បទល្មើសនេសាទដែលចេះតែកើតឡើងជាបន្តបន្ទាប់នៅក្នុងខេត្តព្រៃវែង ត្រូវសមត្ថកិច្ចជំនាញបង្ក្រាប ហើយបញ្ជូនករណីទាំងនោះទៅកាន់តុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ប្រធានរដ្ឋបាលជលផលខេត្តព្រៃវែង ឲ្យដឹងថា រដ្ឋបាលជលផលបានបញ្ជូនឈ្មោះជនល្មើស និងឧបករណ៍នេសាទខុសច្បាប់ជាភស្តុតាងមួយចំនួន ទៅកាន់តុលាការនៅសប្ដាហ៍នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
រដ្ឋបាលជលផលខេត្តព្រៃវែង បានបញ្ជូនឈ្មោះជនល្មើសចំនួន ៤នាក់ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន ទៅកាន់តុលាការខេត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីឲ្យព្រះរាជអាជ្ញាចោទប្រកាន់ និងចាត់ការតាមនីតិវិធី។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានថ្លែងថា កាលពីសប្ដាហ៍កន្លងមកនេះ សមត្ថកិច្ច និងរដ្ឋបាលជលផល ចាប់បានអួនចំនួន ៥វង់ ជាឧបករណ៍ខុសច្បាប់ ដែលសហគមន៍ និងក្រសួងកសិកម្ម បានកំណត់មិនឲ្យនេសាទនៅក្នុងតំបន់បឹងស្នេហ៍ ក្នុងឃុំធាយ ស្រុកបាភ្នំ។
លោកថ្លែងទៀតថា ក្រោយពេលប្រមូលឧបករណ៍នោះហើយ ជនល្មើសនេសាទនោះបានមកលួចយកឧបករណ៍ជាភស្តុតាងនោះពីសមត្ថកិច្ច។ ដូច្នេះ រដ្ឋបាលជលផលកសាងសំណុំរឿងនេះទៅតុលាការ៖ «គាត់មានកំហុសដដែលអ្នកអួនហ្នឹង គឺគាត់ប្រើប្រាស់ដែននេសាទនៅក្នុងសហគមន៍ហ្នឹង គឺគាត់ប្រើប្រាស់ឧបករណ៍លើសពីការកំណត់ តាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ហើយយើងធ្លាប់ចាប់ពិន័យគាត់លើកទី១មួយហើយម្ដងរួចមកហើយ កាលពីដើមឆ្នាំ២០១៤។ គាត់ធ្លាប់បានអប់រំហើយ អ៊ីចឹងហើយបានជាលើកទី២នេះ គាត់ដឹងថា បើជលផលចាប់បានអាចមានការពិន័យទ្វេដង។ អ៊ីចឹងគាត់អាចគេចចេញ។ តែឥឡូវយើងបញ្ជូនទៅព្រះរាជអាជ្ញា ដើម្បីដោះស្រាយពីរឿងកាត់លួច ដណ្ដើម ឬក៏លួចភស្តុតាងយកទៅវិញ ៤ករណី។ មួយករណីទៀត អួនជាង ២០០ម៉ែត្រហ្នឹង គឺយើងនៅរក្សាទុកនៅឡើយ យើងកំពុងតែស្រាវជ្រាវរកម្ចាស់ តែអួននេះគឺមិននៅក្នុងកន្លែងអភិរក្សទេ»។
សមត្ថកិច្ច បានបង្ក្រាបបទល្មើសនេសាទគិតពីដើមឆ្នាំ២០១៤ មក គឺបានប្រមាណ ៣២៥ករណី ហើយបានបញ្ជូនទៅតុលាការចំនួន ១៩ករណី មានពិន័យជាប្រាក់ចំនួន ៧៤ករណី។ លោកថ្លែងថា កន្លងមកក្រុមសហគមន៍ហាក់មិនចាំច្បាស់លាស់ចំពោះទីតាំងដែនអភិរក្សអន្លង់ត្រី ទើបមានការរាយការណ៍មិនបានគ្រប់ជ្រុងជ្រោយ។
ប្រជាសហគមន៍នេសាទនៅក្បែរតំបន់បឹងស្នេហ៍នោះ ត្រេកអរចំពោះចំណាត់ការរបស់សមត្ថកិច្ចជលផល ដែលបានបង្ក្រាបបទល្មើសនេសាទដែលកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគាត់។
