ពលរដ្ឋ​ខេត្ត​ព្រៃវែង​ចោទ​មន្ត្រី​ជល​ផល​ថា​នៅ​ពី​ក្រោយ​បទ​ល្មើស​នេសាទ

បទ​ល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​របស់​ជនជាតិ​វៀតណាម នៅ​ក្នុង​តំបន់​ឡូត៍​លេខ​២០ នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង បាន​កម្រើក​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​២០ សីហា។ ចំពោះ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​បាន​ចោទ​ថា មាន​មន្ត្រី​ខ្នង​ក្រាស់​ផ្នែក​រដ្ឋបាល​ជល​ផល​ខេត្ត​ព្រៃវែង ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទ​ល្មើស​នេសាទ​នេះ។ ប៉ុន្តែ ប្រធាន​ជល​ផល​ខេត្ត​ព្រៃវែង ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ។

0:00 / 0:00

បទ​ល្មើស​នេសាទ​ដែល​មាន​ទូក​កាណូត រួម​ទាំង​ឧបករណ៍​ចាប់​ត្រី ស្បៃ​មុង ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​សៃយ៉ឺន ផង​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ចោទ​ថា ជនជាតិ​វៀតណាម យក​ទៅ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​នេសាទ​យ៉ាង​គគ្រឹកគគ្រេង នៅ​តាម​ចំណុច​មួយ​ចំនួន​ក្នុង​តំបន់​ឡូត៍​លេខ​២០ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​កោះសំពៅ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។

ការ​នេសាទ​ត្រី​អនាធិបតេយ្យ​របស់​ជនជាតិ​វៀតណាម នេះ អ្នក​ស្រុក​ពាមជរ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ សីហា គេ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំ​កម្លាំង​សមត្ថកិច្ច​របស់​ខ្លួន​ចេញ​ធ្វើ​ការ​ទប់ស្កាត់ ដោយ​មាន​ការ​សហការ​គ្នា​ជាមួយ​មន្ត្រី​ជល​ផល​ខេត្ត ប៉ុន្តែ​លោក​ថា ការ​ទប់ស្កាត់​នេះ​ពុំ​បាន​សម្រេច​ឡើយ។ ជនជាតិ​វៀតណាម ដែល​បាន​នេសាទ​នៅ​ដែន​កម្ពុជា ទាំង​នោះ មួយ​ផ្នែក​ជា​ជន​អន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម មក​ពី​ប្រទេស​វៀតណាម។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ លោក គង់ ដារា រស់​នៅ​ភូមិ​អូតាលូ ឃុំ​កោះសំពៅ ស្រុក​ពាមជរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ សីហា ថា ការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​បរាជ័យ បណ្ដាល​មក​ពី​មាន​មន្ត្រី​ជល​ផល​ខ្នង​ក្រាស់​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង៖ «ដែល​មាន​កម្លាំង​ចម្រុះ ៣០-៤០​នាក់​ទៅ កាណូត ៣-៤ ដល់​តែ​ពេល​ហ្នឹង​ស្រាប់​មាន​ការ​អន្តរាគមន៍​ពី លោក អូន ស៊ីណាត ប្រធាន​ការិយាល័យ​ជល​ផល​កុំ​ឲ្យ​ចុះ​បង្ក្រាប ដោយ​ឆ្លើយ​ថា គេ​រត់​ការ​បង់​លុយ​អស់​ហើយ។ ឥឡូវ​នេះ អត់​ទាន់​បាន​បក​មក​វិញ​ទេ កំពុង​តែ​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​របស់​ក្រុម អូន ស៊ីណាត របស់​ក្រុម​ល្មើស​ច្បាប់​ហ្នឹង។ ហើយ​ក្រុម​ដាក់​សៃយ៉ឺន ស្បៃ​ហ្នឹង គឺ​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម ទាំងអស់ អត់​មាន​ខ្មែរ​ណា​ទៅ​ដាក់​ទេ​បង»

