មន្ត្រី​ជលផល​និង​ប្រធាន​សហគមន៍​នេសាទ​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ពុក​រលួយ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ចោទ​នាយ​សង្កាត់​រដ្ឋបាល​ជលផល និង​ប្រធាន​សហគមន៍​នេសាទ ថា​បាន​បើក​ដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​កាន់​តែ​ច្រើន​ឡើង និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ។

ប៉ុន្តែ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ចោទ​មក​លើ​មន្ត្រី​ជលផល និង​តំណាង​សហគមន៍​នោះ គឺ​គ្មាន​មូលដ្ឋាន ឬ​ភស្តុតាង​ច្បាស់​លាស់​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់​អះអាង​ថា សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ និង​ដាក់​លូ​ស្បៃ​មុង​កាន់​តែ​កើត​មាន​ច្រើន​ក្នុង​មូលដ្ឋាន​របស់​លោក នៅ​ភូមិ​ខ្លាគ្រហឹម ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច។ លោក​ថា បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​មាន​មេ​ខ្យល់​ក្នុង​ភូមិ​ឈ្មោះ ជា សាវ័ន ដើរ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ក្នុង ១​មាត់​ស្បៃ​មុង ចំនួន ១៥​ម៉ឺន​រៀល ទៅ​ឲ្យ​ទៅ​ឈ្មោះ សេន យូ ដែល​ជា​ប្រធាន​សហគមន៍​នេសាទ​ក្នុង​តំបន់​នោះ។

លោក កែវ សារ៉ាត់ មាន​ប្រសាសន៍​ថា បទល្មើស​ស្បៃ​មុង​ជាច្រើន​មាត់​នៅ​ក្នុង​បឹង​ជំនីកមន ឋិត​ក្នុង​ភូមិ​ខ្លាគ្រហឹម គឺ​ជា​ភស្តុតាង​មួយ​ក្នុង​ការ​បើក​ដៃ​ឲ្យ​មាន​បទល្មើស។ ចំណែក​រឿង​ពុក​រលួយ​វិញ គឺ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​លូ​ស្បៃ​មុង ដែល​មាន​ប្រធាន​សហគមន៍ លោក សេន យូ និង​នាយ​សង្កាត់​ជលផល​ស្រុក​កំពង់ត្រឡាច លោក គឹម ហេង មិន​បាន​បង្ក្រាប​ស្បែ​មុង​របស់​បក្ខពួក ឬ​អ្នក​ដែល​បង់​ប្រាក់​ឲ្យ​ខ្លួន​នោះ​ទេ តែ​បែរ​ជា​ជួយ​បន្លិច​ស្បៃ​មុង​នោះ​ចូល​ក្នុង​ទឹក ដើម្បី​លាក់​បាំង​បទល្មើស​ទៀត​ផង៖ «អូ! ពី​មុន​តិច​ទេ ដល់​ឥឡូវ​តាំង​ពី​ឈ្មោះ ជា សាវ័ន ដើរ​ឃោសនា​មក​គេ​ថា​អស់ ១​លាន​អី​រក​តែ​មួយ​អាទិត្យ (១​សប្ដាហ៍) ទេ រួច​ដើម​វិញ​ហើយ ប៉ុន្តែ​ឥឡូវ​ច្រើន​មែន​ទែន​លោកគ្រូ ខ្ញុំ​ចង់​បាន​នរណា​មក​ថត កុំ​ឲ្យ​គេ​ដឹង​តែ​ម្ដង។ គេ​មក​ដឹង គឺ​អត់​បាន​សូម្បី​តែ​ថ្ងៃ​ទី​៣០ ខែ​១០ ហ្នឹង អភិបាល​រង​ចុះ​មក គេ​ប្រាប់​ឲ្យ​ពន្លិច​អស់។ សេន យូ ហ្នឹង​ជា​អ្នក​តេ​ប្រាប់​មក ជា សាវ័ន ឲ្យ​ពន្លិច​ស្រយឺល ហើយ​និង​កៀរ​ត្រី​ឆ្ដោរ​លាក់​ទុក»

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​សហគមន៍​នេសាទ លោក សេន យូ និយាយ​បែប​ហំ​ថា លោក​ធ្វើ​ការ​មាន​មេ​មាន​កើយ។ ដូច្នេះ លោក​មិន​អាច​បំភ្លឺ​អ្វី​បាន​នោះ​ទេ ដោយ​ជំរុញ​ឲ្យ​ទៅ​សួរ លោក គឹម ហេង ដែល​ជា​នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​កំពង់ត្រឡាច។ ប៉ុន្តែ លោក គឹម ហេង បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី សាកសួរ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នេះ។

យ៉ាង​ណា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ថ្លែង​បញ្ជាក់​ថា ករណី​បទល្មើស​នេសាទ​នៅ​ស្រុក​កំពង់ត្រឡាច នេះ ខាង​លោក​បាន​ទទួល​ចំណារ​មួយ​ពី​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែរ ប៉ុន្តែ​ការ​ចុះ​ពិនិត្យ​មើល​ជាក់ស្ដែង​ជា​បន្តបន្ទាប់ តាំង​ពី​មុន​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤ មក គឺ​ពុំ​មាន​បទល្មើស​ច្រើន​ដូច​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ឡើយ។ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​របស់​លោក និង​តំណាង​សហគមន៍​នេសាទ​នោះ លោក​ថា ពលរដ្ឋ​ចេះ​តែ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង ខណៈ​ដែល​ខាង​ជំនាញ​ជលផល​ធ្វើ​ការ​បង្ក្រាប​ជា​ប្រចាំ៖ «ខ្ញុំ​បដិសេធ​ថា​ការ​ឃុបឃិត​អី​ហ្នឹង សូម​ឲ្យ​គាត់​រក​ភស្តុតាង​ឲ្យ​ត្រឹមត្រូវ កុំ​ឲ្យ​គាត់​ចេះ​តែ​ថា​អ៊ីចឹង វា​ជួន​កាល​គាត់​មាន​ប្រសាសន៍​ទៅ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ ធ្វើ​ឲ្យ​មន្ត្រី​របស់​ខ្ញុំ​មាន​សតិ​អារម្មណ៍​ថា ខំ​ធ្វើ​ចង់​ងាប់ នៅ​ថា​អ៊ីចេះ​អ៊ីចុះ។ បើ​សិន​គាត់​មាន​ភស្តុតាង​អី​ច្បាស់​លាស់ យើង​នឹង​ហៅ​មន្ត្រី​ហ្នឹង​ធ្វើ​ការ​ណែនាំ​បង​ណា ទៅ​តាម​លក្ខន្តិកៈ​មន្ត្រី​រាជការ»

កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៤ វិទ្យុ​អាស៊ីសេរី បាន​ទទួល​លិខិត​ភ្ជាប់​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ភូមិ​ខ្លាគ្រហឹម ចំនួន ១៦​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៣០០​គ្រួសារ។ នៅ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា បទល្មើស​នេសាទ​កើត​មាន​ពេញ​បន្ទុក ប៉ុន្តែ​ការ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ហាក់​បង្ក្រាប​មិន​ស្មើ​មុខ​គ្នា និង​គ្មាន​ប្រសិទ្ធភាព។ ទាក់ទង​នឹង​ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច នេះ​ដែរ កាល​ពី​ដើម​ឆ្នាំ​២០១៤ មាន​សមត្ថកិច្ច​ពីរ​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឆក់​នៅ​ពេល​យប់ ដែល​បច្ចុប្បន្ន​រក​ឃើញ​សាកសព​ម្នាក់ និង​ម្នាក់​ទៀត​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។