សហគមន៍​នៅ​ព្រៃវែង​ឃាត់​ទូក​នេសាទ​៦​គ្រឿង​ដែល​ប្រើ​ឧបករណ៍​នេសាទ​អួន​ធំៗ

0:00 / 0:00

បទល្មើស​នេសាទ បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​បឹង​ស្នេហ៍ ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ក្នុង​ពេល​ដែល​ក្រុម​អាជ្ញាធរ និង​សមត្ថកិច្ច កំពុង​តែ​ជាប់​រវល់​ត្រៀម​ក្នុង​ពេល​បុណ្យ​អុំ​ទូក។

មន្ត្រី​អង្គការ​ធ្វើ​ការងារ​តាម​សហគមន៍ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ បញ្ជាក់​ថា បទល្មើស​កើត​កាន់​តែ​ច្រើន នៅ​ពេល​អាជ្ញាធរ​ជំនាញ​ឈប់​សម្រាក​នៅ​ពេល​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ទើប​នឹង​បញ្ចប់​នេះ។

ទូក​នេសាទ​ចំនួន ៦​គ្រឿង បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​អួន​ទំហំ​ធំៗ ដែល​ក្រុម​សហគមន៍​នេសាទ​ហាម​ឃាត់ គឺ​បាន​ធ្វើ​សកម្មភាព​នេសាទ​នៅ​ក្នុង​តំបន់​អភិរក្ស នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ក្នុង​ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

មន្ត្រី​សម្រប​សម្រួល​កម្មវិធី​របស់​អង្គការ ហ្វូមីន (Women) ប្រចាំ​នៅ​ខេត្ត​ព្រៃវែង លោក ទី ថន ថ្លែង​ថា សកម្មភាព​នេសាទ​ល្មើស​ច្បាប់​របស់​ពលរដ្ឋ​មួយ​ក្រុម​តូច​នៅ​ក្បែរ​តំបន់​បឹង​ស្នេហ៍​នេះ គឺ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​មើល​ទៅ​ហាក់​មិន​ញញើត​នឹង​កម្លាំង​សមត្ថកិច្ច​ឡើយ។ លោក​ថ្លែង​បន្ត​ថា សកម្មភាព​ទាំង​នោះ គឺ​ប្រើប្រាស់​ឧបករណ៍​ដែល​សហគមន៍​ហាម​ឃាត់ ហើយ​ទៅ​ប្រព្រឹត្ត​នៅ​ក្នុង​បរិវេណ​ដែល​ក្រុម​ពលរដ្ឋ​ក្នុង​សហគមន៍​អភិរក្ស​ថែម​ទៀត៖ « នេះ​ជា​របរ​របស់​គេ​តែ​ម្ដង ទោះ​បី​យើង​ទៅ​យ៉ាង​ម៉េច​ក៏​ដោយ​ បើ​ខាង​ខ្ញុំ​ទៅ​គឺ​ប្រមូល​ទូក​ដូច​ជាក់​ស្ដែង​ប្រមូល​ផ្ដុំ​គ្នា យើង​មិន​ដឹង​ធ្វើ​ម៉េច​បាន​ទេ។ រាល់​ថ្ងៃ​បង ! អ្នក​ដែល​មាន​ឈ្មោះ​តែ​ប៉ុណ្ណឹង​នាក់​ហ្នឹង​កាល​ពី​អាទិត្យ​មុន​គឺ​រក​មង​បី​ជាន់ ទៅ​ហ្នឹង​ដាក់​ទៅ​ហើយ​មង​បី​ជាន់​រាយ​មង​រួច​ហើយ បញ្ឆេះ​ទូក​កាត់​ព្រៃ​ទៅ​ដើម្បី​ឲ្យ​ត្រី​ផ្អើល​ជាប់​មង​ហ្នឹង។ បាន​មង​បី​ជាន់​គឺ​ជា​មង​ខុស​ច្បាប់​ដែរ​ហាម​មិន​ឲ្យ​ប្រើ​មង​បី​ជាន់​ដាច់​ខាត​បាទ ហើយ​មង​ហ្នឹង​ប្រភេទ​ត្រី​ប៉ុន្មាន​ក៏​ជាប់​ដែរ អា​ហ្នឹង​ចង់​ខ្លាំង​ជា​អួន​ទៅ​ទៀត។ ដល់​ពេល​រក​អ៊ីចឹង​ទៅ បើ​រក​មង​ហ្នឹង​ស្បើយ​ត្រី គឺ​ចាប់​ផ្ដើម​រក​អួន​ទៀត »

ក្នុង​ពេល​ដែល​អ្នក​សារព័ត៌មាន និង​មន្ត្រី​អភិរក្ស ចុះ​ទៅ​មើល​សកម្មភាព​នេសាទ​ខុស​ច្បាប់​ទាំង​នោះ គឺ​ក្រុម​អ្នក​នេសាទ​ខ្លះ​នៅ​បន្ត​អូស​អួន​ដែល​គេ​ប៉ាន​ប្រមាណ​ថា មាន​ប្រវែង​ប្រហែល ៣០០​ម៉ែត្រ ជា​ប្រភេទ​សហគមន៍​ហាម​ឃាត់ ហើយ​អ្នក​នេសាទ​ខ្លះ​ទៀត​បាន​ស្រាវ​អួន ដោយ​ផ្ដុំ​ទូក​ចូល​គ្នា​ជា​ក្រុម​នៅ​ក្នុង​អន្លង់​ត្រី​ដែល​សហគមន៍​បាន​អភិរក្ស។ មេ​ក្រុម​ដែល​ប្រើ​ឧបករណ៍​ដែល​សហគមន៍​នេសាទ​ហាម​ឃាត់ ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ សៅ ខា រស់នៅ​ក្បែរ​បឹង​ស្នេហ៍​នេះ។

