ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមួយចំនួននៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងថា បទល្មើសនេសាទឆក់ និងដាក់លូស្បៃមុងក្នុងរដូវទឹកស្រកកើនឡើងទ្វេដង នៅឃុំអំពិលទឹក និងឃុំកំពង់ត្រឡាច។ អាជ្ញាធរ និងមន្ត្រីជំនាញជលផល ចុះបង្ក្រាបពុំមានប្រសិទ្ធភាពទេ ហើយពេលខ្លះអ្នកដែលហ៊ានទម្លាយរឿងរ៉ាវបទល្មើសរងនូវការគំរាមទៀតផង។
ក្រុមអ្នកប្រព្រឹត្តិបទល្មើសនេសាទ បានប្ដូរទីតាំងនេសាទរបស់ខ្លួនចូលមកក្នុងបឹងទន្លេសាបវិញម្ដង បន្ទាប់ពីនេសាទនៅតាមបឹង អូរ និងព្រែក កាលពីរដូវវស្សាទឹកឡើង។ ក្រៅពីបទល្មើសដាក់សម្រាស់ របាំងសាច់អួន ក្រុមពលរដ្ឋអះអាងថា នៅភូមិព្រែកគន្លង និងភូមិកំពង់ក្ដារ នៃឃុំកំពង់ត្រឡាច ដែលជាភូមិពីរក្នុងចំណោមភូមិ៥ ជាប់បឹងទន្លេសាប មានលូស្បៃមុងចំនួន ៣៩មាត់ ដោយក្នុងមួយមាត់ប្រវែងប្រហែល ៣០ម៉ែត្រ។
ពលរដ្ឋម្នាក់រស់នៅឃុំកំពង់ត្រឡាច ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា សកម្មភាពដាក់លូស្បៃមុងមានទាំងយប់ទាំងថ្ងៃ ចំណែកបទល្មើសឆក់មាននៅពេលយប់។ លោកថា បទល្មើសចេះតែបន្តកើនឡើង ខណៈអាជ្ញាធរចុះបង្ក្រាបជួនកាលឃើញមានបទល្មើស ជួនកាលអត់ ព្រោះមានអ្នកឃុបឃិតយកប្រាក់ និងប្រាប់ដំណឹងដល់ជនល្មើសពេលចុះបង្ក្រាបម្ដងៗ៖ «គេ (អ្នកប្រព្រឹត្តិបទល្មើស) ពេលរាយការណ៍អ៊ីចឹងណា ប៉ុន្តែនៅក្នុងឃុំមានសហគមន៍គ្រប់គ្រងដែរ តែមិនដឹងអ្នកធ្វើការហ្នឹងយ៉ាងម៉េច? ដូចខាងជលផលទៅបង្ក្រាបដែរ ប៉ុន្តែនៅតែមានដដែលអត់អស់»។
ឆ្លើយតបបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ថ្លែងថា ថ្មីៗនេះលោកទទួលព័ត៌មានថាមានបទល្មើសឆក់ច្រើននៅតំបន់នោះមែន ហើយលោកនឹងមានវិធានការចុះបង្ក្រាបក្នុងពេលឆាប់ៗ។ ចំពោះករណីបង្ក្រាបបទល្មើសនេសាទមិនចេះអស់ ឬពុំមានប្រសិទ្ធភាពនោះ ត្រូវលោកឆ្លើយតបថា បញ្ហានេះ គឺជាការទទួលខុសត្រូវរួមចាប់តាំងពីអាជ្ញាធរខេត្ត រហូតដល់ឃុំ និងមន្ត្រីជំនាញជលផល។ លោកបន្តថា ប្រសិនបើមានអាជ្ញាធរមូលដ្ឋាននិយាយថា បទល្មើសបង្ក្រាបកាន់តែកើនឡើងនោះ គឺជាការមិនទទួលខុសត្រូវការងាររបស់អាជ្ញាធររូបនោះ៖ «ចាំខ្ញុំឲ្យគេចុះទៅពិនិត្យមើល ប៉ុន្តែខ្ញុំទទួលស្គាល់ថា នៅតំបន់នោះមានបទល្មើសឆក់។ នេះជាការងាររួមមិនអាចចង្អុលដាក់កំហុសមកលើតែខាងរដ្ឋបាលជលផលទេ ព្រោះខាងនេះ (មន្ដ្រីជលផល) មានគ្នាតិច»។
ចំណែកមន្ត្រីសម្របសម្រួលសហគមន៍ប្រចាំខេត្តកំពង់ឆ្នាំង និងបាត់ដំបង នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) អ្នកស្រី នូ សារឹម ថ្លែងថា ការងារចុះបង្ក្រាបបទល្មើសបច្ចុប្បន្នដូចវែកចកដូច្នោះដែរ ពីព្រោះការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធនៅមានកម្រិត។ អ្នកស្រីថា បទល្មើសនេសាទអាចថយចុះបាន លុះណាការអនុវត្តច្បាប់តឹងរ៉ឹង និងមានការចូលរួមពីអ្នកពាក់ព័ន្ធ៖ «ទីមួយចាប់បានហើយ គាត់ប្រលែងទៅវិញ ឬគាត់អត់ពិន័យដាក់ទោសទណ្ឌឲ្យធ្ងន់ទៅលើជនល្មើស អ៊ីចឹងគ្រាន់តែចុះៗ ប៉ុន្តែការអនុវត្ដច្បាប់របស់អ្នកពាក់ព័ន្ធមួយចំនួននៅមានកម្រិតទាបនៅឡើយ»។
ក្រុមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅស្រុកកំពង់ត្រឡាច បញ្ជាក់ថា បច្ចុប្បន្នមានអ្នករត់ការ ឬដើរយកលុយពីអ្នកប្រព្រឹត្តិបទល្មើស ឈ្មោះ សេន យូ ដោយក្នុងមួយមាត់លូស្បៃមុងយក ៣០ម៉ឺនរៀលក្នុងមួយរដូវត្រីត្រូវ ប៉ុន្តែដំណាក់កាលទីមួយយកពាក់កណ្ដាលសិន គឺ ១៥ម៉ឺនរៀល។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទង លោក សេន យូ ដើម្បីបំភ្លឺតបចំពោះការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៣១ ខែធ្នូ។
កាលពីឆ្នាំ២០១៣ មានប៉ូលិសប៉ុស្តិ៍ឃុំកំពង់ត្រឡាច ចំនួនពីរនាក់ បានស្លាប់នៅក្នុងបេសកកម្មបង្ក្រាបបទល្មើសឆក់ពេលយប់ក្នុងទឹកដីរបស់ខ្លួន ហើយបានបើកបាឡាជ័រ ឬទូកស្មាច់ដេញតាមជនល្មើសរហូតដល់ភូមិបែកចាន នៃឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ក៏កើតមានហេតុការណ៍ក្រឡាប់ទូក។ សាកសពប៉ូលិសម្នាក់រកឃើញអណ្ដែតទឹក និងម្នាក់ទៀតរកមិនទាន់ឃើញរហូតមកដល់បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