មន្ត្រីសម្របសម្រួលកម្មវិធីរបស់អង្គការ ហ្វូមីន (Women) លោក ទី ថន ប្រចាំនៅខេត្តព្រៃវែង ដែលជាអ្នកអភិរក្សតំបន់បឹងស្នេហ៍នោះដែរ បានថ្លែងថា លោកគ្រាន់តែចង់ឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍គោរពតាមច្បាប់របស់សហគមន៍ និងក្រសួងកសិកម្ម ដើម្បីឲ្យអ្នកនេសាទទាំងអស់គ្នាបានទទួលផលនេសាទដូចៗគ្នាដោយស្របច្បាប់៖ «ខ្ញុំគិតថា បើគាត់វិលត្រឡប់ពីរកខុសមករកត្រូវច្បាប់វិញ ខ្ញុំគិតថា មានផលប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅជុំវិញបឹង។ ទី១ មិនលំបាកខាងគាត់អ្នករកខុសច្បាប់ហ្នឹង។ ហើយទី២ ឃើញថា ត្រីវាមានកំណើនឡើង ហើយអ្នកដែលរកបានតិចតួចដូចជារកតាមឈ្នាង អញ្ចង ដែលត្រូវច្បាប់អ៊ីចឹង គាត់នឹងរកបានលើសពីហ្នឹង។ អ៊ីចឹងមានប្រយោជន៍ដ៏ធំធេងណាស់បង»។
លោកថ្លែងទៀតថា ពូជត្រីនឹងកើនឡើងនៅពេលដែលអ្នកនេសាទ មិនប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។
ចំណែកអ្នកសម្របសម្រួលអង្គការអាដហុក (adhoc) ប្រចាំខេត្តព្រៃវែង គឺអ្នកស្រី អ៊ាន គឹមលី ថ្លែងថា កន្លងមកតែងតែមានការចោទប្រកាន់ពីប្រជាពលរដ្ឋថា អាជ្ញាធរបើកដៃ ឬជាអ្នកនៅក្រោយខ្នងចំពោះបទល្មើសនេសាទ។ ចំពោះចំណាត់ការរបស់រដ្ឋបាលជលផលនេះ ជាការចូលរួមលុបបំបាត់អំពើល្មើសនេសាទដែលចេះតែកើតមានឡើងនៅក្នុងខេត្តព្រៃវែង៖ «ឃើញថាគាត់បានបញ្ជូនឈ្មោះមនុស្ស ៤នាក់ ឲ្យទៅព្រះរាជអាជ្ញាចោទប្រកាន់ហ្នឹង នោះគឺជាការល្អដែលយើងសប្បាយចិត្តចំពោះចំណាត់ការរបស់គាត់ ហើយយើងសង្ឃឹមថា ព្រះរាជអាជ្ញា ហើយនិងតុលាការ និងអាជ្ញាធរដែលពាក់ព័ន្ធ គួរតែចាត់ការលើករណីបទល្មើសនេសាទនេះបន្តទៀត ដើម្បីមានផលប្រយោជន៍ដល់ប្រទេសជាតិយើង ជាពិសេសដើម្បីការពារធនធានធម្មជាតិដែលអាចនឹងបាត់បង់»។
តែទោះយ៉ាងណា ប្រធានរដ្ឋបាលជលផលបានបញ្ជាក់ថា ទោសអ្នកទាំង ៤នាក់ ប្រសិនបើតុលាការរកកំហុសឃើញ តាមឆន្ទានុសិទ្ធិរបស់តុលាការ នឹងត្រូវពិន័យជាប្រាក់ ៥លាន ទៅ ៥០លានរៀល ឬបើផ្ដន្ទាទោស គឺពីមួយឆ្នាំទៅបីឆ្នាំ។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានថ្លែងថា រដ្ឋបាលជលផល និងអាជ្ញាធរ នឹងបន្តយុទ្ធនាការបង្ក្រាបចំពោះរាល់បទល្មើសនេសាទដែលកើតឡើង ហើយក៏បន្តផ្សព្វផ្សាយច្បាប់នេសាទ អប់រំដល់ពលរដ្ឋឲ្យយល់ដឹងចំពោះការនេសាទនៅក្នុងសហគមន៍នីមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
