ប្រជា​សហគមន៍​នៅ​កំពត​ទាមទារ​ឲ្យ​មាន​វេទិកា​សាធារណៈ​ស្ដីពី​បទល្មើស​នេសាទ​សមុទ្រ

0:00 / 0:00

ការ​បង្ក្រាប​បទល្មើស​នេសាទ​សមុទ្រ​នៅ​ខេត្ត​កំពត ដោយ​ប្រជា​សហគមន៍ កំពុង​ប្រែ​ក្លាយ​ជា​ជម្លោះ ដោយ​ក្រុម​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេសាទ ប្ដឹង​ចោទ​សហគមន៍​ទៅ​តុលាការ​ខេត្ត​ពី​បទ​ប្លន់។

អង្គការ​ការពារ​ធនធាន​ជលផល​តំបន់​ឆ្នេរ សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត បើក​វេទិកា​សាធារណៈ​បង្ការ​ទប់ស្កាត់​បទល្មើស​នេសាទ ដើម្បី​បង្រៀន​អ្នក​នេសាទ កុំ​ឲ្យ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ បំផ្លាញ​ធនធាន​សមុទ្រ​ក្នុង​តំបន់​ទឹក​រាក់ និង​បញ្ចៀស​មិន​អោយ​កើត​មាន​វិវាទ​ជា​ថ្មី​ទៀត។

ប្រជា​សហគមន៍​នេសាទ​ដូនតោក ខេត្ត​កំពត ទាមទារ​ឲ្យ​មាន​វេទិកា​សាធារណៈ ខណៈ​បទល្មើស​នេសាទ​សមុទ្រ​នៅ​តែ​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៣។

តំណាង​សហគមន៍​នេសាទ​ដូនតោក លោក ហាត់ ការីម ឲ្យ​ដឹង​ថា ពី​មួយ​ខែ​ទៅ​មួយ​ខែ បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​អូសគូ​ដោយ​ជនជាតិ​វៀតណាម និង​បទល្មើស​ប្រើ​ឧបករណ៍​ឆក់ ដោយ​ជនជាតិ​ខ្មែរ​មក​ពី​ខេត្ត​កែប នៅ​តែ​កើត​មាន​ឥត​ឈប់​ឈរ​នៅ​ដែន​សមុទ្រ​ទឹក​រាក់ ក្នុង​សហគមន៍​ដូនតោក។ លោក​បន្ត​ថា ដោយសារ​តែ​សហគមន៍​ដូនតោក ចេញ​មុខ​បង្ក្រាប​បទល្មើស​ញឹកញាប់ ទើប​នៅ​សប្ដាហ៍​មុន អ្នក​នេសាទ​មក​ពី​ខេត្ត​កែប ដែល​ប្រើ​ឧបករណ៍​ឆក់​ក្នុង​ដែន​សមុទ្រ​ទឹក​រាក់ ប្ដឹង​ចោទ​សហគមន៍​ពួក​គាត់​ពី​បទ​ប្លន់​ទៅ​វិញ។ មូលហេតុ​នេះ ទើប​សហគមន៍​ដូនតោក ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ជលផល បង្កើត​វេទិកា​សាធារណៈ ជជែក​ពី​បទល្មើស​នេសាទ​សមុទ្រ៖ «យើង​មាន​ភស្តុតាង យើង​យក​កូន​ដៃ និង​តៃកុង​យក​មក គាត់​សារភាព​ថា​គាត់​ដាក់​ឆក់​មែន ព្រោះ​អី​ខ្ញុំ​ដាក់​ចាប់​គាត់​នៅ​កន្លែង​ហ្នឹង គឺ​ទូក​ហ្នឹង​បាន​ដាក់​ឆក់​មែន។ យើង​ក៏​មិន​មែន​ចាប់​គេ​មក​វាយ​ដំ​គេ​ដែរ យើង​គ្រាន់​តែ​ចាប់​មក យើង​ប្រគល់​ឲ្យ​ជំនាញ​គេ​ដោះស្រាយ​ទៅ»

