ពលរដ្ឋរស់នៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ អះអាងថា ជនជាតិវៀតណាម នៅតែបន្តចូលមកឆក់ត្រីក្នុងទឹកដីខ្មែរ។ ពួកគេរាយការណ៍ទៅអាជ្ញាធរ ប៉ុន្តែហាក់ពុំមានចំណាត់ការ។ ចំណែកអាជ្ញាធរនៅទីនោះលើកឡើងថា ពួកគេពុំមានលទ្ធភាពបង្ក្រាបបទល្មើសទាំងនោះឡើយ។
មន្ត្រីសមត្ថកិច្ចក្នុងមូលដ្ឋានជាប់ព្រំដែនវៀតណាម ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ សំអាងហេតុផលថាខ្វះខាតកម្លាំង និងសម្ភារៈ ដើម្បីបង្ក្រាបបទល្មើសនេសាទ ជាដើមចមដែលធ្វើអោយជនជាតិវៀតណាម នៅតែអាចឆ្លងចូលមកលួចនេសាទក្នុងទឹកដីខ្មែរ។
ការអះអាងនេះ គឺបន្ទាប់ពីទូកនេសាទវៀតណាម ៨គ្រឿង ចូលឆក់ត្រីក្នុងព្រែកលេខ០៧ នៅមុខវត្តសង្គមមានជ័យ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៣រសៀល នៅថ្ងៃទី២០ ខែធ្នូ នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
នាយអាវុធហត្ថស្រុកបូរីជលសារ លោក ជា អះអាងថា ពលរដ្ឋភូមិសង្គមមានជ័យ ប្ដឹងទៅអាជ្ញាធរស្រុកថាមានបទល្មើសរបស់ជនជាតិវៀតណាម ប្រើទូកចំនួន ៨គ្រឿង និងប្រើឧបករណ៍ឆក់ត្រីបំផ្លាញមច្ឆាធំតូច ក្នុងព្រែកលេខ០៧។ លោកបានចុះផ្ទាល់ឃើញជាក់ស្តែង ប៉ុន្តែមិនអាចបង្ក្រាបបាន ដោយគ្មានកម្លាំងជំនួយពីមន្ត្រីរដ្ឋបាលជលផល៖ «មានតែទូកតូចមួយ មកនេះគ្រាន់តែមកត្រួតពិនិត្យមើល ព្រោះថាធ្វើសកម្មភាពអីក៏អត់បានដែរ ព្រោះកម្លាំងខ្ញុំតិច ហើយទូកនេះទូកខ្ញុំជួលគេ ទូកតូចមួយមកនេះ។ ម្យ៉ាងវិញទៀត គឺនៅលើជំនាញរបស់គេ បើជំនាញគេមកសហការជាមួយអ៊ីចឹងទៅ កម្លាំងខ្ញុំចុះ គឺបង្ក្រាបបាន។ បើជំនាញគេអត់មកសហការជាមួយអ៊ីចឹង ខ្ញុំមិនដឹងធ្វើម៉េចទេ»។
ស្រដៀងគ្នាដែរ នាយប៉ុស្តិ៍រដ្ឋបាលស្តីទីឃុំកំពង់ក្រសាំង លោក ហូ ប៉ែត ថ្លែងថា សមត្ថកិច្ចមានតែ ៣នាក់ អាវុធហត្ថ ប៉ូលិស និងមេភូមិ មិនអាចទប់ស្កាត់បទល្មើសនេសាទរបស់ជនជាតិវៀតណាម បានទេ៖ «ចុះបើតំបន់ព្រំដែននេះ បើគេមកមិនចេះតិចគ្នាទេ ពួកខាងគេហ្នឹង។ កម្លាំងបើទប់ ព្រោះជាសមត្ថកិច្ចខាងជលផល ហើយខាងខ្ញុំធ្វើម៉េចកើតអ៊ីចឹង បើកម្លាំងបូកគ្នាទៅ ជលផលក៏គេមក ប៉ូលិសរដ្ឋបាលក៏ទៅអ៊ីចឹង ព្រោះកម្លាំងឆក់រាយការណ៍ត្រឹមអធិការទេ»។
