ទូកនេសាទ ៣គ្រឿង និងមនុស្ស ៩នាក់ ប្រើឧបករណ៍ឆក់បំផ្លាញធនធានសមុទ្រ ត្រូវប្រជាពលរដ្ឋនៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ប្រមាណ ២០០នាក់ ព័ទ្ធចាប់បាននៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ហើយប្រគល់ឲ្យសមត្ថកិច្ចខេត្តនោះដោះស្រាយ។
ជនជាតិចាម នៅភូមិដូនតោក លោក អែល សា ថ្លែងថា ច្រើនឆ្នាំមកហើយ សមត្ថកិច្ចមិនសូវអើពើបញ្ហាបំផ្លាញធនធានសមុទ្រ ដោយសារឧបករណ៍ឆក់នេះទេ ទើបអ្នកភូមិចាប់ឧបករណ៍ ទាំងទូក និងមនុស្ស ជាវត្ថុតាង ប្រគល់ឲ្យអាជ្ញាធរជលផលដោះស្រាយ ហើយដាក់ទោសតាមច្បាប់៖ «ចាប់ទុក ៣គ្រឿង មនុស្ស ៩នាក់ ជនជាតិខ្មែរ។ វាចូលមករាល់តែថ្ងៃ ហើយមិនដឹងខាងជំនាញណា គេឲ្យចូលមកទេ ខ្ញុំអត់ដឹងដែរ។ ដល់ពេលនេះ ខ្ញុំឃើញ ខ្ញុំទៅចាប់មក ព្រោះអីខ្ញុំឲ្យជំនាញយកទៅដោះស្រាយតាមផ្លូវច្បាប់»។
មន្ត្រីអនុវត្តន៍ច្បាប់ខេត្តកំពត មិនធ្វើអត្ថាធិប្បាយក្នុងពេលដោះស្រាយទូក ៣គ្រឿង និងមនុស្ស ៩នាក់ ដែលប្រើឧបករណ៍ឆក់ក្នុងសមុទ្រនោះទេ។
ប៉ុន្តែ មន្ត្រីសម្របសម្រួលប្រចាំនៅតំបន់ឆ្នេររបស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សជលផល លោក ហួត ស៊ីណាត ថ្លែងថា ច្បាប់ជលផលចែងផ្ដន្ទាទោសអ្នកប្រើឧបករណ៍ឆក់ ជាប់ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ច្រើនលានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
