ពលរដ្ឋ​នៅ​កំពង់ចាម​បារម្ភ​ពី​ការ​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បារម្ភ​ថា សកម្មភាព​នេសាទ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម នៅ​ក្នុង​បឹង​ធំ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ។ ចំណែក​មន្ត្រី​ជំនាញ​វិញ​បញ្ជាក់​ថា ពួក​គាត់​បាន​ចុះ​បង្ក្រាប​អ្នក​ប្រព្រឹត្តិ​ទាំង​នោះ​ហើយ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ការ​នេសាទ​លក្ខណៈ​គ្រួសារ ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​អោយ​មាន​ប្រសិទ្ធភាព បញ្ឈប់​ការ​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​ហិនហោច​មច្ឆជាតិ និង​សម្រួល​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ពួក​គាត់។

ពលរដ្ឋ​នៅ​ឃុំ​មៀន លោក យីម ទិត មាន​ប្រសាសន៍​ថា នៅ​ពេល​លោក​ទៅ​ដាក់​មង​នៅ​ក្នុង​បឹង​ធំ​នោះ គឺ​តែង​ជួប​ប្រទះ​អ្នក​នេសាទ​ជនជាតិ​វៀតណាម ជាច្រើន​នាក់ ចូល​នេសាទ​ខុស​ច្បាប់​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល​កន្លះ​ខែ​មក​ហើយ ហាក់​មិន​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ។ លោក​បារម្ភ​ថា ត្រី​នឹង​អាច​វិនាស​មិន​ខាន ពីព្រោះ​ឧបករណ៍​ដែល​ពួក​គេ​រក​នោះ គឺ​ប្រើ​អួន​ក្រឡា​ញឹក​ក្នុង​មួយ​វង់ៗ​មាន​ប្រវែង​ប្រមាណ​ជា ២០០​ម៉ែត្រ រួម​និង​ម៉ាស៊ីន​ខ្យល់​ផង ដាក់​អូស​ទាំង​យប់​ទាំង​ថ្ងៃ។

លោក យីម ទិត៖ «បើ​សិន​ជា​អាជ្ញាធរ​មន្ត្រី​ជលផល​បង្ក្រាប​ទេ ខ្ញុំ​ជឿ​ថា នៅ​ក្នុង​បឹង ត្រី​គឺ​ពិបាក ព្រោះ​បឹង​ទឹក​ជម្រៅ ៧-៨ ទៅ ៩​ម៉ែត្រ គឺ​ប្រើ​ម៉ាស៊ីន​ខ្យល់​ជ្រមុជ​ដល់​បាត​ដី យក​ទាំង​ត្រី​ក្នុង​ភក់ អា​ត្រី​កេះ ត្រី​កញ្ចុះ ត្រី​ឆ្លាំង អា​ប្រភព​ត្រី​នៅ​ក្នុង​ភក់​គាត់​យក​បាន។ ចុះ​ទម្រាំ​នៅ​ខែ​ក្រោយៗ ទឹក​រីង​ទៀត គាត់​កៀរ​យក​អស់ ហើយ​អួន​ហ្នឹង​គឺ​អួន​ក្រឡា​ញឹក​បំផុត»

ប្រភព​ដដែល​បន្ថែម​ថា ការ​ប្រើប្រាស់​អួន​ខ្នាត​ធំ​នោះ គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​មុខ​របរ​នេសាទ​របស់​ពួក​គាត់​ជា​លក្ខណៈ​គ្រួសារ។ លើស​ពី​នេះ​ទៀត គឺ​អាច​នាំ​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត​យក​គំរូ​តាម ហើយ​នាំ​គ្នា​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​បន្ថែម​ទៀត។

ស្រប​ពេល​ប្រជាពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​រឿង​នេះ មន្ត្រី​ជំនាញ សហគមន៍​នេសាទ រួម​និង​សមត្ថកិច្ច​ផង បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​នោះ នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ដោយ​ចាប់​បាន​អួន​ខ្នាត​ធំ​ប្រវែង​ចាប់​ពី ១៥០​ម៉ែត្រ ទៅ ២០០​ម៉ែត្រ ចំនួន​ពីរ​វង់ ម៉ាស៊ីន​កាណូត ២​គ្រឿង ម៉ាស៊ីន​ខ្យល់ ២​គ្រឿង ទូក ២​គ្រឿង និង​មនុស្ស​ប្រមាណ​ជា ១០​នាក់។

