ប្រជាពលរដ្ឋនៅភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា អ្នកភូមិជាច្រើនគ្រួសារមានការជ្រួលច្របល់ និងខឹងសម្បាចំពោះសកម្មភាពចាប់ត្រីខុសច្បាប់របស់ជនជាតិវៀតណាម ចាប់ពីចំណុចក្បែរប៉ុស្តិ៍នគរបាលឃុំពាមឆ្កោក រហូតមកដល់ក្បាលកោះឫស្សីដង្គួច អស់រយៈពេលជិត ១សប្ដាហ៍មកហើយមិនឃើញមន្ត្រីជំនាញ ឬសមត្ថកិច្ចណាបង្ក្រាបឡើយ។
ប្រជាពលរដ្ឋម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់នៅថ្ងៃទី២ ខែមករា ថា ក្រុមអ្នកភូមិគ្រោងនឹងនាំគ្នាចាប់ឧបករណ៍ម៉ាញ់ទាំងនោះពីជនល្មើសយកទៅដុតចោល ក៏ប៉ុន្តែពួកគាត់ហាក់មានភាពភ័យខ្លាចទៅវិញ បន្ទាប់ពីបានឃើញទូកស្មាច់ជាច្រើនគ្រឿងរបស់សមត្ថកិច្ច បើកចុះឡើងនៅក្បែរនោះ ដើម្បីការពារសកម្មភាពប្រព្រឹត្តបទល្មើសនេះ៖ «អត់ទេគ្មាននរណាមកអើតអីផង។ បើនិយាយទៅ ម៉ាញ់វាការពារប៉ុណ្ណឹងហើយ ពីណាហ៊ានធ្វើវា បើគេការពារវាបង់លុយបង់អីឲ្យហើយ បានជាគេមិនហ៊ានធ្វើ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកជលគីរី លោក យិន វែន ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ ខែមករា។
យ៉ាងណា អធិការស្រុកជលគីរី លោក ម៉ម ហុន បានបដិសេធចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ចរបស់លោក ដែលថាបានការពារបទល្មើសនោះ គឺជារឿងមិនពិត។ លោកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចខាងលោក រង់ចាំតែចូលរួមសហការជាមួយនឹងមន្ត្រីជំនាញជលផល ក្នុងការបង្ក្រាបបទល្មើសនេសាទ។
ទាក់ទងនឹងបញ្ហានេះ ប្រធានរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន មានប្រសាសន៍ថា ការប្រើប្រាស់ឧបករណ៍ម៉ាញ់ ដើម្បីចាប់ត្រី គឺអាចធ្វើទៅបាននៅតាមទីតាំង និងខេត្តមួយចំនួន ដូចជា ខេត្តកណ្ដាល និងកំពង់ចាម ជាដើម ក៏ប៉ុន្តែគេត្រូវកំណត់កម្លាំងម៉ាស៊ីនក្នុងការធ្វើសកម្មភាពទាំងនោះ។ ដោយឡែក នៅខេត្តកំពង់ឆ្នាំង សកម្មភាពវាយម៉ាញ់ដោយកម្លាំងម៉ាស៊ីន ត្រូវបានហាមឃាត់៖ «ខ្ញុំទទួលបាននៅខាងលើ យើងចាត់ខាងលើប្រហែលវាទៅខាងក្រោមអ៊ីចឹង សុំឲ្យបងប្រគល់លេខទូរស័ព្ទ ខ្ញុំទៅឲ្យគាត់ទៅមានការអីឲ្យគាត់តេ (ទូរស័ព្ទ) មកទាក់ទងខ្ញុំ ដើម្បីខ្ញុំសហការជាមួយខាងគាត់»។
លោកបញ្ជាក់ថា សកម្មភាពបង្ក្រាបបទល្មើសនេសាទទាំងខាងមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ជាពិសេសនៅពេលយប់ ដែលបញ្ហានេះទាមទារឲ្យមានការចូលរួមសហការពីប្រជាពលរដ្ឋ ឬសហគមន៍នេសាទ ដែលបានដឹងច្បាស់ពីសកម្មភាពបទល្មើសទាំងនោះផ្ទាល់។ សកម្មភាពបង្ក្រាបបទល្មើសនេសាទនៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីរាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ បណ្ដាលឲ្យប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនេះចំនួន ២រូប បានស្លាប់ក្នុងបេសកកម្មបង្ក្រាបបទល្មើសឆក់ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
