កាលពីថ្ងៃអាទិត្យ ទី៦ តុលា កន្លងទៅ ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានឡោមព័ទ្ធផ្ទះលក់កាហ្វេបញ្ចាំងវីដេអូមួយកន្លែង មានទីតាំងនៅជាប់នឹងសាលារៀន វេសស្ទើន អន្តរជាតិ ក្នុងភូមិថ្មលាត សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងឃាត់ខ្លួនមនុស្សទាំងអស់ រួមទាំងម្ចាស់ផ្ទះឈ្មោះ សែ ម៉េងគា និងម៉ូតូប្រមាណ ៤០គ្រឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក អៀង វ៉ាន់ឌី មានប្រសាសន៍បញ្ជាក់ថា នេះជាការបង្ក្រាបកន្លែងបើកលេងល្បែងស៊ីសងដែលច្បាប់បានហាមឃាត់។ លោកបន្តថា មិនមានជនពាក់ព័ន្ធណាម្នាក់ត្រូវបានដោះលែងនៅក្នុងសមត្ថកិច្ចកងរាជអាវុធហត្ថនោះឡើយ៖ «៤០ជាង ហើយអត់មានដោះលែងទេ គឺបញ្ជូនទៅតុលាការទាំងអស់។ ឥឡូវ យើងកំពុងធ្វើនីតិវិធីបញ្ជូនទៅតុលាការ។ ម្ចាស់ផ្ទះឃាត់ ហើយគាត់ត្រូវទទួលទោសច្រើន ដោយសារតែបញ្ចាំងអត់មានច្បាប់អនុញ្ញាត។ រឿងនីតិវិធីរបស់តុលាការ ខ្ញុំអត់ដឹងទេ ប៉ុន្តែចំពោះមុខ ខ្ញុំអត់បានដោះលែងទេ ហើយខ្ញុំក៏អត់បានថ្លឹងគីឡូអ្នកណាដែរ»។
កាលពីឆ្នាំ២០១២ លោក សែ ម៉េងគា ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនពីបទបើកល្បែងស៊ីសងខុសច្បាប់ម្តងរួចហើយ និងពិន័យប្រាក់ចំពោះម្ចាស់ផ្ទះ និងអ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ។
ប្រជាពលរដ្ឋ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង មួយចំនួន សម្ដែងការអបអរសាទរចំពោះការបង្ក្រាបនេះ ពីព្រោះប្រជាពលរដ្ឋអះអាងថា ម្ចាស់ផ្ទះបើកល្បែងនេះអាងអំណាច និងអាងទឹកប្រាក់ នៅតែបន្តបើកលេងមិនរាងចាល។ ក៏ប៉ុន្តែ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំបំភ្លឺពី លោក សែ ម៉េងគា ពីសេចក្តីចោទប្រកាន់នេះបាននៅឡើយ។
រហូតមកទល់នឹងរសៀលម៉ោង៤ ថ្ងៃដដែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តដដែល ឲ្យដឹងថា ជនជាប់សង្ស័យទាំង ៤១នាក់ មិនទាន់បានបញ្ជូនទៅស្ថាប័នអយ្យការនៅឡើយ ដោយសារបំពេញនីតិវិធីមិនទាន់រួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
