តំណាងសហគមន៍នេសាទឃុំកំពង់ត្រឡាច លោក ប៉ែន សាវ៉េត បានបញ្ជាក់នៅថ្ងៃទី១៧ ខែកញ្ញា ថា សកម្មភាពបង្ក្រាបបទល្មើសនេសាទនៅក្នុងឃុំរបស់លោក គឺពុំមានប្រសិទ្ធភាពនោះទេ ជាពិសេសបទល្មើសប្រើឧបករណ៍លូស្បៃមុង។ លោកបន្តថា លោកនឹងដើរពង្រឹងចំណេះដឹងក្រុមប្រជានេសាទឡើងវិញ ដើម្បីឲ្យពួកគាត់យល់ដឹង ព្រមទាំងចេះការពារធនធានធម្មជាតិ និងមច្ឆាជាតិនៅក្នុងសហគមន៍ទាំងមូល៖ «និយាយរួមដូចថាការវែកចកអីចឹងណា ប៉ុន្មានថ្ងៃមុននេះចេះតែកើនឡើងៗទៅដាក់ហ្នឹង យើងចាប់ ១០ ចេញមក ២០ យ៉ាងម៉េចទេខ្ញុំចេះតែឆ្ងល់»។
លោកបញ្ជាក់ថា តាមលោកសង្កេតមើលផ្ទាល់របស់លោក កត្តាដែលបទល្មើសកើតឡើងកាន់តែច្រើន ហើយបង្ក្រាបមិនសូវមានប្រសិទ្ធភាពនោះ គឺបណ្ដាលមកពីប្រជាសហគមន៍មិនជួយទប់ស្កាត់ និងលួចប្រព្រឹត្តបទល្មើសខ្លួនឯង។
មន្ត្រីសម្របសម្រួលសហគមន៍នេសាទ នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ប្រចាំខេត្តកំពង់ឆ្នាំង អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ការចុះបង្ក្រាបបទល្មើសនេសាទមិនបានផល គឺអាចបណ្ដាលមកពីការអនុវត្តច្បាប់របស់មន្ត្រីជលផលមានភាពធូររលុង និងខ្វះការចូលរួមពីសហគមន៍៖ «រយៈពេលចុងក្រោយ បើតាមខាងអង្គការខ្ញុំធ្វើការទៅខាងហ្នឹង គឺនៅតែមានស្ទើរតែគ្រប់តំបន់ជុំវិញបឹងទន្លេសាប ៦ខេត្តហ្នឹង ស្ទើរតែគ្រប់កន្លែងទាំងអស់នៅតែមាន គ្រាន់តែតិចហើយ និងច្រើនប៉ុណ្ណឹងទេប្អូន»។
អ្នកស្រីបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះដែរ ខាងអង្គការរបស់អ្នកស្រី និងមន្ត្រីជំនាញជលផល ព្រមទាំងអាជ្ញាធរស្រុកកំពង់ត្រឡាច សរុបប្រមាណជា ១៥នាក់ បានចុះទៅពិនិត្យមើលបទល្មើសនេសាទ និងទីតាំងនេសាទចំនួន ៤កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងឃុំកំពង់ត្រឡាច ដែលមានផ្ទៃទឹកសរុប ២០ហិកតារ ដើម្បីរៀបចំដែនអភិរក្សសហគមន៍ ក្នុងនោះមាន ៣ហិកតារសម្រាប់អភិរក្សមេត្រីពងកូន។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន មានប្រសាសន៍ថា បទល្មើសនេសាទពិតជាកើតមានច្រើននៅស្រុកកំពង់ត្រឡាច និងស្រុកជលគីរី មែន ក៏ប៉ុន្តែ មន្ត្រីជំនាញរបស់លោកបានចុះបង្ក្រាបស្ទើររាល់ថ្ងៃ ហើយបានដុតបំផ្លាញលូស្បៃមុងជាង ៤០០ច្រកនៅក្នុងឆ្នាំ២០១៣៖ «មានទៀតដូចជារបាំងរ៉ាវអាវែងៗហ្នឹង យើងមានទៀត ប៉ុន្តែខ្ញុំចង់សង្កត់ថា ស្បៃមុងវាជាបទល្មើសមួយដែលធ្ងន់ធ្ងរជាងគេ»។
ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយជាប់បឹងទន្លេសាប និងមានប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរនេសាទ ក្នុងនោះគេសង្កេតឃើញមានជនអន្តោប្រវេសន៍វៀតណាម បានចូលមករស់នៅលើផ្ទៃទន្លេ និងបាននេសាទត្រីខុសច្បាប់ជាច្រើនទៀតផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចេញបញ្ជាផ្ទាល់មាត់ទៅ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែកក្កដា ឆ្នាំ២០១១ កន្លងទៅ ឲ្យដកតំណែងនាយខណ្ឌរដ្ឋបាលជលផលខេត្តជាប់បឹងទន្លេសាបចំនួន ៥នាក់ គឺខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ការដកតំណែងនេះ ត្រូវបានគេមើលឃើញថា ដោយសារតែនាយខណ្ឌរដ្ឋបាលជលផលទាំងនោះបានបណ្ដែតបណ្ដោយឲ្យកើតមានបទល្មើសនេសាទធ្ងន់ធ្ងរនៅក្នុងខេត្តរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
