បទល្មើស​នេសាទ​កើន​ឡើង​នៅ​ខេត្ត​កំពង់ចាម

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ព្រួយ​បារម្ភ​ទៅ​នឹង​ការ​កើន​ឡើង​នៃ​បទល្មើស​នេសាទ ពិសេស​អួន​ស្បៃ​មុង​ប្រភេទ​វែង និង​ឆក់។ ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ការ​កើន​ឡើង​នេះ ដោយសារ​តែ​កង្វះ​កម្លាំង​ពី​សំណាក់​មន្ត្រី​ជលផល ដើម្បី​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​នេសាទ​ឱ្យ​បាន​ញឹកញាប់។ ប្រជាពលរដ្ឋ​គិត​ថា ផលិតផល​ត្រី​នឹង​អាច​កាន់​តែ​បាត់​បង់ ប្រសិន​បើ​អាជ្ញាធរ​មិន​មាន​ចំណាត់​ការ​លើ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម ដែល​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ បារម្ភ​ទៅ​នឹង​ការ​អាច​បាត់​បង់​មច្ឆា​ជាតិ ដោយសារ​តែ​របរ​នេសាទ​ខុស​ច្បាប់​កាន់​តែ​កើន​ឡើង។ ការ​កើន​ឡើង​នេះ គឺ​ដោយសារ​កង្វះ​កម្លាំង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​គ្រប់គ្រាន់។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​កំពង់សំរិទ្ធិ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក យីម ទិត្យ ឱ្យ​ដឹង​ថា នៅ​ក្នុង​បឹង​ធំ​ដែល​ជា​បឹង​ជាប់​ស្រុក​ចំនួន​បី​នៅ​ក្នុង​ខេត្ត​កំពង់ចាម ចុង​ក្រោយ​មក​នេះ​ឃើញ​មាន​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ រួម​មាន ស្បៃ​មុង​ក្រឡា​ញឹក មាន​ប្រវែង​វែង​យ៉ាង​អនាធិបតេយ្យ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ពូជ​ត្រី និង​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ទី​នោះ​ទៀត​ផង។

លោក យីម ទិត្យ៖ «និយាយ​ឱ្យ​ចំ សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​ថ្នាក់​ដឹក​នាំ ព្រោះ​អី​សំណូម​ដល់​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​ដូច​មិន​មាន​ប្រសិទ្ធភាព​ទេ។ ប្រជាពលរដ្ឋ​លើក​សំណូមពរ​ជាច្រើន​លើក​ច្រើន​ដង​មក​ហើយ គ្មាន​ប្រសិទ្ធភាព។ អ៊ីចឹង​ម៉ា​សា​នេះ ខ្ញុំ​សុំ​សំណូមពរ​ដល់​ប្រមុខ​រដ្ឋាភិបាល ឱ្យ​លោក​ចុះ​មក​បង្ក្រាប​ចេញ​បទបញ្ជា​ចុះ​មក​បង្ក្រាប។ ប៉ិន​បើ​ចុះ​មក​បង្ក្រាប លុះត្រា​កុំ​ឱ្យ​ឃុំ​សង្កាត់​ដឹង បើ​ចុះ​បង្ក្រាប​ឱ្យ​មន្ត្រី​ប៉ូលិស​ដឹង មិន​ខុស​ពី​ចង់​ចាប់​ពស់​ទៅ​ចាក់​ក្តិត​ពស់​ឱ្យ​រត់​សិន»

លោក​បន្ត​ថា ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​កូន​ចៅ​ជំនាន់​ក្រោយ នឹង​លែង​បាន​ស្គាល់​ពូជ​ត្រី​ត​ទៅ​ទៀត ប្រសិន​បើ​អាជ្ញាធរ​មិន​មាន​ការ​បង្ក្រាប​ដល់​អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។ ប្រភព​ដដែល​បន្ថែម​ថា ស្រុក​ចំនួន​បី​ដែល​ជាប់​ផ្ទៃ​បឹង​ធំ​នោះ រួម​មាន ស្រុក​កងមាស ស្រុក​ព្រៃឈរ និង​ស្រុក​កំពង់សៀម ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​កំពុង​អាស្រ័យ​ផល​នេសាទ​នៅ​ក្នុង​បឹង​នោះ ហើយ​បើ​អស់​ត្រី​ប្រជាពលរដ្ឋ​នឹង​អាច​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ជា​មិន​ខាន។

