ពលរដ្ឋ​នៅ​កំពង់ចាម​អះអាង​ថា​បទល្មើស​នេសាទ​ឧបករណ៍​អួន​ក្រឡា​ញឹក​នៅ​តែ​មាន

0:00 / 0:00

ពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដែល​រស់នៅ​អាស្រ័យ​ផល​នេសាទ​នៅ​ក្នុង​បឹង​ធំ ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​នេសាទ​ប្រចាំ​ថ្ងៃ ដោយសារ​មាន​ការ​នេសាទ​ដោយ​ឧបករណ៍​អួន​ក្រឡា​ញឹក​ខ្នាត​ធំ នៅ​តែ​កើត​មាន​ឡើង។

ចំណែក​ប្រធាន​សហគមន៍​នេសាទ​និយាយ​ថា នឹង​តាម​ដាន​ព័ត៌មាន​នេះ​ឲ្យ​ច្បាស់ ហើយ​នឹង​ផ្តល់​ដំណឹង​នេះ​ដល់​មន្ត្រី​ជំនាញ ដើម្បី​ចាត់​វិធានការ។

ការ​បារម្ភ​នេះ កើត​មាន​បន្ទាប់​ពី​សកម្មភាព​បង្ក្រាប​របស់​មន្ត្រី​ជំនាញ​កាល​ពី​ពេល​កន្លង​ទៅ ចំពោះ​បទល្មើស​នេសាទ​ដោយ​អួន​វង់​ធំៗ​លើស​ពី​ច្បាប់​អនុញ្ញាត បាន​ចាប់​ផ្ដើម​កក្រើក​បន្ត​ទៀត​នោះ។ ពលរដ្ឋ​ថា​ការ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ ហាក់​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ប្រព្រឹត្តិ​ទាំង​នោះ​ឡើយ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា អាច​ដោយសារ​តែ​មាន​ការ​ឃុបឃិត​គ្នា​រវាង​ជនល្មើស​ជាមួយ​អាជ្ញាធរ​ទាំង​នោះ​ទៀត​ផង។

ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​មៀន លោក យីម ទីត មាន​ប្រសាសន៍​ថា សកម្មភាព​អូស​អួន​វង់​ធំៗ​ពីរ​វង់ ដែល​មាន​ប្រវែង​ចាប់​ពី ២០០​ម៉ែត្រ​ទៅ ៣០០​ម៉ែត្រ ដោយ​ប្រើ​ទូក​កាណូត រួម​នឹង​ម៉ាស៊ីន​ខ្យល់​ដាក់​ដល់​បាត​ដី​ផង​នោះ បាន​កើត​មាន​ឡើង​ដដែល។ លោក​បន្ត​ថា ការ​អូស​អួន​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ជា​ខ្លាំង និង​ធ្វើ​ឲ្យ​ត្រី​យ៉ាង​ច្រើន​ត្រូវ​បាត់​បង់៖ «ដោយសារ​តែ​ការ​ឃុបឃិត​គ្នា​ដោយ​មន្ត្រី​ជំនាញ​មន្ត្រី​ជលផល​ឃុបឃិត​គ្នា បាន​ជា​ក្រុម​ហ្នឹង​អូស​ដដែល»

លោក​ចង់​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​នូវ​ការ​បង្ក្រាប ហើយ​អ្នក​ប្រព្រឹត្តិ​នៅ​តែ​អាច​រក​ស៊ី​ដោយ​ខុស​ច្បាប់​បាន​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​កំពង់ចាម បាន​ទេ នៅ​ថ្ងៃ​ទី​២ ធ្នូ។

កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា មន្ត្រី​ជំនាញ​ខណ្ឌ​ជលផល​ខេត្ត រួម​នឹង​ប្រជា​សហគមន៍​នេសាទ​បឹង​ធំ បាន​ចុះ​បង្ក្រាប​បាន​អួន​ក្រឡា​ញឹក​វង់​ធំ​លើស​ពី​ច្បាប់​កំណត់ ដែល​មាន​ប្រវែង​ចាប់​ពី ១៥០​ម៉ែត្រ ទៅ ២០០​ម៉ែត្រ ហើយ​មាន​សម្ភារៈ​មួយ​ចំនួន​ដូចជា ទូក​ចំនួន ២​គ្រឿង ម៉ាស៊ីន​ខ្យល់​ចំនួន ២​គ្រឿង និង​មនុស្ស​ប្រមាណ ១០​នាក់ ក៏ប៉ុន្តែ​ក្រោយ​មក សកម្មភាព​នេសាទ​ទ្រង់ទ្រាយ​ធំ​បែប​នេះ នៅ​តែ​កើត​មាន​ឡើង។

ប្រធាន​សហគមន៍​នេសាទ​បឹង​ធំ លោក ម៉ុន ឆៃលាង មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង ថា​មាន​សកម្មភាព​នេសាទ​ដោយ​ប្រើ​ទូក​ម៉ាស៊ីន​អូស​អួន​ដូច​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​នោះ​ទេ។ ប៉ុន្តែ លោក​ថា​នឹង​តាម​ដាន​ព័ត៌មាន​នេះ​ឲ្យ​ច្បាស់ ដើម្បី​រាយការណ៍​ដល់​មន្ត្រី​ជំនាញ ពីព្រោះ​លោក​មើល​ឃើញ​ថា ការ​អូស​អួន​ទាំង​នោះ គឺ​ពិត​ជា​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជា​នេសាទ​មែន៖ «បាទ! ខ្ញុំ​ទាក់ទង​ទៅ​គាត់​រហូត​ដែរ ប្រសិន​បើ​ជា​អួន​ហ្នឹង​គាត់​នៅ​ដឹក​ដដែល ខ្ញុំ​ចង់​សួរ​ទៅ​ក្រសួង​មាន​សមត្ថកិច្ច ថា​តើ​យើង​គួរ​ធ្វើ​ម៉េច​បើ​អួន​ហ្នឹង​នៅ​ដឹក​ដដែល? ហើយ​យើង​គួរ​ទប់ស្កាត់​របៀប​ម៉េច?»

លោក​ក៏​ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ពេល​មុន​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​មិន​មាន​ប្រសិទ្ធភាព​នោះ គឺ​អាច​បណ្ដាល​មក​ពី​ការ​ត្រូវរ៉ូវ​គ្នា​រវាង​អ្នក​ប្រព្រឹត្តិ​ជាមួយ​អាជ្ញាធរ​នោះ​ឯង។

ដោយ​ឡែក​ខាង​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឯក ចំរើន យល់​ថា ដើម្បី​ឲ្យ​ការ​បង្ក្រាប​បទល្មើស​នេសាទ​មាន​ប្រសិទ្ធភាព​នោះ ជម្រើស​ចុង​ក្រោយ ខាង​លោក​អាច​នឹង​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចូលរួម​ក្នុង​បញ្ហា​នេះ​តែ​ម្តង ពីព្រោះ​បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ឡើង​កន្លង​មក គឺ​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ លោក​បារម្ភ​ថា ប្រសិន​បើ​មិន​មាន​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​បាន​ប្រសើរ​នោះ​ទេ ទិន្នផល​មច្ឆជាតិ នឹង​កាន់​តែ​ថយ​ចុះ​ទៅៗ។

យ៉ាង​ណា ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ពី​ការ​ផ្ដន្ទាទោស​ចំពោះ​បទល្មើស​ថ្នាក់​ទី​១ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំង​នោះ​រួម​មាន ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុ​ពុល​គ្រប់​ប្រភេទ​នៅ​ក្នុង​ដែន​នេសាទ នេសាទ​ដោយ​ឧបករណ៍​បូម បាច​នៅ​ផ្នែក​ណា​មួយ ដែល​បង្ក​មហន្តរាយ​ដល់​ធនធាន​ជលផល នេសាទ​ដោយ​ប្រើ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​នេសាទ​បង្កើត​ឡើង​ថ្មី ឬ​ជា​របៀប​នេសាទ​ដែល​គ្មាន​ការ​កំណត់​ក្នុង​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល​នោះ រួម​នឹង​ចំណុច​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។