ក្រៅពីនេះទៀត ប្រជាពលរដ្ឋចាប់ផ្ដើមព្រួយបារម្ភនឹងការប្រើប្រាស់ថ្នាំគីមី ដើម្បីបាចចូលទៅក្នុងទឹកនូវកន្លែងណាដែលពួកក្រុមប្រព្រឹត្តិបទល្មើសនេសាទមិនអាចចូលទៅដល់ ដើម្បីឱ្យត្រីចូលស្បៃរបស់ពួកគេ។ ប្រជាពលរដ្ឋទាំងនោះបានសម្ដែងក្តីព្រួយបារម្ភចំពោះវាសនាមច្ឆាជាតិនៅស្រុកខ្មែរ ប្រសិនអាជ្ញាធរគ្មានចំណាត់ការឱ្យទាន់ពេលវេលានោះទេ។
ប្រជាពលរដ្ឋនៅឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពនេសាទយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមអ្នកដាក់ស្បៃមុង ស្ទើរតែពេញបឹងនៅតំបន់ដែលពួកគាត់រស់នៅ។
លោក សេង ហុង ជាប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា រឿងដាក់ស្បៃ គឺជារឿងខុសច្បាប់មួយហើយ ដោយឡែកនៅមានការបាចថ្នាំជាតិគីមីរបស់ក្រុមអ្នកដាក់ស្បៃទាំងនោះ ដើម្បីឱ្យត្រីទាំងអស់ក្នុងបឹងត្រពាំងផ្សេងៗមិនអាចទ្រាំនៅបាន ត្រូវតែហែលចូលប្លុកដែលមានស្បៃមុងដែលក្រុមជនល្មើសបានដាក់នោះ៖ «អាហ្នឹងគេបាចថ្នាំឱ្យត្រីវាចុះទៅចូលស្បៃគេអស់ កុំឱ្យនៅតាមត្រពាំងបឹងៗ។ បាទ! អាបឹងរដ្ឋរបស់យើង បឹងរដ្ឋាភិបាលរបស់យើងបឹងពាធ គេបាចថ្នាំទៅដើម្បី នៅពេលទឹកស្រកទៅមានកន្លុកៗ ត្រពាំងៗ របស់ប្រជាពលរដ្ឋ ដល់អ៊ីចឹងគេបាចអ៊ីចឹងឱ្យត្រីចុះអស់។ ឥឡូវវាចុះអស់ហើយ អានៅជិតក្តិតផ្ទះប្រជារាស្ត្រ ហើយវានៅឆ្ងាយ ឯបឹងធំៗខាងលិចទៀត»។
លោក សេង ហុង មានការបារម្ភជាខ្លាំងចំពោះវាសនារបស់មច្ឆាជាតិនាថ្ងៃខាងមុខ ប្រសិនបើបទល្មើសនេសាទនៅតែមិនអាចធ្វើការស្កាត់ឱ្យបាននោះទេ។
ចំណែកក្រុមប្រឹក្សាឃុំជីរោទ៍២ លោក គួង ខុម បានលើកឡើងថា នៅក្នុងតំបន់ដែលលោករស់នៅ បើតាមការសង្កេតរបស់លោកឃើញថា ករណីនេសាទខុសច្បាប់ គឺមានការកើនឡើងជាងរាល់ឆ្នាំ។ លោកបន្តថា លោកមិនបានឃើញការបាចថ្នាំពីសំណាក់អ្នកប្រព្រឹត្តិផ្ទាល់នោះទេ ក៏ប៉ុន្តែ លោកបានទាញសេចក្តីសន្និដ្ឋានថា អាចប្រហែលជាមានមែន ពីព្រោះកំពឹសងាប់ពាសពេញបឹង ក្តាមខ្យងវាឡើងដើមឈើជាដើម៖ «ខុសច្បាប់ហ្នឹងខ្លាំងជាងរាល់ឆ្នាំទៀត គឺថាកំណែទម្រង់ស៊ីជម្រៅហ្នឹងខ្លាំងជាងរាល់ឆ្នាំទៀត មែនទែនហ្មង! រាល់ឆ្នាំហ្នឹងដាក់ស្បៃដែរ តែកំពឹសអត់ងាប់ទេ ក្តាមអត់វាឡើងចុងឈើទេ ហើយអាណត្តិនេះយើងអត់តាមដានឃើញថាគេដាក់ស្អីទេ ប៉ុន្តែយើងពិចារណាអ៊ីចេះ ថ្នាក់កំពឹសងាប់ចាប់បានទាំងកញ្ច្រែង ក្តាមរត់ឡើងចុងឈើ ចុះត្រីមានជើងណារត់គ្នា»។
បញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម លោក គង់ ពុទ្ធារិទ្ធ មិនទាន់ទទួលបានព័ត៌មាននេសាទដោយប្រើប្រាស់សារធាតុគីមីនោះទេ ប៉ុន្តែលោកទទួលព័ត៌មានថា តំបន់នោះពិតជាមានករណីនេសាទដោយប្រើប្រាស់ស្បៃមែន ហើយលោកក៏បានចុះបង្ក្រាបដែរ។ ប្រសិនបើទទួលបានព័ត៌មាន លោកនឹងចាត់មន្ត្រីរបស់លោកឱ្យចុះទៅពិនិត្យមើល៖ «បើសិនឱ្យតែដឹងថា នៅក្នុងឃុំជីរោទ៍២ ចាំមើលខ្ញុំទាក់ទងទៅខាងអាជ្ញាធរគេបាទ! ហើយសហការជាមួយប៉ុស្តិ៍ជាមួយអី ដើម្បីចុះទៅដល់ទីតាំងហ្នឹង។ ហេ! បើកន្លងមកមានតែស្បៃមុង មានតែអី យើងបានចុះធ្វើតាំងពីរដូវបិទរហូតដល់ពេលនេះណាបង។ យើងធ្វើបានច្រើនហើយ ប៉ុន្តែគ្រាន់តែថា អាករណីពុលត្រីយើងអត់ទាន់បានទទួល»។
ចំពោះរឿងការបង្ក្រាបមិនមានប្រសិទ្ធភាពនោះ លោកមិនឯកភាពនោះទេ ប៉ុន្តែទទួលស្គាល់ថា ចំនួនមន្ត្រីជំនាញដែលចុះបង្ក្រាបមានចំនួនតិច រីឯប្រជាពលរដ្ឋដែលនេសាទមានចំនួនច្រើន។ ដូចនេះ មានការលំបាកនៅក្នុងការបង្ក្រាបឱ្យអស់តែម្តង។ ចំណែកបញ្ហាពុករលួយដែលនាំឱ្យការបង្ក្រាបអាចគ្មានប្រសិទ្ធភាពនោះ គឺលោក គង់ ពុទ្ធារិទ្ធ បានបដិសេធថា មិនមានមន្ត្រីណាមួយប្រព្រឹត្តអំពើពុករលួយនោះទេ ។ លោកបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៣ រហូតមកដល់ខែធ្នូ មន្ត្រីជលផលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ គឺបានចំនួន ១៦៥ករណីហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។