មន្ត្រី​យោធា​ម្នាក់​នៅ​ខេត្ត​ព្រៃវែង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទៅ​ចូលរួម​ការពារ​សុវត្ថិភាព​មន្ត្រី​អភិរក្ស​ថ្លែង​ថា ពលរដ្ឋ​ភាគ​ច្រើន​ដែល​រស់​នៅ​ក្បែរ​នោះ គឺ​បាន​គោរព​ច្បាប់​របស់​សហគមន៍​នេសាទ ប៉ុន្តែ​ក្រុម​ជន​មួយ​ចំនួន​តូច​ដែល​ប្រព្រឹត្ត​ល្មើស​ដដែលៗ ប៉ុន្តែ​លោក​មិន​អាច​ចាប់​ឃាត់​បាន ព្រោះ​នេះ​ជា​សមត្ថកិច្ច​របស់​រដ្ឋបាល​ជលផល៖ « បាទ ! ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​គគ្រឹកគគ្រេង​រក​ស៊ី​មុខ​របរ​ខុស​ច្បាប់​ហ្នឹង​វា​ខុស​ណាស់​បង។ ខ្ញុំ​ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​ខាង​លើៗ​ហ្នឹង​គាត់​ជួយ​អន្តរាគមន៍ ជួយ​លុប​បំបាត់​ឲ្យ​គាត់​មក​រក​របរ​ដែល​ស្រប​ច្បាប់​វិញ។ អ៊ីចឹង​តំបន់​នេះ​វា​អាច​ក្លាយ​ទៅ​ជា​តំបន់​ទេសចរ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​តំបន់​ហ្នឹង​វា​ក្លាយ​ទៅ​ជា​តំបន់​ទេសចរ​មក​វិញ »

ទោះ​យ៉ាង​ណា ក្រុម​អ្នក​នេសាទ​មួយ​ចំនួន​តូច​ដែល​ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​នោះ ត្រូវ​ពលរដ្ឋ​ចោទ​ប្រកាន់​ថា បាន​ផ្ដល់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ជា​ថ្នូរ​នឹង​ធ្វើ​សកម្មភាព​នេសាទ​ល្មើស​ច្បាប់។

ប៉ុន្តែ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង លោក អូន ស៊ីណាត ថ្លែង​ថា ក្រុម​ជន​ល្មើស​ឆ្លៀត​ពេល​ដែល​សមត្ថកិច្ច​ជាប់​រវល់​ការពារ​សុវត្ថិភាព​ពេល​បុណ្យ​អុំ​ទូក​ផង ហើយ​ក្រុម​សមត្ថកិច្ច​ជំនាញ​ឈប់​សម្រាក​ផង​នោះ គឺ​គេ​បាន​ធ្វើ​សកម្មភាព​ល្មើស​តែ​ម្ដង។ លោក​បន្ត​ថា លោក​នឹង​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ក្នុង​ករណី​នេសាទ​ល្មើស​ច្បាប់​នោះ​ឲ្យ​បាន​ឆាប់៖ « កម្លាំង​របស់​យើង​បាន​ចាប់​ផ្ដើម​ប្រមូល​មនុស្ស​ទៅ​ធ្វើ​ហើយ បាទ​អត់​មាន​ធ្វេសប្រហែស​ទេ គ្រាន់​តែ​ថា យើង​ធ្វើ​មិន​ទាន់​ហើយ​ថា គាត់​អត់​រាយការណ៍​មក​ជំនាញ​។ បាទ ! កន្លង​មក​គាត់​រាយការណ៍​មក​ជំនាញ​យើង​ចាត់​ចែង​បាន ចាប់​បាន​៤​វង់​នោះ ( អួន​៤ ) ៤​ករណី​ហើយ​រឿង​ហ្នឹង​យើង​ធ្វើ​ជា​បន្តបន្ទាប់​មក​សមិទ្ធផល​បាន​ល្អ ប៉ុន្តែ​ថ្ងៃ​នេះ​គាត់​អត់​ប្រាប់​មក​យើង​ទេ។ ខ្ញុំ​ឲ្យ​កម្លាំង​ចុះ​ស្រាវជ្រាវ​ប្រសិន​បើ​ម្នាក់​ហ្នឹង​គាត់​រក​ចូល​ទៅ​ក្នុង​កន្លែង​អភិរក្ស​មែន ហើយ​យើង​រក​កំហុស​ឃើញ​នោះ​យើង​ចោទ​ប្រកាន់​គាត់​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​សុំ​ឲ្យ​ព្រះរាជអាជ្ញា​អនុវត្ត​។ បាទ បើ​និយាយ​ទៅ​រឿង​នេះ​គឺ​កើត​ចេញ​ពេល​បុណ្យ​ទាន​ហើយ​មន្ត្រី​សមត្ថកិច្ច​គាត់​ឆ្លៀត​មក​មើល​បុណ្យ​ទាន​មួយ​ថ្ងៃ​ នេះ​មិន​មែន​ជា​ការ​ធ្វេស​ប្រហែស​មិន​ធ្វើ​នោះ​ទេ »

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​នេសាទ​គិត​ពី​ដើម​ឆ្នាំ​២០១៤ មក គឺ​បាន ២៨៨​ករណី ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន ១៤​ករណី មាន​ពិន័យ​ជា​ប្រាក់​ចំនួន ៧៤​ករណី សរុប​ប្រាក់​ចំនួន​ជាង ៥៤​លាន​រៀល​ចូល​ជា​ថវិកា​រដ្ឋ។ លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​នៅ​បន្ត​បង្ក្រាប​រាល់​បទល្មើស​ដែល​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។