អ្នក​ភូមិ​រស់​តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​បាត់បង់​ពូជ​ត្រី

0:00 / 0:00

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បារម្ភ​ពី​ការ​បំផ្លិចបំផ្លាញ​ពូជ​ត្រី​ដោយសារ​បទល្មើស​នេសាទ​នៅ​រដូវ​ត្រី​ពង​កូន។ ការ​ព្រួយ​បារម្ភ​នេះ គឺ​នៅ​បន្ទាប់​ពី​សកម្មភាព​នេសាទ​នៅ​រដូវ​ត្រី​ពង​កូន​កើន​ឡើង ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​តំបន់​ជម្រក​ត្រី​តាម​អូរ​ដៃ​ទន្លេ​មេគង្គ ពុំ​មាន​ការ​ទប់ស្កាត់។

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ស្រុក​ថាឡាបរិវ៉ាត់ នៅ​ថ្ងៃ​ទី​១៥ សីហា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ធនធាន​ជលផល តាម​ដង​ទន្លេ​មេគង្គ​ដែល​កំពុង​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ ដោយសារ​តែ​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​នេសាទ ការ​នេសាទ​នៅ​រដូវ​ត្រី​ពង​កូន ការ​មិន​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​ដោយ​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ការ​មិន​ចូលរួម​របស់​សហគមន៍​នៅ​មាន​កម្រិត ឬ​មិន​ទាន់​មាន​សមត្ថភាព និង​ការ​ប្រែប្រួល​ចរន្ត​ទឹក ជាដើម។

តំណាង​ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា បច្ចុប្បន្ន​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​តាម​មូលដ្ឋាន​នៅ​រដូវ​ត្រី​ពង​កូន និង​ការ​នេសាទ​ដោយ​បណ្ដែត​មង​តាម​អូរ ដែល​ជា​ជម្រក​ត្រី​ពង​កូន កំពុង​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ឃុំ​ថាឡាបរិវ៉ាត់ ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ទប់ស្កាត់​នៅ​ឡើយ​ទេ។ លោក​ថា ការ​បណ្ដែត​បណ្តោយ​ឲ្យ​មាន​ការ​នេសាទ​នៅ​រដូវ​ត្រី​ពង​កូន នឹង​ធ្វើ​ឲ្យ​ធនធាន​ត្រី​ថយ​ចុះ​ខ្លាំង ហើយ​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន​ក៏​ប្រឈម​ការ​ផុត​ពូជ​ផង​ដែរ៖ «ជលផល​ខេត្ត​ច្បាប់​គេ គឺ​គេ​បិទ​ត្រឹមត្រូវ វា​មាន​ជលផល​តាម​ភូមិ ដល់​ពេល​មុន​ពេល​ចុះ​មក​ខេត្ត​ត្រូវ​តេ​មក​ភូមិ ដល់​តេ​មក ពួក​ភូមិ​ផ្សព្វផ្សាយ ពួក​នេសាទ​ត្រី​ឲ្យ​គេច ដល់​ចឹង​មិន​អាច​ចាប់​ពួក​នេសាទ​ហ្នឹង​បាន​ទេ»

រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង បាន​ជូន​ដំណឹង​ស្ដីពី​ការ​បិទ​នេសាទ​ជា​បណ្ដោះអាសន្ន​នៅ​រដូវ​ត្រី​ពង​កូន ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា។ តែ​យ៉ាង​ណា​ក៏ដោយ អ្នក​ភូមិ​អះអាង​ថា សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ហាម​ឃាត់​នេះ មាន​តែ​នៅ​លើ​ក្រដាស​នោះ​ទេ តែ​ការ​ឃ្លាំ​មើល និង​ហាម​ឃាត់​នេសាទ​ជាក់ស្តែង​នៅ​មាន​តិចតួច​ណាស់។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក ប៉ែន ឈុនឌី ទទួល​ស្គាល់​ថា ពិត​ជា​មាន​ពលរដ្ឋ​ធ្វើ​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ នៅ​តាម​ដង​ទន្លេ​មេគង្គ​ស្រុក​ថាឡាបរិវ៉ាត់ ពិត​មែន តែ​ការ​ធ្វើ​នេសាទ​នោះ ធ្វើ​ឡើង​ដោយ​លួច​លាក់។ តែ​យ៉ាង​ណា​លោក​ថា មន្ត្រី​ជំនាញ​តែង​តែ​សហការ​ជាមួយ​សហគមន៍​នេសាទ​តាម​មូលដ្ឋាន អាជ្ញាធរ និង​សមត្ថកិច្ច ដើម្បី​ផ្តល់​ដំណឹង​ពី​បទល្មើស​នេសាទ ព្រម​ទាំង​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​តាម​ដង​ទន្លេ​នៅ​មូលដ្ឋាន៖ «កន្លង​ទៅ​ខ្ញុំ​បាន​ផ្សព្វផ្សាយ​តាម​ទូក​ក្នុង​រយៈពេល​ខ្លីៗ ពន្យល់​ត្រួសៗ​ឲ្យ​គាត់​ប្រើ​ឧបករណ៍​មង​ដែល​វា​ត្រូវ​ច្បាប់ កុំ​នេសាទ​ក្នុង​រដូវ​ត្រី​ពង ចៀសវាង​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់»

លោក ប៉ែន ឈុនឌី បន្ថែម​ថា គិត​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៥ ដល់​ខែ​សីហា ឆ្នាំ​២០១៥ មន្ត្រី​រដ្ឋបាល​ជលផល បាន​ចាប់​ជន​សង្ស័យ​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចំនួន ៨​នាក់ ព្រម​ទាំង​បាន​បញ្ជូន​ទៅ​តុលាការ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​បណ្ដាញ​ទន្លេ​បី លោក មៀច មាន មាន​ប្រសាសន៍​បញ្ជាក់​ថា ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​ជលផល​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ និង​ការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​ច្បាប់​នេសាទ និង​គុណ​វិបត្តិ​ការ​នេសាទ​នៅ​តំបន់​ត្រី​ពង​កូន មិន​បាន​ទូលំទូលាយ បណ្ដាល​ឲ្យ​ធនធាន​មច្ឆជាតិ​កាន់​តែ​ថយ​ចុះ។ លោក​កត់​សម្គាល់​ថា មន្ត្រី​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន ហាក់​នៅ​មិន​ស៊ី​ចង្វាក់​គ្នា​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​នោះ​ទេ ទើប​បង្ក​ឲ្យ​បទល្មើស​នេសាទ​កាន់​តែ​កើន​ឡើង៖ «ឆ្នាំ​២០១៥ ហើយ​រយៈពេល​ជាង ៣០​ឆ្នាំ​ហើយ ដែល​ក្រោយ​រំដោះ ៧ មករា មន្ត្រី​អាជ្ញាធរ​របស់​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​ការ​បែប​មិន​ចូល​គ្នា ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ជំនាញ សុទ្ធ​តែ​មនុស្ស​ដដែលៗ គួរ​តែ​ច្បាស់​នូវ​គោល​នយោបាយ​នូវ​ច្បាប់​របស់​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​តឹង​តែង​វា​អត់»

លោក មៀច មាន កត់​សម្គាល់​ថា បរិមាណ​ត្រី​ដែល​សហគមន៍​នេសាទ​បាន​ជា​លក្ខណៈ​គ្រួសារ​នៅ​ពេល​បច្ចុប្បន្ន មាន​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ពូជ​ត្រី​មួយ​ចំនួន​ក៏​គេ​ពុំ​ឃើញ​មាន ដូចជា​ត្រី​ព្រួល ត្រី​លេញ និង​ត្រី​រៀល ជាដើម។ បន្ថែម​ពី​លើ​នេះ ការ​បាត់បង់​ពូជ​ត្រី​នេះ​អាច​បណ្ដាល​មក​ពី​ប្រែប្រួល​ទឹក ការ​នេសាទ​ខុស​ច្បាប់ និង​ការ​បញ្ចេញ​កាក​សំណល់​នៃ​ការ​កសាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។