លោក​បន្ត​ថា ក្រុម​នេសាទ​ជនជាតិ​វៀតណាម ខាង​លើ បាន​យក​ស្បៃ​មុង ឬ​ហៅ​ថា​សៃយ៉ឺន ធ្វើ​ជា​ឧបករណ៍​ចាប់​ត្រី។ លោក​ថា ឧបករណ៍​ដែល​ក្រុម​នេសាទ​ជនជាតិ​វៀតណាម បាន​យក​ទៅ​ដាក់​ពង្រាយ​តំបន់​ឡូត៍​នេសាទ​លេខ​២០ នោះ មាន​ប្រមាណ ៣០០​កន្លែង គេ​ដាក់​ក្នុង​បឹងបួ​នានា​ក្នុង​តំបន់​ឡូត៍​នេសាទ​ខាង​លើ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​ជល​ផល​ខេត្ត​ព្រៃវែង លោក អូន ស៊ីណាត បាន​បង្ហាញ​ថា រាល់​នេសាទ​ទាំង​ឡាយ​ណា​ដែល​ពុំ​ស្រប​ច្បាប់ រូប​លោក​នឹង​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ដូច​នេះ លោក​ថា លោក​សុំ​បដិសេធ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាង​លើ៖ «ហើយ​មក​ថា​ចោទ​ថា​មេ​ជល​ផល​ខេត្ត​អី​មក​ប៉ះពារ​អ៊ីចឹងៗ អត់​មាន​ទេ ខ្ញុំ​អត់​មាន​ហ្មង​លោក រឿង​ប៉ះពារ​ជល​ផល​ហ្នឹង ខ្ញុំ​មិន​ជាប់​ពាក់ព័ន្ធ​អី​ទៅ​ថា​អេ​ឃាត់ឃាំង​មិន​ឲ្យ អត់​ទេ។ បេសកកម្ម​បញ្ជា​ហើយ​ហ្នឹង ដេញ​កូន​ចៅ​ធ្វើ និង​និយាយ​ទៅ ឥឡូវ​ធ្វើ​ការងារ​ប៊ុយរ៉ូ​ដោយ​ខ្លួន​ឯង​ទេ»

ក្រុម​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ប្រជាពលរដ្ឋ បាន​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ចាប់​ពី​ម៉ោង ៧​ព្រឹក​ថ្ងៃទី​២០ សីហា ប៉ុន្តែ ការ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ពុំ​បាន​សម្រេច​ឡើយ។ លុះ​ដល់​រសៀល​ម៉ោង ២ កម្លាំង​ជំរុញ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នេសាទ​ខ្លាំង ធ្វើ​ឲ្យ​អាជ្ញាធរ​ដែល​បាន​ចុះ​ដល់​កន្លែង​នេសាទ​នោះ បាន​បង្ខំ​ចិត្ត​រុះរើ​ឧបករណ៍​នេសាទ​របស់​ជនជាតិ​វៀតណាម បាន​មួយ​ចំនួន។ ប៉ុន្តែ ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខាង​លើ នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ។

ប្រជាពលរដ្ឋ​អះអាង​ថា ដែន​នេសាទ​នៅ​ឡូត៍​លេខ​២០ ជា​ឆ្នាំង​បាយ​របស់​មន្ត្រី​មាន​អំណាច​ខាង​ជល​ផល​ខេត្ត​ព្រៃវែង។ លោក​ថា ក្នុង​ឧបករណ៍​នេសាទ​មួយ​កន្លែង ក្រុម​នេសាទ​ជនជាតិ​វៀតណាម ត្រូវ​បង់​ប្រាក់​ពី ៣​លាន ទៅ ៤​លាន​ដុង ឬ​ស្មើ​នឹង ៦០​ម៉ឺន​រៀល​ក្នុង​មួយ​កន្លែង បង់​ទៅ​ឲ្យ​ប្រធាន​ជល​ផល​ខេត្ត​ព្រៃវែង ដើម្បី​ទទួល​បាន​ការ​នេសាទ​ដោយ​សេរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។