បទ​ល្មើស​នេសាទ​កើន​ឡើង​នៅ​ព្រះវិហារ​និង​សៀមរាប

ក្នុង​អំឡុង​ពេល​វិបត្តិ​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ជាប់​គាំង​មិន​អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បាន​នេះ គឺ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ប្រើ​ឧបករណ៍​បង្កើន​ការ​នេសាទ​ខុស​ច្បាប់​នៅ​តាម​ដង​ស្ទឹង និង​បឹង​ទន្លេ​នានា។ បទ​ល្មើស​នេសាទ​ទាំង​នោះ គឺ​មាន​ការ​បង្ក្រាប​តិចតួច ដោយសារ​តែ​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ខ្លះ​បាន​ទទួល​យក​សំណូក​ជា​លុយ​កាក់។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ពូជ​មច្ឆា​ជាតិ​នៅ​តាម​ដង​ស្ទឹង និង​ក្នុង​បឹង​ទន្លេសាប អាច​នឹង​វិនាស​ហិនហោច​នៅ​ក្នុង​រដូវ​ត្រី​ពង​កូន​ឆ្នាំ​នេះ ដោយសារ​តែ​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​កំពុង​កើន​ឡើង​ក្នុង​រដូវ​ហាម​ឃាត់។

ប្រជាពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​មើល​ឃើញ​ដូច​គ្នា​ថា ការ​នេសាទ​ត្រី​ខុស​ច្បាប់​កំពុង​កើត​មាន​ជាច្រើន​ខេត្ត នៅ​ពេល​ដែល​វិបត្តិ​នយោបាយ​កំពុង​តែ​ចម្រូងចម្រាស​រវាង​គណបក្ស​ប្រឆាំង ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​សមត្ថកិច្ច​ជាច្រើន​ផ្នែក ក៏​ឆ្លៀត​ទាញ​យក​ផល​ចំណេញ​ពី​អំពើ​នេសាទ​ខុស​ច្បាប់​នោះ​ដែរ។

បុរស​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​គូលែន ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ គាត់​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​តាម​ដង​ស្ទឹងសែន ចាប់​ពី​តំបន់​ស្ពាន​តាកឹង រហូត​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ គឺ​សុទ្ធតែ​ឧបករណ៍​ដាយ ដែល​គេ​ប្រើ​សម្រាប់​ចាប់​ត្រី​ខុស​ច្បាប់។

បុរស​ដដែល​បាន​បញ្ជាក់​ថា ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​គេ​ដាក់​រាយ​តាម​ស្ទឹង​នោះ​កន្លែង​ខ្លះ គឺ​នៅ​ជិត​ទីស្នាក់ការ​បរិស្ថាន ក៏ប៉ុន្តែ​គាត់​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ៖ «ម៉ា​បណ្ដោយ​ស្ទឹងសែន តាំង​ពី​ស្ពាន​តាកឹង មក កន្លែង​បរិស្ថាន​នោះ​ប្រហែល​ជា ១​គីឡូម៉ែត្រ​មួយ​បត់​ស្ទឹង ចាប់​ផ្ដើម​មាន​ដាយ រហូត។ ដាយ បណ្ដោយ​ស្ទឹង​មាន ៥០​ម៉ែត្រ ៣០​ម៉ែត្រ ហើយ​ដាក់​ម៉ា​ពោះៗ​ស្ទឹង។ ខ្ញុំ​រាប់​មើល​ទៅ​វា​ជិត ១០០​ដាយ ហើយ​រក​តែ​ដាក់​មង​ដាក់​អី មិន​បាន​ត្រី​ហូប​ទេ​រាល់​ថ្ងៃ​ប្រជាពលរដ្ឋ។ គិត​ទៅ​តាំង​ពី​ទឹក​ស្ទឹង ចាប់​ឡើង​ពី​ខែ​កក្កដា ដាក់​រហូត​ដល់​មក​សព្វថ្ងៃ គ្មាន​ឃើញ​ណា​បង្ក្រាប​ទេ មាន​តែ​មក​យក​លុយ»