នាយ​រង​ខណ្ឌ​ជលផល​ខេត្ត​កំពង់ចាម លោក ហ៊ីង សុផាន់ណារិទ្ធិ មាន​ប្រសាសន៍​ថា ពួក​គាត់​ទាំង​នោះ​ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​វិហារធំ ស្រុក​កំពង់សៀម ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​ជា​ជនជាតិ​វៀតណាម ឬ​យ៉ាង​ណា​ទេ ព្រោះ​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី។ លោក​បន្ត​ថា កាល​ពី​ខែ​តុលា ខាង​ជលផល​បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​ពួក​គេ​ទាំង​នោះ នេសាទ​បាន​ក្នុង​ទំហំ​មួយ​ស្រប​ច្បាប់ ពោល​គឺ​ត្រូវ​អូស​អួន​ក្រោម​ប្រវែង ១០០​ម៉ែត្រ និង​ត្រូវ​អូស​ដោយ​ដៃ ប៉ុន្តែ​សមត្ថកិច្ច​ចុះ​ចាប់​ពេល​នេះ ពិនិត្យ​ឃើញ​ថា គឺ​ខុស​ពី​លិខិត​អនុញ្ញាត​នោះ​ទាំង​ស្រុង៖ «ក៏ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​ប្ដឹង​ទៅ​ខាង​ខ្ញុំ ចុះ​មក​ពិនិត្យ​អ៊ីចឹង ពួក​គាត់​ខុស​ពី​បទដ្ឋាន​ដែល​យើង​ត្រូវ​អនុញ្ញាត។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ធ្វើ​ការ​ស្កាត់​ចាប់​បង»

នាយ​រង​ខណ្ឌ​ដដែល​បន្ថែម​ថា កន្លែង​ដែល​ពួក​គាត់​ទាំង​នោះ​នេសាទ គឺ​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ទេ។ លោក​បញ្ជាក់​ថា ឆ្នាំ​កន្លង​ទៅ​ធ្លាប់​មាន​បញ្ហា​នេះ​កើត​ឡើង​ដែរ ប៉ុន្តែ​ក៏​ត្រូវ​ខាង​សមត្ថកិច្ច​បង្ក្រាប​ជា​បន្តបន្ទាប់។

ចំណែក​ប្រធាន​សហគមន៍​នេសាទ​បឹង​ធំ​វិញ លោក ម៉ុន ឆៃលាង ឱ្យ​ដឹង​ថា មនុស្ស​ប្រហែល​ជា ១០​នាក់​នោះ គឺ​ជា​ជនជាតិ​វៀតណាម មែន។ លោក​បន្ត​ថា កន្លង​មក​ក៏​មាន​ការ​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​នោះ ប៉ុន្តែ​បទល្មើស​នៅ​តែ​កើត​មាន​ដដែល ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បន្ថែម​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្មាន​ប្រសិទ្ធភាព អាច​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។

ដោយ​ឡែក​ខាង​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឯក ចំរើន មាន​ប្រសាសន៍​ថា ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ខ្នាត​ធំ ឬ​ឧបករណ៍​ទំនើបៗ​នៅ​កម្ពុជា ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម ដូចជា​នៅ​តំបន់​ទន្លេសាប នៅ​ទន្លេ​មេគង្គ និង​នៅ​តាម​មាត់​សមុទ្រ ជាដើម៖ «ស្រប​ច្បាប់​មិន​ស្រប​ច្បាប់​មិន​ដឹង ប៉ុន្តែ​នៅ​ខាង​ឆ្នេរ​មិន​ស្រប​ទេ មាន​ន័យ​ថា គាត់​មក​ពី​ស្រុក​គាត់​មក​មក​ពី​កោះត្រល់ មក​អី​ទៅ។ ប៉ុន្តែ​បើ​នៅ​ទន្លេសាប អត់​មាន​ណា​ទេ​អ្នក​មក​ពី​ទន្លេ​ហ្នឹង​ឯង។ អ្នក​នៅ​សៀមរាប អ្នក​នៅ​ចុងឃ្នៀស នៅ​កំពង់ឆ្នាំង ដូចជា​អ្នក​នៅ​ផ្សារ​ក្រោម​គ្មាន គាត់​មក​ពី​ណា។ ប៉ុន្តែ​គ្រាន់​ថា​ឧបករណ៍​ដែល​គាត់​ប្រើ គឺ​វា​ទំនើប​ជាង​ខ្មែរ​យើង នេះ​តាម​សង្កេត​មើល​ទៅ​ណា»

លោក​បន្ថែម​ថា ប្រសិន​បើ​ជនជាតិ​វៀតណាម មិន​ស្រប​ច្បាប់​មក​នេសាទ​ខុស​ច្បាប់​នៅ​លើ​ដី​ខ្មែរ វា​រឹត​តែ​មាន​កម្រិត​ទោស​ធ្ងន់ធ្ងរ​ជាង​ជនជាតិ​វៀតណាម ដែល​រស់នៅ​ស្រប​ច្បាប់​ទៅ​ទៀត។ យ៉ាង​ណា លោក​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​បច្ចុប្បន្ន គឺ​ប្រៀប​ដូចជា​ការ​វែក​ចក​យ៉ាង​នោះ​ឯង។

បឹង​ធំ គឺ​ជា​បឹង​មួយ​ជាប់​ស្រុក​ចំនួន​បី​ក្នុង​ខេត្ត​កំពង់ចាម គឺ​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ ដែល​មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កំពុង​អាស្រ័យ​ផល​នេសាទ​នៅ​ក្នុង​បឹង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។