ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នេសាទ​នៅ​ខេត្ត​តាកែវ

0:00 / 0:00

ពលរដ្ឋ​ខេត្ត​តាកែវ ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត ជួយ​សហការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ បន្ទាប់​ពី​មាន​ជនជាតិ​វៀតណាម កំពុង​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដាក់​រាយ​ពាស​ពេញ​ផ្ទៃ​ទន្លេ និង​ឡូ​នេសាទ​នានា ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​កាត់​ពី​ការ​គ្រប់គ្រង​ដោយ​រដ្ឋ ប្រគល់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ។

អភិបាល​ស្រុក​អង្គរបុរី ខេត្ត​តាកែវ លោក ឃុន បូរ ថ្លែង​គាំទ្រ​ឲ្យ​ពលរដ្ឋ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ខណៈ​មាន​សេចក្តី​រាយការណ៍​ថា មាន​ជន​ខិល​ខូច​លួច​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ពាស​ពេញ​បឹង​ព្រែក និង​ឡូ​នេសាទ ដើម្បី​ចាប់​យក​ត្រី​នៅ​ក្នុង​រដូវ​បិទ​នេសាទ ជា​ពេល​វេលា​ដែល​រដ្ឋបាល​ជលផល​កំពុង​អភិរក្ស​ធនធាន​ត្រី​ធម្មជាតិ និង​ត្រី​មេ​ពូជ។

លោក ឃុន បូរ អភិបាល​ស្រុក​អង្គរបុរី មាន​ប្រសាសន៍​ដូច្នេះ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤។ លោក​បន្ត​ថា ក្នុង​រដូវ​ហាម​នេសាទ ពលរដ្ឋ​បាន​ប្ដឹង​មក​អាជ្ញាធរ​ស្រុក ឲ្យ​ជួយ​ការពារ​ធនធាន​ជលផល​ដែល​កំពុង​តែ​មាន​ជន​ខិល​ខូច លួច​ដាក់​លូ​ស្បៃ​មុង ឬ​សៃយ៉ឺន និង​ឡុក (គឺ​ជា​ឧបករណ៍​ដូច​ស្បៃ​មុង​ដែរ តែ​មាន​ច្រើន​ខ្សែ​គិត​ជា​គីឡូ​ដី​នៅ​ក្នុង​ទឹក) ចាប់​យក​ត្រី​ធំ​តូច ពិសេស​មេត្រី​កំពុង​ពង​នៅ​ក្នុង​ពោះ ទើប​លោក​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​បង្ក្រាប​បទល្មើស​នោះ៖ «ព្រោះ​សហគមន៍​គាត់​ឃើញ​ករណី​ណា​ដែល​ខុស​នឹង​គោលការណ៍​របស់​ថ្នាក់​លើ ហើយ​ធ្វើ​បំផ្លាញ​នូវ​មច្ឆជាតិ អា​ហ្នឹង​យើង​ត្រូវ​តែ​ការពារ​ទាំងអស់​គ្នា ខ្ញុំ​គាំទ្រ​អា​ហ្នឹង»

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​អង្គរបុរី លោក អ៊ុំ គាវ ថ្លែង​ថា បើ​អភិបាល​ស្រុក​បើក​ភ្លើង​ខៀវ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ចុះ​បង្ក្រាប​បទល្មើស​នេសាទ លោក​នឹង​ដឹក​នាំ​កម្លាំង​ប្រជាពលរដ្ឋ ៦​ឃុំ ចុះ​បង្ក្រាប​បទល្មើស​នោះ។ លោក​ថា មនុស្ស ២​នាក់​មាន​ឈ្មោះ យ៉ាន់ វណ្ណៈ ជនជាតិ​ខ្មែរ និង​ឈ្មោះ មុត យូ ជនជាតិ​វៀតណាម ដែល​បាន​អូស​ទាញ​អ្នក​នេសាទ​វៀតណាម ឲ្យ​ប្រើ​ឡុក និង​សៃយ៉ឺន ដាក់​រាយ​នៅ​ក្នុង​ទឹក​រាប់​គីឡូម៉ែត្រ ពី​ព្រំប្រទល់​ស្រុក​កោះធំ ខេត្ត​កណ្ដាល ទៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ និង​ទៅ​ដល់​ព្រំដែន​វៀតណាម។ លោក​ថា ឡូ​នេសាទ​នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាត់​ពី​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​មក​ឲ្យ​ប្រជាពលរដ្ឋ​រក​នេសាទ​វិញ។ ប៉ុន្តែ​ជន​ទាំង ២​នាក់​នោះ អាង​ខ្នង​ការពារ ហ៊ាន​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ដាក់​រាយ​ក្នុង​ទន្លេ បឹង ព្រែក ពាស​ពេញ​ទឹក ចាប់​ត្រី​ក្នុង​រដូវ​អភិរក្ស មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាច​ចាប់​ត្រី​នោះ​បាន​ខ្លះ​ទេ៖ «មិន​តែ​ប៉ុណ្ណោះ ឈ្មោះ យ៉ាន់ វណ្ណៈ និង​ឈ្មោះ យូ នេះ បាន​ចេញ​លិខិត​ក្លែង​បន្លំ​ឲ្យ​ទៅ​ជនជាតិ​យួន ជា​អ្នក​នេសាទ​មួយ​សន្លឹក​ម្នាក់ៗ​ទៀត​ផង»