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប វិញ ការ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប ក៏​កំពុង​កើត​មាន​ជាច្រើន​ស្រុក។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​បណ្ដែត​ទឹក​ពាមតាអួ នៃ​ឃុំ​កែវពណ៌ ស្រុក​ពួក បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ការ​នេសាទ​ត្រី​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍​ណរ៉ាវ និង​សំណាញ់​ក្រឡា​ញឹក​ប្រវែង​រាប់​ពាន់​ម៉ែត្រ កំពុង​កើត​ឡើង​នៅ​ជិត​តំបន់​គាត់​រស់នៅ។

គាត់​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ពូជ​ត្រី​ធម្មជាតិ នៅ​ក្នុង​បឹង​ទន្លេសាប ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​សមត្ថកិច្ច រដ្ឋាភិបាល​នៅ​តែ​ប្រើ​វិធាន​ការ​បង្ក្រាប​បែប​សោះ​អង្គើយ​ដូច​ពេល​នេះ៖ «គេ​ដាក់​សាច់​មង​ក្រហម​ខុស​ច្បាប់ ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ប្រកាស​ហាម​ឃាត់។ មង​១ ស្មើ​នឹង ១.៧០០ ទៅ ២.០០០​ម៉ែត្រ។ ចាប់​តាំង​ពី​កូន​ត្រី​ប៉ុនៗ​កូន​ដៃ​ឡើង​ទៅ គឺ​ចាប់​បាន​ទាំងអស់ អា​ចៅ​ត្រី​ហ្នឹង​ក៏​ចាប់​បាន​ដែរ ព្រោះ​ថា​សាច់​មង​ទំហំ ២​ហ៊ុន ទៅ ១​ហ៊ុន​កន្លះ។ ក្នុង​១​ថ្ងៃ​បើ​គិត​សរុប​ទាំងអស់​ទាំង ១៧​កន្លែង គឺ​ប្រហែល​ជិត ៥​តោន ទាំង​កូន​ត្រី​ល្អិតល្អោច។ ភាគ​ច្រើន​អា​ល្អិតៗ​ហ្នឹង​ហិនហោច។ មាន​តែ​អ្នក​មាន​ទេ​ដែល​គេ​អាច​កើត បើ​អ្នក​ក្រ​តូច​តាច​នៅ​ភូមិ​បណ្ដែត​ទឹក​នេះ គឺ​គាត់​ច្រណែន ហើយ​តូច​ចិត្ត»

ចំណែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម បាន​ឱ្យ​ដឹង​ថា បទ​ល្មើស​ឆ្នុក​ក៏​កំពុង​កើត​មាន​ជា​ប្រចាំ នៅ​ក្នុង​បឹង​ទន្លេសាប ដែរ។ ប្រជា​នេសាទ​ខ្លះ​បាន​អះអាង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​រដ្ឋបាល​ជលផល និង​កង​រាជ​អាវុធហត្ថ​ខ្លះ​មិន​បង្ក្រាប​សកម្មភាព​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ទេ តែ​បែរ​ជា​ទទួល​យក​លុយ​ពី​បទ​ល្មើស​ទាំង​នោះ​ទៅ​វិញ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​សង្កាត់ និង​នាយក​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក មិន​បាន​ពន្យល់​ក្បោះក្បាយ​អំពី​បទ​ល្មើស​នេសាទ​ទាំង​នោះ​ទេ ដោយ​គ្រាន់​តែ​មាន​ប្រសាសន៍​ថា រូប​លោក​ទើប​នឹង​ចុះ​ពិនិត្យ​នៅ​តាម​បឹង​ទន្លេសាប កាល​ពី​ពេល​ថ្មីៗ ក៏ប៉ុន្តែ​មន្ត្រី​របស់​លោក​ជាច្រើន​កំពុង​តែ​ចុះ​បង្ក្រាប​បទ​ល្មើស​ទាំង​នោះ​ជា​ប្រចាំ៖ «ម្សិល​មិញ​ខ្ញុំ​ទៅ​បឹង​ទន្លេសាប ចុះ​បង្ក្រាប ហើយ​ខាន​ស្អែក​ទៅ​ទៀត​ហើយ ឯ​គ្នា​ខ្ញុំ​បាន​ទៅ​រាល់​តែ​ថ្ងៃ»

