ប្រជាពលរដ្ឋខេត្តកណ្ដាល បានឲ្យដឹងថា បទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ ផ្ដើមដោយអ្នកនេសាទជនជាតិវៀតណាម បានធ្វើសកម្មភាពអនាធិបតេយ្យនៅតាមដងទន្លេមេគង្គ។ ករណីនេះ ប្រជាពលរដ្ឋខ្មែរបានចោទសមត្ថកិច្ចពាក់ព័ន្ធ ថាមិនបានជួយបង្ក្រាបបទល្មើសទាំងនេះទេ ដោយទុកឲ្យធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋមានលំនៅឋាននៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល លោក ហឿន ស៊ីណាត ស្ថិតក្នុងចំណោមពលរដ្ឋច្រើនទៀត បានអះអាងនៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ថា ទូកនេសាទប្រើឧបករណ៍ល្មើសច្បាប់របស់ជនជាតិវៀតណាម កំពុងធ្វើសកម្មភាពនេសាទក្នុងមូលដ្ឋានរបស់គាត់។
ពលរដ្ឋរូបនេះបានចោទថា សមត្ថកិច្ចពាក់ព័ន្ធហាក់មិនបានយកចិត្តទុកដាក់ពីកង្វល់នៃបទល្មើសនេសាទ ដែលពួកគាត់បានដាក់ពាក្យប្ដឹង ឬរាយការណ៍ជូនមេឃុំ ឬនគរបាលមូលដ្ឋាននោះទេ៖ «អាជ្ញាធរហ្នឹងគាត់អត់មានយកចិត្តទុកដាក់ទៅលើជនជាតិយួន ប្រើឧបករណ៍នេសាទ ហៅថា យ៉ាងកាវ។ ឧបករណ៍ទាំងនោះមានដូចជាសាច់អួនមានមុខ មានក្ដារ ខ្សែភ្លើង និងច្រវាក់នៅពីក្រោម។ ឥឡូវនេះ ប្រជាជនទាំងអស់គ្នាប្រាប់ថា កុំឲ្យអូស តែគេនៅតែអូសដដែល ហើយដាច់សន្ទូច និងមងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដល់ពេលប្រជាជនទៅប្ដឹង មេឃុំឆ្លើយថា ឲ្យប្រជាជនយើងហ្នឹងចុះចាប់ខ្លួនឯងទៅ ហើយបើចាប់បាន ចាំយកទៅប្រគល់ជូនឲ្យគាត់»។
ប្រជាពលរដ្ឋផ្សេងទៀតបានឲ្យដឹងដែរថា ទូកនេសាទប្រើឧបករណ៍ឆក់ ឬមងមានមុខធំៗរបស់ជនជាតិវៀតណាម បានធ្វើសកម្មភាពរាល់ថ្ងៃចន្លោះពីម៉ោង ៣រសៀល ទៅដល់ម៉ោង ៥ព្រឹក ជារៀងរាល់យប់ថ្ងៃ។ ហើយថា ទូកល្មើសទាំងនោះបានបំផ្លាញមង ឬសន្ទូចជាលក្ខណៈគ្រួសាររបស់អ្នកនេសាទខ្មែរក្នុងមូលដ្ឋានថែមទៀត៖ «គេបំផ្លាញទាំងពូជត្រី ហើយគេមកបំផ្លាញការរាយមង និងសន្ទូចរបស់ពលរដ្ឋ រកចិញ្ចឹមគ្រួសាររកអីអត់បានទេ។ ការអូសយ៉ាងកាវនេះ គឺជាឧបករណ៍ខុសច្បាប់ គឺមានឧបករណ៍ខ្សែភ្លើង និងច្រវា សម្រាប់ឆក់ត្រីថែមទៀត។ ហើយអ្នកនេសាទខ្មែរដែលប្រើមង ឬសន្ទូច ត្រូវទូកនេសាទល្មើសជនជាតិវៀតណាម អូសបំផ្លាញអស់គ្មានសល់។ វាច្រើនអូសនៅពេលយប់ និងដាក់វេនគ្នា ៣ ទៅ ៤ទូក បន្តកន្ទុយគ្នា។ សុំឲ្យអាជ្ញាធរជួយដល់ពលរដ្ឋ ប៉ុន្តែប៉ូលិសឆ្លើយថាឲ្យចាប់ខ្លួនឯងទៅ»។