ប្រជាពលរដ្ឋ​ឃុំ​គោកធ្លក ឃុំ​អង្គរបុរី និង​ឃុំ​ផ្សេងៗ​ទៀត កំពុង​ពិភាក្សា​ដើម្បី​នាំ​គ្នា​ទៅ​បង្ក្រាប​បទល្មើស​នេសាទ ដែល​បង្ក​ផល​ប៉ះពាល់​ក្នុង​រដូវ​បិទ​នេសាទ។

លោក ណៃ លាន អ្នក​ភូមិ​កំពង់ហ្លួង ឲ្យ​ដឹង​ថា គាត់​រង់ចាំ​ចម្លើយ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក ខេត្ត ទើប​ពលរដ្ឋ​ហ៊ាន​ចុះ​បង្ក្រាប​បទល្មើស​នោះ។ លោក​ថា អ្នក​ភូមិ​បាន​ឃើញ​ពលរដ្ឋ​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល សហការ​ជាមួយ​អាជ្ញាធរ ចុះ​កាប់​បំផ្លាញ​ឧបករណ៍​ល្មើស ហើយ​បាន​ដោះ​លែង​ត្រី​ពី​ឧបករណ៍​ខុស​ច្បាប់ ឲ្យ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ៖ «បទល្មើស​នេសាទ​ខ្លាំងក្លា​ពេក ដាក់​របាំង​ពី​០៩ ទៅ​ទល់​ចុង​ព្រែក​សឹង្ហ។ ហើយ​របាំង​ទី​២ របាំង​ធំ ដាក់​តាំង​ពី​ព្រែក​ដើមគរ​ខាង​កើត ឃុំ​កំពង់ហ្លួង ទៅ​ទល់​ទួល​វិហារ អា​ហ្នឹង​យក​ត្រី​គ្រប់​ប្រភេទ តាំង​ពី​បង្កង​អី ចាប់​បាន​ទាំងអស់។ ហើយ​នៅ​ទល់​ដែន​នោះ មួ​យក​ភ្លូស អា​ហ្នឹង​ច្រើន​ណាស់»

ចំណែក លោក ខៀវ ហិត នៅ​ភូមិ​ព្រែកទោល ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម មាន​អ្នក​ការពារ​ឈ្មោះ យ៉ាន់ វណ្ណៈ ទើប​គេ​ហ៊ាន​ចូល​បំផ្លាញ​ត្រី​ធម្មជាតិ​ពី​ទន្លេ បឹង ព្រែក។ លោក​ថា ការ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នោះ គេ​ចាប់​ត្រី​បាន​ច្រើន​តោន ព្រោះ​ក្នុង​ទូក​មួយ​គ្រឿង គាត់​ឃើញ​ដឹក​ត្រី​រាប់​តោន​ដែល​លើក​ពី​ឧបករណ៍​សៃយ៉ឺន​ក្នុង​មួយ​ខ្សែ។ បើ​លើក​ពី​ឧបករណ៍​ឡុក​វិញ គឺ​ចាក់​ត្រី​ចាប់​ពី ២០ ទៅ ៣០​តោន​ឯណោះ។ បញ្ហា​ការ​ប្រើ​ឧបករណ៍​ល្មើស​ខុស​ច្បាប់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ត្រី​ធម្មជាតិ​វិនាស​ហិនហោច។ លោក​ថា ត្រី​ធម្មជាតិ​ត្រូវ​បាន​អ្នក​នេសាទ​វៀតណាម ចាប់​ពី​ប្រទេស​កម្ពុជា ដឹក​យក​ទៅ​លក់​នៅ​វៀតណាម ហើយ​ដឹក​ត្រី​គេ​ចិញ្ចឹម​យក​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា វិញ៖ «ធ្វើ​បង្ក្រាប​ហ្នឹង រៀបចំ​ទូក វា​ទាល់​តែ បួន​ដប់​ម្ភៃ​ទូក​អី​ទៅ ហើយ​គ្នា​ហ្នឹង​ប្រហែល​ចូល ៥០ ទៅ ៦០​នាក់​អី បាន​ធ្វើ​បាន»

ឈ្មួញ​ត្រី​ខេត្ត​តាកែវ ដែល​ប្រជាពលរដ្ឋ​ចោទ​ថា​នាំ​អ្នក​នេសាទ​វៀតណាម មក​ដាក់​ឧបករណ៍​ខុស​ច្បាប់​នៅ​ក្នុង​ឡូ​នេសាទ​នានា​នោះ លោក យ៉ាន វណ្ណៈ ឲ្យ​ដឹង​ថា គាត់​គោរព​ច្បាប់​ជលផល ព្រោះ​ថា រដូវ​បិទ​នេសាទ រដ្ឋបាល​ជលផល​ហាម​ដាក់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ លោក​មិន​ហ៊ាន​ធ្វើ​ដូច​ការ​ចោទ​ពី​ពលរដ្ឋ​នោះ​ទេ៖ «យើង​ធ្វើ​តាម​ដង​ស្ទឹង​ហ្នឹង ឥឡូវ​មាន​កន្លែង​ណា​ធ្វើ អត់​ផង អត់​ផង»

មន្ត្រី​ជលផល​បញ្ជាក់​ថា រដូវ​បិទ​នេសាទ​បាន​ចាប់​ផ្ដើម​នៅ​ខែ​មិថុនា និង​បញ្ចប់​នៅ​ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។