លោក ហាត់ ការីម បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ សហគមន៍​នេសាទ​ដូនតោក បង្ក្រាប​បាន​ទូក​អូសគូ​វៀតណាម និង​ទូក​ខ្មែរ​ប្រើ​ឧបករណ៍​ឆក់​បាន ១០​គ្រឿង ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ខេត្ត​កំពត បាន​ដោះ​លែង​ក្រោយ​ពី​អប់រំ និង​ពិន័យ​ជា​ប្រាក់៖ «បង្ក្រាប​បាន ៦-៧​ករណី​ហើយ ហើយ​ទូក​អូសគូ ៣​គូ​ហើយ ទូក​ឆក់ ៥-៦​គ្រឿង​ហើយ»

អ្នក​សម្រប​សម្រួល​គម្រោង​របស់​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​នៅ​តំបន់​ឆ្នេរ លោក ហួត ស៊ីណាត ឲ្យ​ដឹង​ថា ដោយសារ​តែ​បទល្មើស​នេសាទ​នៅ​ឆ្នាំ​២០១៤ នៅ​តែ​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៣ គឺ​លើស​ជាង ១០​ករណី បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា។ លោក​បន្ត​ថា ការ​បង្កើត​វេទិកា​សាធារណៈ នឹង​អាច​ឲ្យ​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​ប្រជា​នេសាទ​កំពុង​ជួប​ប្រទះ៖ «បទល្មើស​នេសាទ​នៅ​សហគមន៍​ដូនតោក​ហ្នឹង វា​កើត​ឡើង​ជា​ញឹកញាប់ ទាំង​ទូក​អូសគូ​របស់​ជនជាតិ​វៀតណាម ហើយ​និង​ទូក​ឆក់​របស់​ខ្មែរ​យើង​មក​ពី​ខាង​ព្រែក​តានេន ខាង​ខេត្ត​កែប ឃើញ​មក​ឆក់​ជា​ញឹកញាប់ ហើយ​ឆក់​នៅ​ពេល​ថ្ងៃ​ទៀត។ ហើយ​ថ្មីៗ​នេះ គឺ​មាន​អភិបាល​ក្រុង​ខេត្ត​កំពត គាត់​បាន​ចុះ​ទៅ​ដូនតោក​ហ្នឹង​ជាមួយ​ខាង​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​មាន​ខ្ញុំ​ផ្ទាល់ ហើយ​មាន លោក ស សារិន ដែល​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត ហ្នឹង ចុះ​ទៅ​សម្រប​សម្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បទល្មើស​នេសាទ​ហ្នឹង ហើយ​យើង​បាន​ឯកភាព​គ្នា​ថា​យើង​នឹង​ធ្វើ​វេទិកា​សាធារណៈ​មួយ សម្រប​សម្រួល​ដោយ​លោក​អភិបាល​ខេត្ត​កំពត។ វេទិកា​សាធារណៈ​មិន​ទាន់​បាន​ធ្វើ​ទេ ប៉ុន្តែ​ករណី​បទល្មើស​នេសាទ​ហ្នឹង វា​កើត​ឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ដំណោះស្រាយ​វា​មិន​ជា​ដុំ​កំភួន​ទេ ប៉ុន្តែ​គ្រាន់​ថា បាន​ឯកភាព​គ្នា​ដើម្បី​ដោះស្រាយ​ជូន​ប្រជាជន»

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង លោក ស សារិន មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល និង​អភិបាល​ខេត្ត​កំពត លោក ឃួយ ឃុនហូរ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

ចំណែក​ក្រុមប្រឹក្សា​ខេត្ត​កំពត អ្នកស្រី សំ ចរិយា ថ្លែង​ថា នឹង​លើក​សំណើ​របស់​អង្គការ និង​សហគមន៍​នេះ​ជូន​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ​តុលា ដើម្បី​សុំ​ឲ្យ​អភិបាល​ខេត្ត​ពិចារណា​ឲ្យ​មាន​វេទិកា​សាធារណៈ​នេះ​កើត​ឡើង។

លោក ហួត ស៊ីណាត មន្ត្រី​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​នៅ​តំបន់​ឆ្នេរ ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៤ មិន​មាន​ព័ត៌មាន​បាញ់​សម្លាប់​អ្នក​នេសាទ​ខ្មែរ ដែល​ចូល​នេសាទ​រំលោភ​ដែន​នេសាទ​វៀតណាម នៅ​ឡើយ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ អ្នក​នេសាទ​កម្ពុជា ៦​នាក់ ត្រូវ​ជនជាតិ​វៀតណាម បាញ់​ឲ្យ​របួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។