អាជ្ញាធរ​ស្រុក​មុខកំពូល​រង​ការ​ចោទ​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​នេសាទ​ខុស​ច្បាប់

ប្រជាពលរដ្ឋ​ខេត្ត​កណ្ដាល ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​បាន​ឃុបឃិត​បង្កើត​ឲ្យ​មាន​បទ​ល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ក្នុង​មូលដ្ឋាន​អានាធិបតេយ្យ ហើយ​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្ក្រាប​ឲ្យ​បាន​ឆាប់។ បទ​ល្មើស​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៤ បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រោម​ឱវាទ​តាម​ខេត្ត​នានា ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ ពលរដ្ឋ​អះអាង​ថា បទ​ល្មើស​នៅ​បន្ត​កើត​មាន។

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រកប​របរ​នេសាទ រស់​នៅ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ជាង ២០០​គ្រួសារ មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ឃុបឃិត​ឲ្យ​មាន​បទ​ល្មើស​នេសាទ​អានាធិបតេយ្យ។

ពលរដ្ឋ​ច្រើន​នាក់​រស់​នៅ​ភូមិ​អំពិលទឹក ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា មាន​បំណង​លើក​គ្នា​ទៅ​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដែល​ជន​ល្មើស​កំពុង​ធ្វើ​សកម្មភាព​ក្នុង​អាង​ទឹក​ភូមិ​អំពិលទឹក។ ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​នេសាទ​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​អំពិលទឹក។

ផ្ដើម​ពី​បញ្ហា​នេះ ប្រជា​នេសាទ​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​មាន​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​អានាធិបតេយ្យ​នៅ​មូលដ្ឋាន​ឃុំ​សំបួរមាស ជា​បន្ទាន់ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ប្រកប​របរ​នេសាទ​ចិញ្ចឹម​គ្រួសារ​ឡើង​វិញ៖ «មេ​ភូមិ​ឲ្យ​ដាក់​បញ្ជា​ឲ្យ​បញ្ជា​ការពារ​ភូមិ​ដាក់​ឧបករណ៍​ល្មើស​ទាំង​នេះ។ នៅ​ចំណុច​អាង​អំពិលទឹក មាន​មាត់ ៤ ទៅ ៦​ម៉ែត្រ។ ឧបករណ៍​ហ្នឹង រដ្ឋាភិបាល​គាត់​បិទ​ឡូ​នេសាទ ដើម្បី​បើក​ចំហ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​សន្ទូច រាយ​មង និង​សំណាញ់​ធម្មតា។ ដល់​ពេល​មេ​ភូមិ​ចេញ​មុខ​ដាក់​ឧបករណ៍​នេសាទ​ល្មើស​នៅ​តំបន់​នេះ ពលរដ្ឋ​មូលដ្ឋាន​មិន​អាច​ប្រកប​នេសាទ ឬ​បង់​សំណាញ់​អត់​បាន។ កាល​ណា​ដាក់​អ៊ីចឹង​បាន​ប្រយោជន៍​តែ​បុគ្គល ប៉ុន្តែ​សមូហភាព​ពលរដ្ឋ​មិន​បាន​នេសាទ​ទេ គឺ​រក​មិន​បាន ព្រោះ​គេ​ដាក់​ដាយ ឬ​ស្បៃ​មុង​នៅ​មុខ​ទឹក»

បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្រុក​មុខកំពូល បាន​លើក​ជា​ចម្ងល់​ថា បទ​ល្មើស​នេសាទ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទ​បញ្ជា​ជា​លាយលក្ខណ៍​អក្សរ និង​ផ្ទាល់​មាត់ ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​តាម​ខេត្ត​នានា បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​មន្ត្រី​ពាក់ព័ន្ធ​មិន​អនុវត្ត​តាម។

អ្នកស្រី ណែម យ៉ង មេ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទ​ល្មើស​នៅ​ក្នុង​មូលដ្ឋាន​ខ្លួន​ដូច​ពលរដ្ឋ​អះអាង​ពិត​មែន។ បទ​ល្មើស​នេះ អ្នកស្រី​បញ្ជាក់​ថា នឹង​ដឹក​នាំ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន បំផ្លាញ​ឲ្យ​បាន​ជា​ស្ថាពរ​ក្នុង​សប្ដាហ៍​នេះ៖ «បទ​ល្មើស​ប្រើ​ឧបករណ៍​នេសាទ​នៅ​មូលដ្ឋាន​ខ្ញុំៗ​ឲ្យ​ជន​បង្ក​រើ​ចេញ​ហើយ។ ប៉ុន្តែ បើ​មិន​រើ​ចេញ​ទេ ខ្ញុំ​នឹង​ឲ្យ​ប្រជាជន​កម្ទេច​ចោល​ទាំងអស់។ បញ្ហា​នេះ ខ្ញុំ​មិន​អាច​ទុក​បាន​ទេ បើ​វា​ត្រូវ​តែ​អ៊ីចឹង ត្រូវ​តែ​កម្ទេច​ចោល ហើយ​និង​រាយការណ៍​ទៅ​ថ្នាក់​លើ»

មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​សំបួរមាស ស្រុក​មុខកំពូល លោក សៀន សម្បត្តិ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​នេសាទ​នៅ​មូលដ្ឋាន​លោកៗ​បាន​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រួច​ហើយ។ ហើយ​ថា សមត្ថកិច្ច​លោក​បាន​ត្រៀម​សហការ​ជាមួយ​មន្ត្រី​ជលផល ដើម្បី​ឈាន​ដល់​បង្ក្រាប​បទ​ល្មើស​នេសាទ​ឲ្យ​បាន​ជា​ស្ថាពរ៖ «ប្រជាពលរដ្ឋ​គាត់​បាន​មក​ជួប​ខ្ញុំ​ដែរ។ ខ្ញុំ​រុញ​ឲ្យ​គាត់​ទៅ​ជួប​អ្នក​ពាក់ព័ន្ធ ឬ​ឃុំ ព្រោះ​បទ​ល្មើស​នេសាទ គឺ​ជា​សមត្ថកិច្ច​របស់​ជលផល​ទេ ហើយ​ខ្ញុំ​អាជ្ញាធរ​នៅ​រង់ចាំ​សហការ​បង្ក្រាប​បទ​ល្មើស​ទាំង​នេះ»

ទាក់ទង​បទ​ល្មើស​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៤ បាន​ដាក់​បទ​បញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ​តាម​ខេត្ត​នានា បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ បន្ថែម​លើ​នេះ ប្រមុខ​ដឹក​នាំ​ថែម​ទាំង​បាន​ព្រមាន​ដក​តំណែង​មន្ត្រី​ពាក់ព័ន្ធ ដែល​នៅ​ពី​ក្រោយ​បទ​ល្មើស​នេសាទ​ថែម​ទៀត។

ទោះ​ជា​បែប​ណា ប្រជាពលរដ្ឋ​ខេត្ត​កណ្ដាល ក្នុង​ចំណោម​ពលរដ្ឋ​តាម​ខេត្ត​ទៀត បាន​អះអាង​ថា បទ​ល្មើស​នេសាទ​បាន​ធ្វើ​សកម្មភាព​ច្រើន​កន្លែង​នៅ​ខេត្ត​កណ្ដាល គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ទេ។ ហើយ​ថា ភាគ​ច្រើន​នៃ​បទ​ល្មើស​នេសាទ មន្ត្រី​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ធ្វើ​ជា​ខ្នង​បង្អែក​បទ​ល្មើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។