នៅឯស្រុកពាមជរ ខេត្តព្រៃវែង មានសេចក្ដីរាយការណ៍មកថា ជនជាតិវៀតណាម ដែលរស់នៅក្នុងទឹកដីនៃតំបន់នោះ គឺបានប្រើឧបករណ៍នេសាទខុសច្បាប់ ធ្វើឲ្យពលរដ្ឋផ្សេងទៀតមិនអាចរកផលនេសាទបាន។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានអះអាងថា ពុំមានករណីនេសាទខុសច្បាប់ទ្រង់ទ្រាយធំឡើយ។
ប្រជាពលរដ្ឋនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ថា ជនជាតិវៀតណាម បាននេសាទដោយដាក់ព្រួល និងស្បៃមុងបាំងដៃទន្លេក្បែរកោះថ្មី ព្រំប្រទល់ឃុំព្រែកសំបួរ និងឃុំកោះរកា។
លោក ហ៊ុន សាមុត ជាពលរដ្ឋរស់នៅតំបន់នោះបានថ្លែងឲ្យដឹងថា អ្នកនេសាទជនជាតិវៀតណាម នោះ គឺដាក់របាំងព្រួល និងស្បៃមុងប្រហែង ១០០ម៉ែត្រ ដែលធ្វើឲ្យពួកគាត់ជាអ្នកធ្វើនេសាទលក្ខណៈគ្រួសារមិនអាចរកត្រីបានឡើយ៖ «គាត់ដាក់ឧបករណ៍ហ្នឹងជាឧបករណ៍មួយ ដែលធ្វើឲ្យមច្ឆជាតិហិនហោចទៅថ្ងៃខាងមុខ ព្រោះឧបករណ៍ហ្នឹងជាលក្ខណៈទ្រង់ទ្រាយធំ ហើយមិនអាចឲ្យត្រីចរាចរចេញចូលបានទេ ព្រោះខែនេះជាខែត្រីចុះទៅទន្លេ ធ្វើឲ្យត្រីចូលស្បៃជាឧបករណ៍របស់គាត់ហ្នឹងតែម្ដង ចេញមិនរួចទេ ព្រោះមកមូលនៅទីនោះតែម្ដង ព្រោះថា ច្រកមានតែមួយមិនអាចចេញទៅណារួចទេ»។
ពលរដ្ឋបានបញ្ជាក់ទៀតថា សកម្មភាពនេសាទល្មើសនេះទើបតែធ្វើបានរយៈពេល ២ ឬ ៣ថ្ងៃមកនេះ។ ពលរដ្ឋបានចោទប្រកាន់មេប៉ុស្តិ៍រដ្ឋបាលឃុំព្រែកសំបួរ ថាជាអ្នកនៅពីខាងក្រោយនៃសកម្មភាពនេសាទបាំងដៃទន្លេនោះ។
ប៉ុន្តែ លោក មាន ចន្ថា មេប៉ុស្តិ៍រដ្ឋបាលឃុំព្រែកសំបួរ បានបដិសេធការចោទប្រកាន់នោះថា មិនមែនជាការពិត ដោយរូបគាត់មិនជាប់ពាក់ព័ន្ធការធ្វើនេសាទនោះឡើយ។ លោកបញ្ជាក់ថា ការនេសាទរបស់ពលរដ្ឋទូទៅនៅតាមព្រែក ឬដៃទន្លេមេគង្គនោះ គឺមានខ្លះមែន ដោយធ្វើនេសាទជាគ្រួសារ ទាំងពលរដ្ឋខ្មែរ និងវៀតណាម ប៉ុន្តែមិនមានទ្រង់ទ្រាយធំនោះទេ៖ «ខ្មែរយើងក៏មានដាក់ដែរ ប៉ុន្តែគេដាក់ហ្នឹង គឺគេដាក់បន្តិចៗកែងទន្លេមេគង្គយើងហ្នឹង ៤ ឬ ១០ម៉ែត្រ ដោយគេដាក់ព្រួលឫស្សី ដោយព្រួលឫស្សីនោះគេរាំងមិនមែនគេរាំងអួនស្បៃមុងនេះទេ។ មិនមែនកាត់ទន្លេដូចជាក្នុងឡូនេសាទនោះទេ។ នេះគេដាក់ ៤ ឬ ១០ម៉ែត្រនៅតាមដៃទន្លេ»។
