អ្នកភូមិដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារ កំពុងនាំគ្នាត្អូញត្អែរថា ចាប់តាំងពីរដូវបើកនេសាទឡើងវិញ ពួកគាត់មិនអាចនេសាទត្រីបានច្រើនដូចបណ្ដាឆ្នាំកន្លងទៅនោះទេ ដោយសារតែផ្លូវទឹកដែលត្រីធ្លាប់ឆ្លងកាត់នោះ ត្រូវបានគេដាក់ស្បៃមងក្រឡាល្អិតនៅក្នុងផ្ទៃបឹងទន្លេសាប កាត់មុខទាំងអស់។
បញ្ហានេះកំពុងបង្កផលប៉ះពាល់ដល់អ្នកភូមិដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារ នៅផ្នែកផ្ទៃទឹកខាងលើ និងអ្នកនេសាទនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រយៈកាលកន្លងទៅ ក្រុមអ្នកភូមិបានប្ដឹងករណីនេះទៅអាជ្ញាធរមូលដ្ឋានឃុំស្រុក ដើម្បីឲ្យមានវិធានការទប់ស្កាត់ ប៉ុន្តែក្រុមអាជ្ញាធរមូលដ្ឋានទាំងនោះពុំបានចាត់វិធានការបង្ក្រាបនោះឡើយ។
អ្នកភូមិឈ្មោះ ប៊ុត រ៉ាវី ថ្លែងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ តំណាងអ្នកភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន ៦នាក់ បានដាក់ពាក្យបណ្ដឹងដែលមានស្នាមមេដៃអ្នកភូមិជាង ១០០នាក់ ទៅខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ដើម្បីសុំឲ្យមានវិធានការចុះបង្ក្រាបបទល្មើសនេសាទស្បៃមងក្រឡាល្អិត៖ «សុំឲ្យជួយទប់ស្កាត់ និងរឹបអូសបទល្មើសនេសាទដែលកំពុងកើតឡើងតាំងពីរដូវបើកនេសាទយូរហើយ ប៉ុន្តែគ្មានការទប់ស្កាត់ និងបង្ក្រាបយូរហើយ។ នៅចំណុចដំណាក់បារាំង ចំណុចបាក់ព្រា នៅបឹងត្រស់ តំបន់អភិរក្ស ហើយនៅក្នុងព្រៃបាក់ព្រា និងនៅក្នុងឡូត៍លេខ៦ បទល្មើសមានបរណរ៉ាវ (ស្បៃមងក្រឡាល្អិត) អ្នកដែលដាក់ហ្នឹង ឈ្មួញ ប្រជាពលរដ្ឋខ្លះ ប៉ុន្តែពាក់ព័ន្ធនឹងអាជ្ញាធរជាអ្នកម្ចាស់កន្លែងខ្លះផងដែរ»។
រដូវបើកនេសាទឡើងវិញ គឺចាប់ផ្ដើមតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣។ ក្រុមអ្នកភូមិបញ្ជាក់ថា បទល្មើសនេសាទស្បៃមងក្រឡាល្អិតនេះកើតមានតាំងពីរដូវនោះមកម្ល៉េះ។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមអ្នកភូមិទាំងនោះបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋានឃុំព្រៃចាស់ ដើម្បីសុំឲ្យមានវិធានការចុះបង្ក្រាប ប៉ុន្តែពួកគេពុំបានអនុវត្តនោះឡើយ៖ «ហើយស្នាមមេដៃ គឺជាប្រជាពលរដ្ឋដែលជួបការលំបាកបទល្មើសទាំងហ្នឹង វារេរាំត្រី ដូចថា ត្រីចុះមកតំបន់ប្រជាពលរដ្ឋរក គេបិទជិតអ៊ីចឹងទៅ វាប៉ះពាល់ដល់ជីវភាព។ អ៊ីចឹងពួកគាត់ហ្នឹងមានសំណូមពរដាក់ទៅសង្កាត់រដ្ឋបាលជលផល និងថ្នាក់ឃុំហ្នឹង ប៉ុន្តែដូចអត់មានវិធានការអីឲ្យប្រជាពលរដ្ឋទុកចិត្តសោះ»។