ក្រុមប្រជាពលរដ្ឋខេត្តកណ្ដាល បានស្នើទៅដល់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ឬអាជ្ញាធរមានសមត្ថកិច្ច ជួយទប់ស្កាត់ទូកនេសាទជនជាតិវៀតណាម ប្រើឧបករណ៍ល្មើសច្បាប់ កំពុងកើតមានក្នុងមូលដ្ឋានស្រុកមុខកំពូល ជាបន្ទាន់។
នាយប៉ុស្តិ៍ឃុំរកាកោងទី១ ស្រុកមុខកំពូល លោក ជឿន ហួន បានទទួលស្គាល់ថា កន្លងមកមូលដ្ឋានខ្លួនធ្លាប់កើតមានបទល្មើសនេសាទពិតមែន ប៉ុន្តែពេលនេះមិនមានទៀតទេ។ លោកថា ករណីនេះអាជ្ញាធរឃុំ និងសមត្ថកិច្ចពាក់ព័ន្ធធ្លាប់បានណែនាំអ្នកនេសាទជាជនជាតិវៀតណាម ឲ្យមកធ្វើកិច្ចសន្យាបញ្ឈប់ប្រើឧបករណ៍នេសាទខុសច្បាប់ទាំងនេះរួចហើយ៖ «គណៈបញ្ជាការឯកភាពឃុំ និងជំនាញជលផល បើមានបទល្មើសនេសាទ គេនឹងសហការគ្នាចុះបង្ក្រាប»។
ទោះជាបែបណា ប្រជាពលរដ្ឋខេត្តកណ្ដាល បានអះអាងថា បទល្មើសនេសាទបានបន្តធ្វើសកម្មភាពរាល់រាត្រី មិនមានថយចុះទេ។ ពលរដ្ឋបានស្នើដល់មន្ត្រីស្ថាប័នជលផល ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះស៊ើបអង្កេត ឬជួយទប់ស្កាត់បទល្មើសនេសាទកំពុងកើតមាននៅស្រុកមុខកំពូល ឲ្យមានប្រសិទ្ធភាព។
ទាក់ទិនបញ្ហានេះ លោក អៀវ ចំរើន ស្នងការខេត្តកណ្ដាល មានប្រសាសន៍ថា សមត្ថកិច្ចលោកបានត្រៀមកម្លាំង ដើម្បីសហការបង្ក្រាបបទល្មើសនេសាទជាប់ជានិច្ច បើសិនមានការស្នើពីមន្ត្រីជំនាញជលផល៖ «ម្ចាស់បទល្មើសហ្នឹងជាសមត្ថកិច្ចរបស់មន្ត្រីជលផល ហើយបើត្រូវការបង្ក្រាបបទល្មើសនេះ គេទាក់ទងមកអាជ្ញាធរមូលដ្ឋាន ហើយប៉ូលិសរង់ចាំសហការបង្ក្រាប»។
ទាក់ទិនបទល្មើសនេសាទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៤ បានដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទតាមរាជធានីខេត្តទូទាំងប្រទេស ឲ្យទប់ស្កាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែ បទបញ្ជានេះប្រជាពលរដ្ឋតាមមូលដ្ឋានបានអះអាងថា មន្ត្រីថ្នាក់ក្រោមអនុវត្តមិនទាន់មានប្រសិទ្ធភាពទេ ហើយបទល្មើសនៅបន្តកើតមាននៅតាមមូលដ្ឋានមួយចំនួននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
