច្បាប់នោះតែម្តង ទើបជាការប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