ទោះយ៉ាងណា មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ភាគច្រើននៃអំពើល្មើសច្បាប់ក្នុងរបរនេសាទនេះ គឺមានក្រុមអាជ្ញាធរដែនដី ឬមន្ត្រីមានជំនាញជាអ្នកធ្វើខ្នងបង្អែកនៃការប្រមូលផលនោះ។ អាជ្ញាធរ ឬមន្ត្រីជំនាញ ជាអ្នកអនុវត្តន៍ច្បាប់ គួរតែធ្វើជាគំរូដល់ពលរដ្ឋ ស្របពេលដែលរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់នេះ។
លោក ឆេង សុភ័ស្ត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ថ្លែងថា សមត្ថកិច្ចជំនាញគួរតែទៅពិនិត្យមើលចំពោះឧបករណ៍នេសាទដែលរដ្ឋបានអនុញ្ញាតឲ្យនេសាទទៅតាមតំបន់ ឬតាមកម្រិតនៃការនេសាទនោះ ថាត្រឹមត្រូវ ឬផ្ទុយនឹងច្បាប់កំណត់ឲ្យ៖ «ស្ថាប័នផ្សេង ជាពិសេសស្ថាប័នជលផល ឬខាងនេសាទហ្នឹង គួរតែសម្លឹងមើលករណីហ្នឹង ហើយស្រាវជ្រាវថា តើមូលហេតុអ្វីបានជាតំបន់ហ្នឹងប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ហើយគ្មាននរណាចាប់ ឬហាមឃាត់ ព្រោះនៅតំបន់ផ្សេងៗ មានគេចាប់គេហាមឃាត់ មានទាំងគេដុតចោលនូវសម្ភារៈដែលខុសច្បាប់ហ្នឹង។ អ៊ីចឹងយើងអាចមើលថា តើនៅតំបន់ហ្នឹង តើអ្នកណាខ្លះដែលបើកដៃឲ្យអ៊ីចឹង អ្នកដែលចូលរួមប្រព្រឹត្តបទល្មើស ក៏ត្រូវទទួលទោសដែរ»។
ពលរដ្ឋដែលរស់នៅក្នុងតំបន់នេសាទនោះ ថ្លែងឲ្យដឹងថា ការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់នោះ គឺកើតមានឡើងជារឿយៗ ប៉ុន្តែមិនសូវឃើញមានអាជ្ញាធរដែនដី ឬសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបឡើយ។
ទាក់ទងករណីនេសាទនេះដែរ នៅក្នុងស្រុកពាមជរ ដដែល គឺមានក្រុមមន្ត្រីសង្កាត់រដ្ឋបាលជលផល អាជ្ញាធរដែនដី ព្រមទាំងសហគមន៍នេសាទ បានចុះទៅបង្ក្រាបបទល្មើសនេសាទនៅក្នុងឃុំព្រែកក្របៅ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤។ ប៉ុន្តែ ក្រុមអ្នកភូមិដែលមានរបរនេសាទនៅតំបន់នោះ បានឲ្យដឹងថា ការចុះបង្ក្រាបនោះ គឺមិនស្មើភាពគ្នាទេ ដោយចុះទៅបង្ក្រាបតាមកន្លែងខ្លះតែប៉ុណ្ណោះ។
ទោះយ៉ាងណា យើងខ្ញុំនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយពីលទ្ធផល នៃការបង្ក្រាបបទល្មើសលើកនេះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