ពាក់ព័ន្ធការលើកឡើងនោះ ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក ថ្លែងថា មន្ត្រីជលផលគ្មានអាវុធទេ ហើយកម្លាំងការពារធនធានជលផលក៏តិច។ ក្នុងការចុះបង្ក្រាបបទល្មើសនេសាទនោះ ប្រសិនបើមានមន្ត្រីអាវុធហត្ថ និងមន្ត្រីប៉ូលិសហើយ គឺពួកគាត់មានអាវុធ អាចចុះបង្ក្រាបបទល្មើសនេសាទបានភ្លាមៗ៖ «ហ្នឹងហើយរកកម្លាំងថែមទៅខាងប៉ូលិសប៉ុស្តិ៍ហ្នឹង ឬក៏អាវុធហត្ថហ្នឹង ឬមេឃុំមេភូមិរកកម្លាំងថែមទៅ ចាប់ទៅ ព្រោះជលផលមានកម្លាំងតិចណាស់ មួយស្រុកមានម្នាក់ពីរនាក់ហ្នឹង»។
មេភូមិសង្គមមានជ័យ លោក ប៉ាន ប៊ុណ្ណា ថ្លែងថា គាត់ និងពលរដ្ឋលំបាកក្នុងការរាយការណ៍ទៅសមត្ថកិច្ចជលផលណាស់ ព្រោះមន្ត្រីទាំងនោះឧស្សាហ៍ប្ដូរលេខទូរស័ព្ទ។ លោកថា ដូចករណីវៀតណាម លើកគ្នា ៨ទូកចូលមកឆក់ត្រីនៅមុខវត្តសង្គមមានជ័យ គឺចម្ងាយ ៨គីឡូម៉ែត្រពីព្រំដែន ក៏ពួកគាត់បានត្រឹមរាយការណ៍ទៅមន្ត្រីអាវុធហត្ថ និងមន្ត្រីប៉ូលិសឃុំ។ លោកអះអាងថា ក្នុងទូកវៀតណាម នីមួយៗបានប្រើសុទ្ធតែឧបករណ៍ឆក់ទំនើប យកទៅឆក់ត្រីតែ ២ ទៅ ៣ម៉ោងនៅក្នុងប្រឡាយ ០៧នេះ ចាប់ត្រីបានរហ័ស គឺក្នុងមួយទូកយ៉ាងហោចបានត្រី ៥០០គីឡូក្រាមឡើងទៅ។ លោកមេភូមិបន្តថា គាត់មិនហ៊ានបង្ក្រាបបទល្មើសនោះទេ ព្រោះមិនដឹងថាក្នុងទូកវៀតណាម នោះ មានអាវុធ ឬអត់ ទើបខាងសមត្ថកិច្ចការពារព្រំដែនមិនហ៊ានទប់ស្កាត់ បណ្តោយឲ្យទូក ៨គ្រឿងនៅតែអាចចូលមកនេសាទបានក្នុងទឹកដីខេត្តតាកែវ៖ «វាចូលមកប្រឡាយវត្ត គឺប្រឡាយ០៧ហ្នឹង ខាងត្បូងហ្នឹង វាឆក់ពេញហ្នឹង។ ឃាត់វាមិនស្តាប់ទេ ប្រជាជនសួរដល់បងឯងមកឆក់នេះ មិនខ្លាចជលផលទេអី វាឆ្លើយថាជលផលហ្នឹងមានការអី»។
ពលរដ្ឋភូមិសង្គមមានជ័យ លោក វី ចាន់ ថ្លែងថា សកម្មភាពជនជាតិវៀតណាម ប្រើទូកច្រើនគ្រឿងចូលអុកឡុកឡូនេសាទក្នុងទឹកដីកម្ពុជា មានញឹកញាប់។ លោកថា នៅក្នុងខែធ្នូ ទូកវៀតណាម បើកតាមច្រកចូវដុក ចូលមកក្នុងឃុំកំពង់ក្រសាំង នេះ ហាក់គ្មានញញើតអាជ្ញាធរកម្ពុជា បន្តិចសោះ។ លោកថា ពួកគេបានត្រឡប់ទៅវិញដោយគ្មានអ្នកណាអាចរារាំងបាន ទំនងដឹងថាកម្លាំងសមត្ថកិច្ចក្នុងតំបន់នេះមិនអាចធ្វើអ្វីពួកគេកើត។
អាជ្ញាធរ និងអ្នកភូមិ ឲ្យដឹងថា ទូកវៀតណាម ទាំង ៨គ្រឿង បានត្រឡប់ទៅវិញនៅម៉ោងជាង ៣រសៀល ក្រោយពីពួកគេបានឆក់ត្រីដាក់ពេញៗទូក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