អ្នកភូមិឈ្មោះ ប៊ុត រ៉ាវី លើកឡើងថា ទាំងអាជ្ញាធរមូលដ្ឋានឃុំ និងសហគមន៍នេសាទព្រៃចាស់ រួមទាំងមន្ត្រីសង្កាត់ជលផលនៅតំបន់នោះពុំបានចាត់វិធានការចុះបង្ក្រាបបទល្មើសនេសាទស្បៃមងក្រឡាល្អិតនេះទេ។ ពួកគេបានចុះទៅល្បាតបទល្មើសនេសាទ តែនៅពេលចុះទៅ មន្ត្រីទាំងនោះបានឃើញមានបទល្មើសនេសាទផ្ទាល់ភ្នែកនៅក្នុងទឹកបឹងទន្លេសាប នោះដែរ ប៉ុន្តែពួកគេមិនបានរុះរើឧបករណ៍ល្មើសទាំងនោះឡើយ៖ «ម្យ៉ាងវិញទៀតមានកងរាជអាវុធហត្ថដែលចុះពីលើទៅ គ្នា ៤នាក់។ ប្រជាពលរដ្ឋប្ដឹងពួកគាត់។ គាត់ថា ទៅសាបរណរ៉ាវ។ អ៊ីចឹងពេលដែលប្រជាពលរដ្ឋជូនទៅកន្លែងបទល្មើសស្បៃមងក្រឡាល្អិត គាត់អត់ ថាតួនាទីគាត់ចាប់អ្នកឆក់វិញ ខ្ញុំមានសំណូមពរមួយថា អាជ្ញាធរដែលពាក់ព័ន្ធហ្នឹង សូមមេត្តាចុះទៅឃើញ ហើយធ្វើផលកុំមានវិធានការ»។
លេខាសហគមន៍នេសាទព្រែកហ្លួង លោក រឹម រំដួល ថ្លែងថា បទល្មើសស្បៃមងក្រឡាល្អិតកំពុងកើតមានច្រើននៅក្នុងផ្ទៃបឹងទន្លេសាប។ ស្បៃមងក្រឡាល្អិតទាំងនោះ បានរាំងស្ទះមិនអាចឲ្យត្រីហែលឡើងមកផ្ទៃទឹកខាងលើបានទេ។ នៅរដូវនេះជារដូវដែលត្រីត្រូវហែលឡើងមកតាមដងស្ទឹងសង្កែ៖ «ដោយសារមានស្បៃមងក្រឡាល្អិតហ្នឹងច្រើន វាអត់អាចឡើងមកបាន ទោះបីស្បៃមងក្រឡាល្អិតនៅក្នុងបាក់ព្រា ក៏ដោយ ត្រីវាធ្វើចរាចរណ៍ពីក្រោយទៅលើ ពីលើចុះក្រោមអ៊ីចឹង បើស្ទះមិនអាចឡើងដល់លើបានទេ អ៊ីចឹងបានពួកខ្ញុំសំណូមពរសុំឲ្យជលផលនៅបាត់ដំបង ជួយធ្វើអន្តរាគមន៍បើសិនមានណរ៉ាវច្រើន ប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសភាពក្រីក្រ បើសិនជាសម្បូរត្រីទៅ មិនបាច់ទៅថៃ ទេ មួយថ្ងៃបាន ១៥គីឡូក្រាម ស្នើ ៤ ទៅ ៥ម៉ឺនរៀល អ៊ីចឹងបើអត់ត្រី ហើយគាត់បង្ខំចិត្តចាក់ចេញចំណាកស្រុកនៅថៃ នៅម៉ាឡេស៊ី អីអ៊ីចឹងទៅ»។
ក្រុមអ្នកភូមិបញ្ជាក់ថា បទល្មើសស្បៃមងក្រឡាល្អិតទាំង ៦កន្លែង នៅក្នុងទឹកដីឃុំព្រៃចាស់ មានប្រវែងជិត ១០គីឡូម៉ែត្រ។ ទីតាំងមានបទល្មើសស្បៃមងក្រឡាល្អិតទាំងនោះ សុទ្ធជាទីតាំងសំខាន់ និងមានកន្លែងខ្លះនៅជិតតំបន់អភិរក្សតែម្ដង។ កាលដែលអ្នកភូមិលើកគ្នាមកដាក់ពាក្យបណ្ដឹងទៅខណ្ឌរដ្ឋបាលជលផល ដើម្បីមានវិធានការចុះបង្ក្រាបនេះ អាចនិយាយថាជាជម្រើសចុងក្រោយរបស់ពួកគាត់។
នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង លោក ជួង សុភា បញ្ជាក់ថា ខាងរដ្ឋបាលជលផលបានទទួលពាក្យបណ្ដឹងរបស់ភូមិហើយ។ ខណ្ឌរដ្ឋបាលជលផល នឹងចាត់វិធានការឲ្យជំនាញជលផល និងសហគមន៍នេសាទដឹកនាំកម្លាំងចុះទៅបង្ក្រាប។ ម្យ៉ាងវិញ ខាងខណ្ឌរដ្ឋបាលជលផល ត្រូវឆ្លងយល់ទៅអភិបាលខេត្តបាត់ដំបង ជាមុន ដើម្បីចៀសវាងការកើតមានបាតុភាពជាមួយក្រុមជនល្មើស នៅពេលចុះបង្ក្រាប។ លោកថា កន្លងមកមានក្រុមអ្នកប្រព្រឹត្តិបទល្មើសបានលើកគ្នាទៅបង្កការអុកឡុក មិនឲ្យកម្លាំងជំនាញចុះបង្ក្រាបឧបករណ៍ល្មើសទាំងនោះឡើយ៖ «ដូចបញ្ហាបាតុកម្មប៉ះពាល់អំពើហិង្សាអី យើងរាយការណ៍ជូនខេត្ត ដើម្បីសុំកម្លាំងអន្តរាគមន៍ចូលរួមសិន។ ហើយទី៣ យើងត្រូវក្ដាប់សមាសភាពឲ្យច្បាស់ដែរថា តើចូលរួមប៉ុន្មាននាក់ បើខេត្តលោកអនុញ្ញាតហើយ យើងសួរសហគមន៍មានប៉ុន្មាននាក់ អ្នកណាជាអ្នកគ្រប់គ្រង ព្រោះយើងចៀសវាងកម្លាំងអនាធិបតេយ្យ វាចូលរួមបន្លំអី យើងមិនអាចទទួលយកបានទេ ដូច្នេះយើងត្រូវរាយការណ៍ជូនអភិបាលខេត្តសិន»។
លោកបន្តថា តាមការប៉ាន់ស្មាន កងកម្លាំងដែលត្រូវត្រៀមរួមគ្នាចុះបង្ក្រាបបទល្មើសនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ នោះ យ៉ាងតិចមានគ្នាចំនួន ៦០នាក់។ ក្នុងនោះមានកងកម្លាំងសមត្ថកិច្ចខេត្ត កងកម្លាំងរដ្ឋអំណាចមូលដ្ឋាន រួមទាំងការចូលរួមរបស់សហគមន៍នេសាទ។ លោក ជួង សុភា បញ្ជាក់ថា បេសកកម្មចុះបង្ក្រាបបទល្មើសនេសាទលើកនេះ នឹងត្រូវឈរលើគោលការណ៍ច្បាប់ជាសំខាន់ ហើយបើសិនមានការបង្កការរារាំងរំខានពីក្រុមណាមួយនោះ ពួកគេនឹងប្រឈមទៅនឹងការប្ដឹងផ្ដល់ទៅតុលាការ។
ទោះយ៉ាងណាក៏ដោយ សំណើដែលលើកឡើងដោយខណ្ឌរបស់រដ្ឋបាលជលផលបាត់ដំបង នេះ ខាងអភិបាលខេត្តពុំទាន់ទទួលបាននៅឡើយ។ អភិបាលខេត្តបាត់ដំបង លោក ប្រាជ្ញ ចន្ទ ថ្លែងថា កន្លងមក អាជ្ញាធរខេត្តបានរៀបចំឲ្យខាងសហគមន៍នេសាទជាអ្នកចុះបង្ក្រាបបទល្មើសនេសាទ ដោយសហការជាមួយកងកម្លាំងសមត្ថកិច្ច និងមានជំនាញជលផលជាកម្លាំងជំនាញ។ លោកបញ្ជាក់ថា កន្លងទៅនេះ អាជ្ញាធរខេត្តបានកោះប្រជុំគ្នាដាក់ផែនការច្បាស់លាស់ ហើយជុំវិញតំបន់សម្រាប់គ្រប់គ្រងមិនឲ្យមានបទល្មើសនេសាទ៖ «បទល្មើសវាមានទាក់ទងតំបន់សហគមន៍ ព្រោះឥឡូវអត់មានឡូត៍ឯកជនទៀតទេ តំបន់ហ្នឹងខាងសហគមន៍ជាអ្នកទទួលខុសត្រូវហ្នឹងតែម្ដង ហើយកម្លាំងជលផល និងកម្លាំងសមត្ថកិច្ចផ្សេងចាំត្រៀមលក្ខណៈជាកម្លាំងជំនាញ និងកម្លាំងជួយអន្តរាគមន៍ករណីដែលសហគមន៍សំណូមពរពាក់ព័ន្ធតំបន់អភិរក្សនោះ អាហ្នឹងកម្លាំងជំនាញជលផលត្រូវទទួលខុសត្រូវ»។
កាលពីឆ្នាំ២០១២ កន្លងទៅ រដ្ឋាភិបាលបានសម្រេចដកហូតឡូត៍នេសាទចំនួន ៣៧កន្លែង នៅជុំវិញបឹងទន្លេសាប មកទុកជាសម្បត្តិរដ្ឋវិញ។ គោលដៅសំខាន់ គឺដើម្បីកែទម្រង់ធនធានមច្ឆាជាតិឲ្យមានភាពប្រសើរឡើងវិញ។ ម្យ៉ាងវិញទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលហាមឃាត់មិនឲ្យប្រជាពលរដ្ឋចាប់ត្រីដោយប្រើឧបករណ៍នេសាទខុសច្បាប់។ នៅគ្រានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងហាមដាច់ខាតការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ប៉ុន្តែជាក់ស្ដែង គេសង្កេតឃើញថា បទល្មើសនេសាទនេះនៅតែកើតមានជាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
