ប្រជាពលរដ្ឋខេត្តកណ្ដាល ចោទថា ជនជាតិវៀតណាម បន្តចូលនេសាទក្នុងទន្លេបាសាក់ នៅខេត្តកណ្ដាល ក្រោមការជួយជ្រោមជ្រែងពីអ្នកមានអំណាចនៅក្នុងមូលដ្ឋាន ដែលមានសាច់ញាតិជនជាតិវៀតណាម។ បញ្ហានេះ ធ្វើឲ្យពលរដ្ឋខ្មែរដែលពឹងផ្អែកលើរបរនេសាទចិញ្ចឹមជីវិត មិនអាចចាប់ត្រីទទួលទានបាន ខឹងសម្បារកើតការប្ដឹងផ្តល់ទៅអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីពួកគាត់លើកគ្នាចុះបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាម ច្រើនដងមិនមានប្រសិទ្ធភាព។
មន្ត្រីសមាគមអាដហុក (Adhoc) ខេត្តកណ្ដាល កំពុងជួយប្រជាពលរដ្ឋស្រុកកោះធំ ឲ្យចេះរៀបចំឯកសារដាក់ពាក្យប្ដឹងទៅអភិបាលខេត្ត ករណីជនជាតិវៀតណាម ប្រព្រឹត្តបទល្មើសនេសាទនៅឃុំសំពៅពូន។
មន្ត្រីសមាគមអាដហុក លោក ម៉ែន មករា អោយដឹងថា ពាក្យបណ្ដឹងបានរៀបចំក្រោយពីមានការប្រជុំរវាងអាជ្ញាធរខេត្ត សង្គមស៊ីវិល និងប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែកុម្ភៈ គឺអាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋឲ្យប្ដឹងទៅអាជ្ញាធរខេត្ត នៅពេលមានករណីបទល្មើស៖ «ឥឡូវនេះ យើងរង់ចាំភស្តុតាង ដែលគាត់បញ្ជូនមករូបថត ឬស្នាមមេដៃប្រជាពលរដ្ឋ។ ខ្ញុំនឹងធ្វើជាលិខិតផ្លូវការមួយ ដាក់ទៅឯកឧត្តមអភិបាលខេត្ត ដើម្បីឲ្យលោកចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីធានាការនេសាទដោយស្របច្បាប់ និងផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋ ក្នុងការរកទទួលទានចិញ្ចឹមជីវិតដោយស្របច្បាប់»។
ប្រជាពលរដ្ឋភូមិព្រែកសឹង្ហ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល លោក យឹម យ៉ាន់ ថ្លែងថា ក្រោយពីប្រជាពលរដ្ឋបានប្ដឹងទៅអាជ្ញាធរខេត្ត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ថាមានជនជាតិវៀតណាម ចូលនេសាទក្រោមការជួយជ្រោមជ្រែងពីសាច់ញាតិនៅក្នុងប្រទេសកម្ពុជា មក ស្រាប់តែនៅថ្ងៃទី២៦ ខែកុម្ភៈ ជនជាតិវៀតណាម បានសាយកអួនដែលមានបំពាក់ប្រដាប់ឆក់នៅជាយអួន និងម៉ាស៊ីនបូមខ្យល់ ដែលជាឧបករណ៍បឺតស្រូបប្រមូលយកត្រីចេញអស់ពីបាតទន្លេបាសាក់។ ប៉ុន្តែ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ស្រាប់តែវៀតណាម ប្រើឧបករណ៍ទំនើប និងថ្មីៗ មកកៀរយកត្រីពីទន្លេបាសាក់ ទៀត។ លោកថា ឧបករណ៍នោះលើកពីក្នុងទឹកម្តងៗជាប់ត្រីជាង ២០តោន។ ពួកគាត់កំពុងថតយកសកម្មភាព និងឧបករណ៍ ដែលវៀតណាម កំពុងប្រើដើម្បីជាភស្តុតាង