អ្នកជំនាញផ្នែកអភិរក្សជលផល នៃអង្គការក្រៅរដ្ឋាភិបាលរកឃើញថា ការនេសាទត្រីខុសច្បាប់ក្នុងបឹងទន្លេសាប បានធ្វើឱ្យបាត់ប្រាក់ចំណូលជាតិច្រើនលានដុល្លារក្នុង១ឆ្នាំៗ។
ការលើកឡើងនេះ បន្ទាប់ពីគេសិក្សាឃើញថា រដូវបិទនេសាទឆ្នាំនេះបានចាប់ផ្ដើមតាំងតែពីដើមខែមិថុនា ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ការនេសាទត្រីខុសច្បាប់នៅតែបន្តតាមខេត្តជាច្រើនជុំវិញបឹងទន្លេសាប ប៉ុន្តែសមត្ថកិច្ចជំនាញហាក់ធ្វើការបង្ក្រាបតិចតួច។
សហគមន៍នេសាទខេត្តសៀមរាប ឱ្យដឹងថា គេកំពុងរៀបចំផែនការប្រមូលប្រជានេសាទឱ្យធ្វើសកម្មភាពល្បាតតាមផ្លូវទឹកនៅក្នុងបឹងទន្លេសាបនាពេលឆាប់ៗ ដើម្បីទប់ស្កាត់ និងការពារអំពើនេសាទខុសច្បាប់ ដែលកំពុងកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ។
ផែនការរបស់ប្រជានេសាទនេះ ធ្វើឡើងនៅស្របពេលដែលគេដឹងថា ក្រុមឈ្មួញមួយចំនួនកំពុងលបលួចនេសាទត្រីខុសច្បាប់ ដោយប្រើឧបករណ៍ស៊ីបយន្ត ឬក៏ឆ្នុកបរធំៗ ហើយសមត្ថកិច្ចជលផលមានការបង្ក្រាបតិចតួច។
តំណាងសហគមន៍នេសាទខេត្តសៀមរាប គឺលោក ឱម ឈឹម។ លោកមានប្រសាសន៍ថា សហគមន៍របស់លោកមានផែនការចុះល្បាតនៅក្នុងបឹងទន្លេសាប នាពេលខាងមុខ ដើម្បីការពារកន្លែងហាមឃាត់ខ្លះដែលក្រុមឈ្មួញកំពុងប៉ុនប៉ងចូលនេសាទត្រីខុសច្បាប់។ លោក ឱម ឈឹម បញ្ជាក់ថា ជាង១ខែមកហើយដែលរដូវបិទនេសាទនៅបឹងទន្លេសាប បានចាប់ផ្ដើម ក៏ប៉ុន្តែការប្រើកាណូតធំៗអូសយកលៀស និងការដាក់ឆ្នុកបរខុសច្បាប់ក្នុងបឹងទន្លេសាប នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងនៅក្បាលខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង កំពុងតែបន្ត។
លោក ឱម ឈឹម៖ «មានដូចជាអូសលៀសនៅរដូវទឹកឡើងនេះ ធ្វើឱ្យប៉ះពាល់ដល់មង ដល់សន្ទូចបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជាលក្ខណៈគ្រួសារ។ ដាក់ឆ្នុក រ៉ាវ បរហ្នឹង វាមាននៅស្រុកសូទ្រនិគម ប៉ុន្តែនៅនឹងភូមិមាត់ខ្លា ឯណោះ ហើយអ្នកបង្កលក្ខណៈបទល្មើសហ្នឹង ភាគច្រើនគឺវៀតណាម»។
ក៏ប៉ុន្តែ មន្ត្រីជំនាញរដ្ឋបាលជលផល បានច្រានចោលការអះអាងរបស់សហគមន៍នេសាទ ដែលថា អំពើនេសាទខុសច្បាប់កំពុងតែកើតមានជាច្រើនកន្លែងនោះ។
នាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំង លោក ហោ ឡា បញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាថា មិនមានអំពើនេសាទខុសច្បាប់កើតឡើងក្នុងបឹងទន្លេសាប នៃតំបន់លោកគ្រប់គ្រងទេ។ លោក ហោ ឡា បញ្ជាក់ថា រៀងរាល់ថ្ងៃ លោកតែងសហការជាមួយកងរាជអាវុធមួយក្រុម ចុះល្បាតនៅក្នុងបឹងទន្លេសាប ដើម្បីផ្សព្វផ្សាយ និងហាមឃាត់មិនមានការនេសាទខុសច្បាប់៖ «គ្មានទេ បិទអស់រលីងហើយ អត់មានទេ។ បិទប៉ុន្មានថ្ងៃជាប់គ្នាបិទរហូត ប្រជាជនសុំរកដែរតែអត់ឱ្យរក»។
ចំណែកនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប នៃអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ព្រិន សាវិន ក៏បដិសេធប្រហាក់ប្រហែលគ្នានេះ ដោយថា មន្ត្រីរបស់លោកជាច្រើនកំពុងប្រចាំការនៅក្នុងបឹងទន្លេសាប ដោយមិនមានការនេសាទត្រីខុសច្បាប់ណាមួយអាចកើតមានទេ។ ទោះយ៉ាងណា នាយខណ្ឌរដ្ឋបាលជលផលដដែល ទទួលស្គាល់ថា មានសកម្មភាពប្រមូលយកលៀសខ្លះនៅក្នុងរដូវហាមឃាត់ ក៏ប៉ុន្តែការប្រមូលនោះ ធ្វើឡើងដោយដៃ មិនមែនអូសដោយកាណូត ដូចសហគមន៍នេសាទអះអាងឡើយ៖ «លៀសគាត់ចាប់ដោយដៃហ្នឹង! គាត់អូសសម្រាប់សហគមន៍ មាននៅកំពង់ឃ្លាំង ខ្លះ ឯឆ្នុកអត់មានទេ ពីព្រោះទឹកវាស្អុយ ទឹកកំពុងតែឡើងខ្យល់ អត់មាន»។
អង្គការក្រៅរដ្ឋាភិបាល និងប្រជាសហគមន៍ខ្លះ នៅតែអះអាងថា ការនេសាទត្រីខុសច្បាប់ក្នុងបឹងទន្លេសាប នារដូវហាមឃាត់ គឺពិតជាកំពុងកើតមានជាច្រើនកន្លែង។
ប្រជានេសាទម្នាក់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម អះអាងថា ក្រៅពីមានការអូសស៊ីបធំៗ ដើម្បីចាប់យកត្រី គឺការដាក់ឆ្នុក និងមងក្រហម កំពុងកើតមានយ៉ាងច្រើននៅជិតតំបន់ពួកគេរស់នៅ៖ «ឥឡូវហ្នឹងឆ្នុករួចទៀតហើយ ប្រហែលជា ១០០ឆ្នុក ចាប់ផ្ដើមហើយនៅតំបន់ដីក្រហម ដំរីឈរ តាម៉ូក ឃុំកំពង់ឃ្លាំង។ ឥឡូវហ្នឹងទើបនឹងចាប់ផ្ដើមដាក់ថ្មីៗនេះឯង។ ឃើញព្រឹកមិញនេះឯង ដាក់ហ្នឹងយកធ្វើចំណីត្រី គឺយកឱ្យត្រីរ៉ស់ ត្រីឆ្ដោរស៊ី»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឱ្យដឹងថា បច្ចុប្បន្ន ការនេសាទត្រីខុសច្បាប់ដូចជារុញស៊ីប ឧបករណ៍ម៉ាញ់ ដាក់បរ ណររ៉ាវ កំពុងកើតមានតាមមាត់ទន្លេ និងព្រៃលិចទឹកជាច្រើនកន្លែង។
មន្ត្រីសម្របសម្រួលកម្មវិធីបឹងទន្លេសាប នៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ដែលហៅកាត់ថា ហ្វេកថ៍ (Fact) លោក មិញ ប៊ុនលី មានប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ក្រុមរបស់លោកបានចុះពិនិត្យនៅក្នុងបឹងទន្លេសាប នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ហើយបានប្រទះឃើញកាណូតរុញស៊ីបចំនួន ២គ្រឿង កំពុងនេសាទត្រីខុសច្បាប់មែន។ សកម្មភាពនេសាទខុសច្បាប់ កំពុងកើតមាននៅខេត្តជាច្រើនទៀត ក៏ប៉ុន្តែសមត្ថកិច្ច និងមន្ត្រីជំនាញ ហាក់មិនខ្នះខ្នែងក្នុងរឿងបង្ក្រាបទេ៖ «ក្រុមការងារសិក្សាពីពាក់កណ្ដាលខែមិថុនា មក យើងឃើញថា ស្ទើរតែនៅទូទាំងតំបន់បឹងទន្លេសាប នៅពោធិ៍សាត់ ក៏មាននៅបាត់ដំបង ក៏មាន ម្ដុំក្បាលតោល និងព្រៃរនាត អី សម្បូរដែរ។ នៅខាងផាត់សណ្ដាយ ក៏មាន ខាងកំពង់ធំ ក៏មាន ទាំងពេលថ្ងៃទាំងពេលយប់ ហើយជារឿយៗពេលយើងដាក់របាយការណ៍សេចក្តីថ្លែងការណ៍រួមទៅតំណាងរដ្ឋាភិបាល ទាំងសភា ទាំងទីស្ដីការគណៈរដ្ឋមន្ត្រី មិនទាន់ឃើញ ឃើញមានចំណាត់ការណាមួយឱ្យច្បាស់លាស់ ឆ្លើយតបទៅនឹងសំណូមពររបស់បណ្ដាញបិទនេសាទ ក៏ដូចជាបណ្ដាញអង្គការក្រៅរដ្ឋាភិបាល ដែលបានសិក្សារកឃើញទេ»។
ទាំងក្រុមប្រជានេសាទ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដឹងថា ការនេសាទត្រីខុសច្បាប់ក្នុងបឹងទន្លេសាប ដែលនៅតែកើតមាននោះ គឺដោយសារតែមន្ត្រីរដ្ឋបាលជលផលខ្លះឃុបឃិតទទួលលុយសំណូកពីពួកឈ្មួញ ដែលរកត្រីយកទៅជួញដូរ។
ក៏ប៉ុន្ដែ បើទោះបីជាគេដឹងថា មន្ត្រីជលផលខ្លះអាចជាប់ពាក់ព័ន្ធនឹងការទទួលសំណូកពីការនេសាទត្រីខុសច្បាប់ក៏ដោយ ក៏គេដឹងមិនប្រាកដថា តើការប៉ាន់ទាំងនោះមានចំនួនទឹកប្រាក់ប៉ុន្មានពិតប្រាកដទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
