ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​ពាក់ព័ន្ធ​ថា​បើក​ដៃ​ឲ្យ​មាន​បទល្មើស​នេសាទ

0:00 / 0:00

ពលរដ្ឋ​នៅ​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹង​ថា បទល្មើស​ដាក់​ដាយ​តាម​ព្រែក​កាន់​តែ​កើន​ឡើង ហើយ​ការ​កើន​ឡើង​នោះ អាច​បណ្ដាល​មក​ពី​មន្ត្រី​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ចំណែក​អាជ្ញាធរ​ឃុំ​វិញ​បញ្ជាក់​ថា អាច​មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ថ្នាក់​លើ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ពាក់ព័ន្ធ​ឡើយ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ពលរដ្ឋ​នៅ​តាម​មាត់​ព្រែក​ជីក ស្ថិត​នៅ​ឃុំ​ទន្លេបិទ ឃើញ​សកម្មភាព​ដាក់​ដាយ​នៅ​តាម​ដង​ព្រែក​កាន់​តែ​ច្រើន​ឡើង ក្រោយ​ពេល​មាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំង​នោះ​ជាមួយ​អាជ្ញាធរ​កន្លង​មក។ ពួក​គាត់​ថា ការ​ដាក់​ដាយ ឬ​របាំង​ស្បៃ​យក​ត្រី​នៅ​តាម​ដង​ព្រែក​នោះ គឺ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ តែ​វា​ថែម​ទាំង​បង្ក​ការ​បាក់​ច្រាំង​តាម​មាត់​ព្រែក​ទៀត​ផង។

ពលរដ្ឋ​ឃុំ​ទន្លេបិទ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​ថា អាច​មក​ពី​អាជ្ញាធរ រួម​និង​មន្ត្រី​ជំនាញ​ទាំង​នោះ ដែល​បើក​ដៃ​ឲ្យ​អ្នក​នេសាទ​ខុស​ច្បាប់ អាច​ដាក់​ដាយ​បាន​យ៉ាង​ច្រើន​នៅ​តាម​មាត់​ព្រែក បើ​ទោះ​ជា​មាន​របាយការណ៍​ពី​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​នេះ​យ៉ាង​ណា​ក្តី៖ «តែ​បើ​តាម​គិត​ហ្នឹង វា​សម​ហេតុផល​ថា គេ​មក​យក​លុយ​ឲ្យ​ដាក់​អ៊ីចឹង​ណា! ថា​បើ​សិន​មិន​យក​លុយ គេ​ទើប​គេ​មាន​សមត្ថកិច្ច​ក្នុង​ការ​មិន​ឲ្យ​ដាក់​បាន។ កាល​ពី​មុន​មាន​ការ​ទៅ​ប្រាប់​ម្តង​ហើយ​ខាង​មេ​ឃុំ និង​មេ​ប៉ុស្តិ៍ គេ​បាន​ទៅ​ហៅ​ពួក​ហ្នឹង​ឲ្យ​មក​ផ្ដិត​មេដៃ ថា​អត់​ឲ្យ​ដាក់​ត​ទៅ​ទៀត​ទេ។ ហើយ​ខាង​នោះ​ក៏​បាន​ផ្ដិត​មេដៃ​ថា ព្រម​ឈប់​ដាក់​ដែរ តែ​ក្រោយ​មក​ក៏​ត្រូវ​បាន​ដាក់​ដោយ​សេរី​អ៊ីចឹង​ទៅ»