ចំណែក​ឯ​តំណាង​សហគមន៍​ឃុំ​មៀន លោក រ៉េន រ៉ាន់ បញ្ជាក់​ថា សកម្មភាព​នេសាទ​ត្រី​ដោយ​ប្រើ​អួន​ស្បៃ​មុង​ក្រឡា​ញឹក​ដែល​មាន​ប្រវែង​ចាប់​ពី​មួយ​រយ​ម៉ែត្រ ដល់ ៤០០​ម៉ែត្រ គឺ​មាន​ទាំង​យប់​ទាំង​ថ្ងៃ។ លោក​បន្ត​ថា ការ​ប្រើប្រាស់​អួន​នោះ គឺ​វា​ខុស​ទៅ​នឹង​អនុក្រឹត្យ​ដែល​មិន​តម្រូវ​ឱ្យ​មាន​ការ​ប្រើប្រាស់​អួន​ស្បៃ​មុង និង​មិន​ឱ្យ​លើស​ពី ១០០​ម៉ែត្រ​នោះ​ឡើយ ហើយ​ភាគ​ច្រើន​អ្នក​ប្រព្រឹត្តិ គឺ​អ្នក​មាន​លុយ​មិន​មែន​អ្នក​ក្រីក្រ​នោះ​ទេ៖ «ប្រជាពលរដ្ឋ​កំពុង​តែ​ក្តៅ​ក្រហាយ​គ្រប់​តែ​គ្នា​បី​ស្រុក​ហ្នឹង អា​ណា​គ​ត​ទៅ​វា​អស់​ប្រយោជន៍​ប្រជាពលរដ្ឋ អត់​មាន​អី​បាន​ត​ទៅ​ទៀត​ទេ ព្រោះ​វា​អា​លាយ​អស់​ហើយ ព្រោះ​វា​បំផ្លាញ​តាំង​ពី​ត្រី​តូច​ឆ្មេរ​ឡើង​ទៅ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី​សំណាក់​នាយ​ខណ្ឌ និង​នាយ​រង​ខណ្ឌ​ជលផល​ខេត្ត​កំពង់ចាម បាន​ទេ​នៅ​ថ្ងៃ​ទី​១២ ឧសភា។

មេ​ប៉ុស្តិ៍​ឃុំ​មៀន លោក យឹម ខុន មាន​ប្រសាសន៍​ថា នៅ​បរិវេណ​បឹង​ធំ​នោះ​ពិត​ជា​មាន​ករណី​នេសាទ​ខុស​ច្បាប់​កើន​ឡើង​មែន។ លោក​បន្ត​ថា ការ​កើន​ឡើង​នេះ ដោយសារ​មួយ​រយៈពេល​ក្រោយ​មក​នេះ មិន​ឃើញ​មាន​ខាង​មន្ត្រី​ជលផល​ចុះ​មក​ពិនិត្យ និង​បង្ក្រាប​នោះ​ទេ។ លោក​បន្ត​ថា ខាង​លោក​មិន​មាន​សិទ្ធិ​ចុះ​ទៅ​បង្ក្រាប​នោះ​ឡើយ ហើយ​ប្រសិន​បើ​ចុះ​ទៅ គឺ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជា​ប្រចាំ។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​មិន​បាន​ពាក់ព័ន្ធ​នឹង​រឿង​យក​លុយ​យក​កាក់​ជន​ខិលខូច​ទាំង​នោះ​ទេ ហើយ​ប្រសិន​បើ​មាន​មន្ត្រី​ជំនាញ​នៅ​ឃ្លាំ​មើល​តំបន់​នោះ​ជា​ប្រចាំ លោក​យល់​ថា បទល្មើស​នេសាទ​នៅ​បឹង​ធំ​នឹង​អាច​បំបាត់​បាន​មិន​ខាន។

ដោយ​ឡែក​ប្រធាន​សហគមន៍​នេសាទ​បឹង​ធំ លោក ម៉ុន ឆៃលាង មាន​ប្រសាសន៍​ថា បទល្មើស​ស្បៃ​មុង​នៅ​ក្នុង​បឹង ពិត​ជា​មាន​ការ​កើន​ឡើង​មែន ប៉ុន្តែ​ករណី​ប្រើប្រាស់​ឧបករណ៍​ឆក់​មាន​ការ​ធ្លាក់​ចុះ។ លោក​បន្ត​ថា អ្នក​ប្រព្រឹត្តិ​ទាំង​នោះ​មាន​ទាំង​អ្នក​មាន​លុយ និង​អ្នក​ក្រីក្រ ហើយ​កន្លង​មក​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ធ្លាប់​បាន​ធ្វើ​ការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រក​ស៊ី​នេសាទ​ខុស​ច្បាប់​ទាំង​នោះ ប៉ុន្តែ​ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ៖ «និយាយ​ឱ្យ​ដល់​ទៅ អា​ហ្នឹង​វា​អ្នក​មាន​ក៏​រក​អ្នក​ក្រ​ក៏​រក​អា​របរ​ខុស​ច្បាប់​ហ្នឹង អា​ស្បៃ​មុង និង​ឆក់​ហ្នឹង។ អ្នក​ក្រ​ជួន​កាល​គ្នា​អត់​បាន​ទិញ​ដាក់ អ្នក​មាន​ទិញ​ដាក់​ទៅ»

លោក​បញ្ជាក់​ថា ប្រសិន​បើ​បទល្មើស​នេសាទ​អាច​បាត់​បង់​នោះ ទិន្នផល​ត្រី​ប្រាកដ​ជា​កើន​ឡើង​មិន​ខាន ដែល​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ជៀស​ផុត​ពី​ការ​ចំណាក​ស្រុក។ លោក​សំណូមពរ​ឱ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​ការ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ឱ្យ​បាន​រឹងមាំ ពិសេស​នៅ​ពេល​បិទ​រដូវ​នេសាទ​នៅ​ខែ​ខាង​មុខ ដែល​ជា​រដូវ​ត្រី​ពង ទើប​អាច​ធានា​បាន​ថា​ទិន្នផល​ត្រី​នៅ​ក្នុង​បឹង​ធំ​នោះ​កាន់​តែ​សម្បូរ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។