គេហទំព័រ​ជា​ភាសា​អង់គ្លេស​មួយ​ឈ្មោះ អូផែន ឌីវីលបផែន (Open Development) បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា មាន​គោល​ដៅ​បង្កើន​ចំនួន​ត្រី​ឱ្យ​បាន ២០​លាន​ក្បាល​ក្នុង​១​ឆ្នាំៗ។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ចាប់​តាំង​ពី​ចន្លោះ​ឆ្នាំ​២០១១ និង​២០១២ កន្លង​ទៅ គឺ​ចំនួន​ត្រី​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ប្រមាណ​ជា ១៤%។

ទោះ​យ៉ាង​ណា អ្នក​ជំនាញ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​ការ​វិនាស​ពូជ​ត្រី ដោយសារ​តែ​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាច្រើន​នៅ​ក្នុង​បឹង​ទន្លេសាប ក្នុង​រដូវ​ហាម​ឃាត់​នេះ។

នាយក​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) លោក ឱម សាវ៉ាត បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន បទ​ល្មើស​នេសាទ​កំពុង​បន្ត​កើត​មាន​ជាច្រើន​កន្លែង​នៅ​ក្នុង​បឹង​ទន្លេសាប ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​តែង​យក​លេស​មិន​ចង់​ចុះ​បង្ក្រាប​ទេ។ លោក ឱម សាវ៉ាត បាន​បញ្ជាក់​ថា តាម​ការ​កត់​សម្គាល់​របស់​លោក​ឃើញ​ថា នៅ​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៣ គឺ​បទ​ល្មើស​នេសាទ​ត្រី​ខុស​ច្បាប់​កើន​មាន​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ដោយសារ​តែ​វិបត្តិ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​កំពុង​យក​ឈ្នះ​ចាញ់​គ្នា ឯ​មន្ត្រី​រដ្ឋាភិបាល​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក្រាប​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ទាំង​នោះ​ដែរ៖ «គ្រាន់​តែ​ព័ត៌មាន​ដែល​ខាង​សហគមន៍​រាយការណ៍​មក គឺ​គ្រប់​តែ​ពេល​វេលា​ហ្នឹង ហើយ​យើង​ព្យាយាម​ទាក់ទង​ជាមួយ​នឹង​សមត្ថកិច្ច​ជំនាញ ក៏ប៉ុន្តែ​គេ​ចេះ​តែ​ឆ្លើយ​ថា​មាន​គ្នា​តិច ឆ្លើយ​ថា​អត់​មាន​មធ្យោបាយ​ចេះ​តែ​ឆ្លើយ​ថា​ខ្វះ​ខាត​លុយ​ចាក់​សាំង​ចាក់​អី។ ការ​ពិត បទ​ល្មើស​វា​មាន​គេ​អត់​និយាយ​កុហក​ទេ»

អង្គការ​សហប្រជាជាតិ​ផ្នែក​ស្បៀង​អាហារ និង​កសិកម្ម ហ្វាវ (FOA) បាន​បង្ហាញ​ថា ការ​ខូច​ខាត​ច្រាំង​ទន្លេ និង​នេសាទ​ត្រី​ខុស​ច្បាប់ គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ចំនួន​ត្រី​ថយ​ចុះ។ ការ​ហិនហោច​ពូជ​ត្រី គឺ​វា​អាច​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។