បទល្មើសនេសាទដោយប្រើកម្លាំងទូកម៉ាស៊ីន កំពុងកើតមានច្រើននៅតាមភូមិមួយចំនួននៃឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រុមពលរដ្ឋ និងតំណាងបណ្ដាញអ្នកនេសាទបឹងទន្លេសាប ឲ្យដឹងថា សកម្មភាពល្មើសនេះកើតមានតាំងពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ខាងសមត្ថកិច្ចជំនាញទប់ស្កាត់មិនបាន។
ក្រុមអ្នកភូមិនៃឃុំអំពិលទឹក ឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ថា ការរស់នៅរបស់អ្នកភូមិបែកចាន ភូមិក្អែកពង ភូមិស្ទឹងស្ងួត និងភូមិឪម៉ាល់ កំពុងរំខានដោយសំឡេងទូកម៉ាស៊ីនធ្វើសកម្មភាពចាប់ត្រីល្មើសច្បាប់ជារៀងរាល់យប់ ចាប់ពីម៉ោង ៣ ដល់ម៉ោងជាង ៤ទៀបភ្លឺ។ ទីតាំងប្រព្រឹត្តបទល្មើសច្រើនជាងគេ គឺនៅតាមបណ្ដោយដងទន្លេ ចាប់ពីចំណុចព្រែកស្ទឹងស្ងួត រហូតដល់ចំណុចមុខសាលារៀននៃភូមិឪម៉ាល់។
ពលរដ្ឋម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងមានមុខរបររាយមង និងចងសន្ទូច ឲ្យដឹងថា ជនល្មើសមានទាំងជនជាតិវៀតណាម ចាម និងខ្មែរ ភាគច្រើនចេញមកពីឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បានបើកទូកម៉ាស៊ីនអូសចៃរ៉ាយ៉ាងតិច ៧គ្រឿង និងរុញជនយ៉ាងតិចពីរគ្រឿងក្នុងមួយយប់ៗ។ លោកថា ការនេសាទខុសច្បាប់នេះ បានបង្កឲ្យដាច់មង និងសន្ទូចអ្នកភូមិគ្រប់គ្នា៖ «សូមស្ថាប័នពាក់ព័ន្ធទាំងអស់ មានវិធានការបញ្ឈប់មុខរបរនេសាទដោយគ្រឿងម៉ាស៊ីននេះ ដើម្បីឲ្យប្រជាពលរដ្ឋរកបានចិញ្ចឹមឆ្នាំងផង ហើយយប់ឡើងអត់បានដេកទេ ក្ដុងក្ដាំងរហូត។ អ៊ីចឹងប៉ះពាល់ប្រយោជន៍ប្រជាពលរដ្ឋក៏ច្រើន»។
ឧបករណ៍នេសាទគ្រប់ប្រភេទដែលប្រើកម្លាំងម៉ាស៊ីន គឺជាបទល្មើស។ ចៃរ៉ា គឺជាប្រភេទឧបករណ៍ម្យ៉ាងប្រើសាច់សំណាញ់ដែលមានជើងសម្រុង ៤ ទៅ ៥ម៉ែត្រ ហើយមុខកាត់ភ្ជាប់នឹងច្រវាក់ចន្លោះពី ១៥ ទៅ ២០ម៉ែត្រ ដើម្បីអូសដោយកម្លាំងម៉ាស៊ីននៅក្នុងទឹកជ្រៅៗ។ រីឯជនវិញ គឺជាឧបករណ៍ម្យ៉ាងប្រើសាច់សំណាញ់ក្រឡាល្អិត ឬធំ ដូចគ្នានឹងចៃរ៉ាដែរ ប៉ុន្តែវាជាឧបករណ៍សម្រាប់រុញមានមុខកាត់ប្រហែល ១០ម៉ែត្រ ហើយឧបករណ៍ទាំងនេះ មានលទ្ធភាពចាប់ត្រីបានច្រើនរាប់រយដងពីការប្រើសំណាញ់ ឬសន្ទូចដែលប្រើកម្លាំងមនុស្ស។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ បដិសេធមិនអត្ថាធិប្បាយអ្វីឡើយ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
មេឃុំអំពិលទឹក លោក ហេង ចំរើន ថ្លែងទទួលស្គាល់ថា បទល្មើសពិតជាកើតមានដូចសេចក្ដីរាយការណ៍របស់ពលរដ្ឋមែន ហើយលោកមិនដឹងធ្វើយ៉ាងណានោះទេ ក្រៅពីរាយការណ៍ទៅថ្នាក់លើជារៀងរាល់ខែ តែមិនសូវឃើញលទ្ធផល៖ «សមត្ថកិច្ចចាប់ដែរហ្នឹងណា ប៉ុន្តែដូចថាមិនចំគោលដៅវាយ៉ាងម៉េច វាបានតែមួយប្រាវៗអ៊ីចឹងទៅ។ ខ្ញុំមិនដឹងមានវិធានការយ៉ាងម៉េចទេ ខ្ញុំនេះ ដល់ពេលអ៊ីចឹង ខ្ញុំមានបំណងហៅមកអប់រំ និងផ្សព្វផ្សាយ»។
តំណាងបណ្ដាញអ្នកនេសាទបឹងទន្លេសាបប្រចាំខេត្តកំពង់ឆ្នាំង លោក ស៊ិន សុបញ្ញា ថាបទល្មើសចៃរ៉ា និងរុញជននេះ កើតមានរៀងរាល់ឆ្នាំក្នុងរដូវទឹកស្រក ហើយការនេសាទបែបនេះ នឹងបាត់ទៅវិញនៅរដូវទឹកឡើង។ លោកថា ការបង្ក្រាបពុំមានប្រសិទ្ធភាព គឺអាចមកពីអាជ្ញាធរ ឬជំនាញជលផល ត្រូវរ៉ូវជាមួយជនល្មើស ព្រោះរាល់ការចុះបង្ក្រាបរបស់មន្ត្រីជំនាញ ជនល្មើសតែងតែដឹងខ្លួនជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
