ពលរដ្ឋ​រិះគន់​អាជ្ញាធរ​មិន​ទប់ស្កាត់​ទំនិញ​ខូច​គុណភាព​នាំ​ចូល​តាម​ច្រក​ទ្វារ​ចាំយាម​ខេត្ត​កោះកុង

0:00 / 0:00

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កោះកុង បន្ត​រិះគន់​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា-ថៃ ចាំយាម ថា​បាន​បណ្ដែត​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ។ ទំនិញ​ទាំង​នោះ​រួម​មាន ម្ហូប​អាហារ សាច់​ស្រស់​ខូច​គុណភាព ជាដើម ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​នេះ​ដោយ​មិន​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ក្រុម​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា មុខ​ទំនិញ​គ្រប់​ប្រភេទ​មាន​គ្រឿង​ភេសជ្ជៈ​កំប៉ុង ឬ​ដប គ្រឿង​សំអាង និង​គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​មុខ ជាពិសេស​សាច់​ស្រស់ មាន​សាច់​មាន់​ជាដើម ត្រូវ​បាន​បន្ត​នាំ​ចូល​តាម​ច្រក​ទ្វារ​ចាំយាម​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​កោះកុង នៅ​ពេល​ជិត​ភ្លឺ​ជា​រៀង​រាល់​ថ្ងៃ។

អាជីវករ​ដែល​មាន​របរ​ចិញ្ចឹម​ជីវិត​នៅ​តាម​ច្រក​ទ្វារ​ចាំយាម​ខេត្ត​កោះកុង អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដែល​បាន​ចុះ​ផ្ទាល់​ដល់​ច្រក​ចាំយាម ថា ទំនិញ​គ្រប់​ប្រភេទ​ទាំង​ខូច​គុណភាព និង​ទំនិញ​គេច​ពន្ធ ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​តាម​រថយន្ត និង​រទេះ​អូស​ជាដើម។ ពួក​គេ​សង្ស័យ​ថា អ្នក​នាំ​ចូល​ទំនិញ​ទាំង​នោះ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​មួយ​ចំនួន​នៃ​ស្ថាប័ន​កាំកុងត្រូល​សាខា​ខេត្ត​កោះកុង និង​សាខា​គយ និង​រដ្ឋាករ​ខេត្ត​នេះ​ជាដើម ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុក​រលួយ។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​ពីរ​ស្ថាប័ន មាន​អង្គការ​លីកាដូ (LICADHO)និង​សមាគម​អាដហុក (ADHOC)ប្រចាំ​ខេត្ត​កោះកុង ក៏​បង្ហាញ​កង្វល់​នៃ​ការ​នាំ​ចូល​សាច់​ស្រស់​ខូច​គុណភាព និង​ទំនិញ​គេច​ពន្ធ ដោយ​មិន​បាន​ត្រួត​ពិនិត្យ​គុណភាព ឬ​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ច្រក​ទ្វារ​ចាំយាម ដូច​កង្វល់​ពលរដ្ឋ​ដែរ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា កន្លង​មក​ឃើញ​មាន​សកម្មភាព​របស់​មន្ត្រី​ជំនាញ បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការងារ​ត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណភាព និង​ទំនិញ​គេច​ពន្ធ​នៅ​តាម​ច្រក​ទ្វារ​នេះ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា សាច់​ស្រស់​ខូច​គុណភាព ភេសជ្ជៈ​គ្រប់​ប្រភេទ និង​គ្រឿង​សំអាង ជាដើម នៅ​តែ​ត្រូវ​គេ​នាំ​ចូល​តាម​ច្រក​ទ្វារ​ចាំយាម រាល់​ថ្ងៃ៖ « ប្រហែល​ជា​មាន​ការ​ឆកល្វែង​របស់​សមត្ថកិច្ច​ទាំង​នោះ​នៅ​តាម​ព្រំដែន​ច្រក​ចាំយាម នាំ​ឲ្យ​ការ​រត់​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ​មាន​មាន​គ្រឿង​សំអាង អាហារ​ហូប​ចុក និង​សាច់​មាន់​ជាដើម ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ នៅ​តែ​បន្ត​នាំ​ចូល​តាម​ច្រក​ចាំយាម ខេត្ត​កោះកុង ដដែល »

ចំណែក​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន មើល​ឃើញ​ថា សមត្ថកិច្ច​ជំនាញ​ខ្លះ​នា​មូលដ្ឋាន​នេះ​ជា​អ្នក​បើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ឬ​សាច់​ស្រស់​ខូច​គុណភាព ជាដើម ជា​ថ្នូរ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ថា កន្លង​មក​នេះ សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ខ្លះ​ធ្លាប់​យក​ចិត្ត​ទុក​ដាក់​ចុះ​បង្ក្រាប ទប់ស្កាត់​ទំនិញ​គេច​ពន្ធ ឬ​ខូច​គុណភាព​នេះ​ដែរ ប៉ុន្តែ​បទល្មើស​ទាំង​នេះ​នៅ​តែ​បន្ត​កើត​មាន​រាល់​ថ្ងៃ។ លោក ញៀប សំអឿន ព្រួយ​បារម្ភ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទំនិញ​ទាំង​នោះ៖ « ធាតុ​ពិត​ទៅ​ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ពិសេស​ទំនិញ​ខូច​គុណភាព​ធ្លាប់​កើត​មាន​ជា​យូរ​លង់​ណាស់​មក​ហើយ។ កន្លង​មក យើង​បាន​មើល​អាជ្ញាធរ​ជំនាញ បាន​ទប់ស្កាត់ ឬ​បង្ក្រាប​ខ្លះៗ​ដែរ ប៉ុន្តែ​ទំនិញ​គេច​ពន្ធ ឬ​ខូច​គុណភាព​នេះ នៅ​តែ​បន្ត​កើត​មាន​នៅ​តាម​ច្រក​ទ្វារ​ចាំយាម រហូត​មក​ដល់​ពេល​នេះ »

ទោះ​បី​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង លោក ថេង ម៉ុងហ៊ួន ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មីនា។

នៅ​គ្រា​ប្រធាន​ទីស្នាក់ការ​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម ខេត្ត​កោះកុង លោក ជា នី បាន​ចុច​ផ្តាច់​ទូរស័ព្ទ​មិន​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទល្មើស​ទំនិញ​គេច​ពន្ធ និង​សាច់​ស្រស់​ខូច​គុណភាព​នាំ​ចូល​តាម​ច្រក​ទ្វារ​ចាំយាម រាល់​ថ្ងៃ​នេះ​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ជួយ​មាន​វិធានការ​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ និង​សាច់​ស្រស់​ខូច​គុណភាព ដែល​បន្ត​នាំ​ចូល​តាម​ច្រក​អន្តរជាតិ​ចាំយាម ខេត្ត​កោះកុង ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។