ពលរដ្ឋឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជាង ៧០នាក់ ប្រើទូក ១៧គ្រឿង កាលពីថ្ងៃច័ន្ទ លើកគ្នាកាប់ទម្លាយស្បៃមុង ឬសៃយ៉ឺន ដែលដាក់យកត្រីធំតូចនៅក្នុងបឹងរាំងកោះ និងចុងព្រែកសឹង្ហ ប្រមូលបានស្បៃមុងច្រើនពាន់ម៉ែត្រ។
ពលរដ្ឋឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល លោក យឹម យាន់ ថ្លែងថា រដូវបិទនេសាទបទល្មើសស្បៃមុង បានដាក់រាយពេញផ្ទៃទឹកបឹង។ ប្រជាពលរដ្ឋបានប្ដឹងទៅមន្ត្រីជលផល ប៉ុន្តែមិនមានការជួយអន្តរាគមន៍ ទើបពលរដ្ឋលើកគ្នាបង្ក្រាបបទល្មើសនេសាទនៅបឹងរាំងកោះ និងចុងព្រែកសឹង្ហ។
លោកថា ស្បៃមុងដាក់រាយជិតផ្ទៃទឹក ធ្វើឲ្យត្រីមេពូជ និងកូនត្រីទើបញាស់តូចៗ បានជាប់នៅក្នុងសៃយ៉ឺន ឬស្បៃមុងនោះ៖ «ប្រជាពលរដ្ឋចាប់ហ្នឹងចូល បើគិតជាស្បៃវិញ ចង់រាប់ម៉ឺនម៉ែត្រ ព្រោះវាច្រើនរបាំង បើត្រើយជើង ៣ ទៅ ៤របាំងឯណោះ ត្រើយត្បូងក៏ ៣ ទៅ ៤ជាន់ដែរ បើគិតទៅ ប្រជាពលរដ្ឋយកមកដុតនោះចូលជិត ១ម៉ឺនម៉ែត្រនោះ»។
ក្នុងរដូវបិទនេសាទឆ្នាំ២០១៤ ពលរដ្ឋឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បានបង្ក្រាបបទល្មើសនេសាទបាន ២ដង ប្រើទូកច្រើនគ្រឿង ទៅកាប់ទម្លាយស្បៃមុងលែងមេត្រីពូជ និងកូនត្រីទៅក្នុងបឹងធម្មជាតិ ហើយឃ្លាំមើលអ្នកដាក់ឧបករណ៍បំផ្លាញត្រីកំពុងបន្តពូជ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