ប្ដឹងទៅអភិបាលខេត្តបន្ថែម៖ «ជីម ម៉េង ហ្នឹងបើនិយាយទៅ នាំវៀតណាម មកកៀរអួនព័ទ្ធទន្លេហ្នឹងតែម្តង។ ពលរដ្ឋ ក្នុងភូមិទៅបង់សំណាញ់ កាងមិនឲ្យបង់ ហាមឃាត់ជេរស្តីមិនឲ្យទុកអាមុខរបរហ្នឹងឲ្យវៀតណាម ហ្នឹង ឡើងមកធ្វើនេសាទពេញទន្លេហ្នឹងតែម្តង ហើយប្រជាជនកើតទុក្ខមិនសុខចិត្ត។ ឥឡូវថ្ងៃហ្នឹង គាត់ផ្ដិតមេដៃដាក់ទៅអាដហុក»។
លោក អូច សៀករាន់ ជាប្រជាពលរដ្ឋនៅឃុំសំពៅពូន ឲ្យដឹងថា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបឡូត៍នេសាទនៅក្នុងទន្លេបាសាក់ នៃស្រុកកោះធំ ពីការគ្រប់គ្រងដោយរដ្ឋ ផ្ទេរមកឲ្យប្រជាពលរដ្ឋនេសាទវិញ គឺរឹតតែធ្វើឲ្យអ្នកមានអំណាចមួយចំនួនប្រមូលជនជាតិវៀតណាម ដែលប្រើឧបករណ៍នេសាទទំនើប មកចាប់យកត្រីពីទឹកទន្លេបាសាក់ កាន់តែច្រើន។ លោកថា សកម្មភាពវៀតណាម ចូលចាប់ត្រីច្រើនរាល់ឆ្នាំ គាត់សម្គាល់ឃើញកើតមាននៅខែមករា និងកុម្ភៈ នេះ ទើបប្រជាពលរដ្ឋប្ដឹងទៅអភិបាលខេត្ត ជួយដោះស្រាយឲ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា អាចរកនេសាទបានផង៖ «បុគ្គលិកកម្មករវៀតណាម ប្រហែលជា ៣០ ទៅ ៤០នាក់ មកកៀរត្រីក្នុងទន្លេមុខព្រែកសឹង្ហ ហ្នឹង»។
លោក ជីម ម៉េង ប្រជាពលរដ្ឋក្នុងឃុំសំពៅពូន គាត់រងនូវការសង្ស័យពីប្រជាពលរដ្ឋថា នាំសាច់ញាតិជនជាតិវៀតណាម មកនេសាទនៅក្នុងទន្លេបាសាក់។ ប៉ុន្តែ លោក ជីម ម៉េង បំភ្លឺនៅថ្ងៃទី២៧ ខែកុម្ភៈ ថា មិនបានប្រព្រឹត្តដូចការចោទទេ៖ «បើនិយាយអាម៉ាស៊ីនមុជខ្យល់មុជអីហ្នឹង នៅក្នុងឡូត៍លេខ១៦ ងាករកមិនទាន់ចាម គេធ្វើអស់ហើយ រកគ្មានបានអីមួយទេ។ អ្នកនិយាយថាខ្ញុំ ដាក់សម្ភារៈសុទ្ធតែប្រដាប់ឆក់ប្រដាប់អី យកវៀតណាម ទៅ គឺខ្ញុំអត់មានទេ»។
ពាក់ព័ន្ធសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅទន្លេបាសាក់ នេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពី លោក ម៉ែន វិបុល ប្រធានអធិការកិច្ចចតុមុខបានទេ នៅថ្ងៃទី២៧ ខែកុម្ភៈ ដោយទូរស័ព្ទលោកបិទ។
ប្រជាពលរដ្ឋស្រុកកោះធំ ឲ្យដឹងថា ពួកគាត់បានបង្ក្រាបបទល្មើសនេសាទញឹកញាប់ និងចាប់បានទាំងឧបករណ៍ និងជនល្មើសវៀតណាម ដែលចូលមកនេសាទ។ ប៉ុន្តែ អាជ្ញាធរដោះលែងវិញស្ងាត់ៗ ទើបលើកនេះ ពួកគាត់ប្ដឹងទៅអភិបាលខេត្តឲ្យជួយដោះស្រាយ ព្រោះនាយករដ្ឋមន្ត្រីបើកសិទ្ធិឲ្យប្រជាពលរដ្ឋនេសាទនៅតាមទន្លេ បឹងបួ មិនគួរនៅតែមានជនបរទេសចូលបំផ្លាញធនធានមច្ឆាជាតិ ក្នុងទន្លេបាសាក់ បានទៀតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