លោក​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​ជំនាញ ចាត់​វិធានការ​លើ​បទល្មើស​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព ជា​ជាង​មក​ធ្វើ​ឲ្យ​គ្រាន់​តែ​ល្អ​មើល​នោះ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ទន្លេបិទ​ស្តីទី លោក ចេត វុទ្ធី មាន​ប្រសាសន៍​ថា កាល​ពី​ខែ​តុលា កន្លង​ទៅ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ បាន​កោះ​ហៅ​អ្នក​ប្រព្រឹត្តិ​ទាំង​នោះ​មក​ធ្វើ​កិច្ចសន្យា​ម្តង​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​ឃើញ​ពួក​គាត់​ដាក់​វិញ​ដដែល។ លោក​ថា អាច​នឹង​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ខាង​លើ​តែ​ម្តង។ ចំណែក​អាជ្ញាធរ​ឃុំ​វិញ មិន​បាន​ពាក់ព័ន្ធ​រឿង​លុយ​កាក់​នោះ​ឡើយ។ លោក​បន្ត​ថា ការ​បង្ក្រាប​ណា​មួយ​នោះ គឺ​ទាល់​តែ​ខាង​មន្ត្រី​ជំនាញ។ រីឯ​អាជ្ញាធរ​មូលដ្ឋាន គ្មាន​សិទ្ធិ​ចាត់​វិធានការ​ទេ គឺ​បាន​ត្រឹម​តែ​រាយការណ៍​តែ​ប៉ុណ្ណោះ៖ «ហើយ​ចំពោះ​ខ្ញុំ​ហ្នឹង អាជ្ញាធរ​ដែន​ដី​ហ្នឹង គឺ​អត់​មាន​ទៅ​ស៊ុមគ្រលុំ​អី​ជាមួយ​ពួក​ហ្នឹង​ទេ គឺ​អត់​មាន​ទេ​បាទ។ ហើយ​ខ្ញុំ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ពី​សកម្មភាព​ចង់​លើស​ដើម​ទៀត លើស​ដើម។ បាទៗៗ ហើយ​ខ្ញុំ​ជឿ​ថា បើ​សិន​ណា​អ្នក​ដាក់​ដាយ​ហ្នឹង​មិន​មាន​ពាក់ព័ន្ធ​លុយ​កាក់​នៅ​មន្ត្រី​ខាង​លើ​ហ្នឹង​ទេ ខ្ញុំ​ថា​ដៃ​ហ្នឹង​មិន​អាច​ដាក់​បាន»

មេ​ឃុំ​ស្តីទី​ដដែល​បន្ថែម​ថា ការ​ដាក់​ដាយ​តាម​ដង​ព្រែក​នោះ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ តែ​វា​ថែម​ទាំង​បណ្ដាល​ឲ្យ​បាក់​ដី​តាម​មាត់​ព្រែក ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ទៀត​ផង។

ចំណែក​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឯក ចំរើន មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន គឺ​ប្រៀប​ដូចជា​ការ​វែក​ចក​អ៊ីចឹង ហើយ​មាន​ហេតុផល​ជាច្រើន ដែល​បណ្ដាល​ឲ្យ​ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្មាន​ប្រសិទ្ធភាព។ ក្នុង​នោះ ក៏​មាន​ចំណែក​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ដែរ៖ «អត់​មាន​មុខ​របរ ដល់​ពេល​អ៊ីចឹង​សម្រុក​ទៅ​នេសាទ​ហ្នឹង​ឲ្យ​ច្រើន​ហួស​កម្រិត អា​នេះ​វា​ជា​បញ្ហា​មួយ។ ហើយ​បញ្ហា​មួយ​ទៀត​ទៅ អ្នក​មាន​លុយ​ច្រើន​អាច​ថា​ឃុបឃិត​បាន​ជាមួយ​សមត្ថកិច្ច ឬ​ក៏​អាជ្ញាធរ​ដែល​ខូចខិល អា​ហ្នឹង​យើង​ជា​បុគ្គល​ទេ​ណា។ អ៊ីចឹង​គេ​អាច​ទៅ​ធ្វើ​បាន ដល់​ពេល​មាន​អ្នក​ធ្វើ​បាន អា​អ្នក​ផ្សេង​ទៀត​ឃើញ​គេ​ធ្វើ​បាន ក៏​ធ្វើ​តាម​គ្នា​ទៅ»

លោក​បន្ថែម​ថា ប្រសិន​បើ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​បំបាត់​រូបភាព​ពុក​រលួយ​នោះ អាច​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ថយ​ចុះ។ លោក​ថា បើ​ចាំបាច់ មន្ត្រី​អាជ្ញាធរ​ថ្នាក់​ជាតិ រួម​និង​ខាង​សង្គម​ស៊ីវិល អាច​ជជែក​គ្នា​ដើម្បី​ឲ្យ​មាន​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ចូលរួម​ក្នុង​បញ្ហា​នេះ​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។