ក្រុមប្រជាពលរដ្ឋ បានស្នើដល់រដ្ឋាភិបាលអាណត្តិថ្មី និងមន្ត្រីជំនាញជលផលថ្នាក់លើ អោយចុះស៊ើបអង្កេត និងចាត់វិធានការនេះជាបន្ទាន់។
ប្រជាពលរដ្ឋរស់នៅឃុំផ្លូវទូក ឃុំកំពង់បឹង និងឃុំច្រណូក នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៦ ខែកញ្ញា ថា បទល្មើសនេសាទបានកក្រើកឡើងកាន់តែខ្លាំង ដោយសារតែមានមន្ត្រីជំនាញជលផល និងអាជ្ញាធរមូលដ្ឋានមួយចំនួន បានប្រព្រឹត្តអំពើពុករលួយ។
ប្រជាពលរដ្ឋរស់នៅឃុំកំពង់បឹង លោក អ៊ុម សារ៉ុម មានប្រសាសន៍ថា បទល្មើសនេសាទដូចជា ប្រើរបាំងដាក់លបស្បៃមុង និងប្រើឧបករណ៍ឆក់ បានកើតឡើងច្រើននៅក្នុងឃុំចំនួនពីរ គឺឃុំផ្លូវទូក និងឃុំច្រណូក៖ «ចេញទៅមានប៉ូលិស មានទាហាន មានចៅហ្វាយស្រុករង ហើយមានទាំងជលផល បង្ក្រាបបានតែអាខ្នាតតូចៗ បងដាក់របាំងបីខ្សែតាំងពីជើងភ្នំ រហូតដល់មាត់ស្ទឹងជាប់ព្រំប្រទល់ខេត្តកំពង់ធំ ដែលមានរាប់គីឡូដីឯណោះ ហើយចុះរឿងអីអ្នកហ្នឹងមិនទៅកាប់មិនទៅសើរើពីរឿងរបាំងហ្នឹង»។
លោកបញ្ជាក់ថា បទល្មើសនេះមិនងាយនឹងលុបបំបាត់បានឡើយ ដោយសារតែមានមន្ត្រីជំនាញថ្នាក់ក្រោម និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយម។ ដូច្នេះ ពួកគាត់សុំឲ្យរដ្ឋាភិបាល ឬក៏មន្ត្រីជំនាញជលផលថ្នាក់លើ ចុះមកបង្ក្រាបផ្ទាល់តែម្ដង។
ចំណែកឯប្រជាពលរដ្ឋរស់នៅឃុំផ្លូវទូក លោក សៀក អ៊ីម បញ្ជាក់ថា លោកតែងតែរាយមងរបស់លោកដែលមានប្រវែងជាង ១០០ម៉ែត្រ នៅក្បែររបាំងបទល្មើសទាំងនោះ ក៏ប៉ុន្តែត្រូវបានម្ចាស់របាំងឈ្មោះ ផល មកសាមងរបស់លោកបោះចោល ដោយបញ្ជាក់ថា គេបានបង់លុយឲ្យមន្ត្រីជំនាញអស់រាប់ពាន់ដុល្លារ ដូច្នេះលោកមិនអាចរាយមងនៅក្បែរនោះបានទេ៖ «វាដាក់រ៉ាវពីងពង់ ហើយដាក់សាច់អួនប្រហែលជា ៣គីឡូដី ចំនួន ១២ឡុក គេមកដែរ ប៉ុន្តែគេមកយកតែលុយ ហើយទៅវិញ។ សង្កាត់អីក៏ដោយ ជលផលក៏ដោយ កាសែតក៏ដោយ មកយកតែលុយទៅវិញ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងស្រុកកំពង់លែង លោក ផៅ ស្រៀង និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះបានទេ នៅល្ងាចថ្ងៃទី២៦ កញ្ញា។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន មានប្រសាសន៍ថា នៅស្រុកកំពង់លែង គឺមិនសូវកើតមានបទល្មើសនេសាទនោះទេ ក៏ប៉ុន្តែ លោកបានចាត់ឲ្យមន្ត្រីជំនាញនៅប្រចាំការ និងចុះបង្ក្រាបបទល្មើសស្ទើររៀងរាល់ថ្ងៃ ហើយលោកបានបដិសេធចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋមកលើមន្ត្រីជំនាញរបស់លោក ដែលថាមានការឃុបឃិត និងប្រព្រឹត្តអំពើពុករលួយក្នុងបទល្មើសនេសាទនោះទេ៖ «គាត់មានប្រសាសន៍ហ្នឹង ខ្ញុំទទួលយកអត់បានទេ បងឯងចាំសិនទៅ ចាំខ្ញុំតាមដានទៀត កម្លាំងខ្ញុំទៅធ្វើឯហ្នឹងថ្ងៃហ្នឹងហើយ»។
លោកបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកញ្ញា នេះ លោកកំពុងធ្វើសកម្មភាពបង្ក្រាបនៅស្រុកកំពង់ត្រឡាច និងស្រុកជលគីរី ដែលជាស្រុកមានបទល្មើសនេសាទច្រើនជាងគេនៅទូទាំងខេត្តកំពង់ឆ្នាំង។
មន្ត្រីសម្របសម្រួលសហគមន៍នេសាទ នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ប្រចាំខេត្តកំពង់ឆ្នាំង អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើមន្ត្រីជំនាញជលផល និងអាជ្ញាធរមូលដ្ឋាន ថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទនោះ អ្នកស្រីមិនបានដឹងច្បាស់ទេ។ ក៏ប៉ុន្តែ កាលពីពេលថ្មីៗកន្លងទៅ អ្នកស្រីបានចុះអង្កេតផ្ទាល់នៅក្នុងឃុំច្រណូក ឃើញកើតមានបទល្មើសច្រើនពិតមែន៖ «យើងចុះទៅវាមានមែន ថតបានមែន ទាក់ទងអាឧបករណ៍ដូចជាលូស្បៃមុង ភាគច្រើននៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ហើយមានខាងច្រណូក មាននៅស្រុកជលគីរី មានមាននៅឃុំច្រណូក ស្រុកកំពង់លែង ហ្នឹង នៅតែមាន ហើយមួយទៀតនៅខាងឆ្នុកទ្រូ ក៏មានដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចេញបញ្ជាផ្ទាល់មាត់ទៅ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែកក្កដា ឆ្នាំ២០១១ កន្លងទៅ ឲ្យដកតំណែងនាយខណ្ឌរដ្ឋបាលជលផលខេត្តជាប់បឹងទន្លេសាប ចំនួន ៥នាក់ គឺខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ការដកតំណែងនេះ ត្រូវបានគេមើលឃើញថា ដោយសារតែនាយខណ្ឌរដ្ឋបាលជលផលទាំងនោះបានបណ្ដែតបណ្ដោយឲ្យកើតមានបទល្មើសនេសាទធ្ងន់ធ្ងរ នៅក្នុងខេត្តរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
