ប៉ូលិសវរៈការពារព្រំដែន នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាប់ខ្លួនប្រជាពលរដ្ឋ ១៦នាក់ ដែលនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ព្រមទាំងរឹបអូសយកឈើទាំងនោះចំនួន ៤០កំណាត់កាលពីថ្ងៃទី១០ ខែកញ្ញា។
បើទោះបីជាមានការបង្ក្រាបបែបនេះក៏ដោយ ក៏ប្រភពព័ត៌មានរាយការណ៍ថា នៅច្រកព្រំដែនខ្មែរថៃ ចំនួនពីរក្នុងស្រុកត្រពាំងប្រាសាទ គឺក្រុមឈ្មួញនៅតែជួលប្រជាពលរដ្ឋខ្មែរច្រើនរយនាក់ ឱ្យឆ្លងដែនទៅកាប់ឈើ និងជញ្ជូនយកមកឱ្យពួកគេដដែល ហើយមិនទាន់ឃើញសមត្ថកិច្ចណាហ៊ានទៅបង្ក្រាបទេ។
ប្រជាពលរដ្ឋមួយចំនួននៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អះអាងថា ការឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងដីថៃ ជាទ្រង់ទ្រាយធំ នៅតែកើតមាននៅច្រករបៀងព្រំដែនចំនួនពីរនាពេលបច្ចុប្បន្ន។
ច្រករបៀងទាំងពីរនោះ គឺតំបន់ចំបក់កោងព្រលានដូនពោធិ៍ និងតំបន់ស្ពាន១០០ ជាប់ភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ របស់ស្រុកត្រពាំងប្រាសាទ។
បុរសម្នាក់ជាអ្នកភូមិអូរស្វាយ សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា កាលពីដើមសប្ដាហ៍នេះ គាត់បានតាមមិត្តភ័ក្ដិទៅស្ពាយឈើគ្រញូងចេញពីទឹកដីថៃ ជាលើកដំបូង។ គាត់បានឃើញនៅច្រករបៀងព្រំដែនចំបក់កោង ព្រលានដូនពោធិ៍ និងតំបន់ស្ពាន១០០ គឺមានប្រជាពលរដ្ឋខ្មែរច្រើនរយនាក់ សុទ្ធតែជាអ្នកចំណាកស្រុក ត្រូវឈ្មួញឈើជួលឱ្យឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ដើម្បីយកមកឱ្យពួកគេ។
បុរសដដែលអះអាងទៀតថា នៅលើខ្នងភ្នំដងរែក តំបន់ចំបក់កោង និងស្ពាន១០០ គឺមានមនុស្សត្រៀបត្រាចាំឆ្លងដែនចូលទៅប្រទេសថៃ ដើម្បីកាប់ឈើគ្រញូង ហើយអ្នកទាំងនោះភាគច្រើន ត្រូវពួកឈ្មួញឱ្យប្រើថ្នាំញៀន និងមិនងាយបានវិលទៅស្រុកកំណើតជួបជុំគ្រួសារវិញទេ៖ «សុទ្ធតែអ្នកញៀនថ្នាំរាប់សិបនាក់នៅខាងលើ ហើយម្យ៉ាង ឪពុកម្ដាយ ប្រពន្ធកូន ដែលនៅឯស្រុកចេះតែរង់ចាំមើលផ្លូវ ហើយប្ដី ថៅកែគេចេះតែឱ្យខ្ចីលុយតិចៗ ផ្ញើទៅផ្ទះអ៊ីចឹង គឺទូរស័ព្ទទាក់ទងគ្នាបានជាធម្មតា។ កម្មករទាំងអស់ដែលឡើងទៅធ្វើគ្រញូង គឺរបៀបជាក្រុមហ៊ុន។ តាមខ្ញុំឃើញតែ ២កន្លែង ព្រោះដើរវាមិនបានច្រើន នៅផ្លូវស្ពាន១០០ខាងលើហ្នឹង ហើយព្រលានដូនពោធិ៍ ១កន្លែង ត្រង់ហ្នឹងគេហៅចំបក់កោង។ ឧបមាថាមានស្លាប់មានអី គេលាក់យ៉ាងជិត អត់ឱ្យមានប្រជាពលរដ្ឋចេញចូលទេ ដោយសារខ្លាចបែកការអ៊ីចឹង»។
បុរសដដែលបញ្ជាក់ទៀតថា នៅលើខ្នងភ្នំដងរែក នៃច្រករបៀងព្រំដែនខ្មែរថៃ ចំបក់កោង និងស្ពាន១០០ បច្ចុប្បន្ន គឺប្រៀបដូចជាទីប្រជុំជនមួយ ដោយមានប្រពន្ធទាហានជាច្រើនជាអ្នកលក់ដូរឥវ៉ាន់ នំចំណីឱ្យអ្នកដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ ទាំងនោះ។ ក៏ប៉ុន្តែ អាជ្ញាធររដ្ឋាភិបាល បដិសេធការអះអាងនោះ ថាជារឿងមិនពិត ពីព្រោះកម្លាំងការពារព្រំដែនខ្មែរនៅទីនោះមិនដែលមានរបាយការណ៍ឡើយ។
អភិបាលស្រុកត្រពាំងប្រាសាទ លោក នៅ សំតារារិទ្ធិ មានប្រសាសន៍ថា លោកមិនដែលបានទទួលព័ត៌មានពីតំបន់នោះឡើយ ហើយលោកក៏មិនដែលចូលទៅពិនិត្យនៅតំបន់នោះដែរ ពីព្រោះវាជាតំបន់គ្រប់គ្រងដោយយោធា៖ «តាមរបាយការណ៍របស់សឹករង គឺអត់មានទេ ប៉ុន្តែបើសិនជាដឹងអ៊ីចឹង អាហ្នឹងជាចំណុចល្អមួយដែលខ្ញុំអាចសាកសួរបន្ថែមទៀត។ ខ្ញុំមិនដែលបានឡើងទៅដល់ហ្នឹងទេ ចំណុចនោះ ទាហានឈរជើងខ្ញុំអត់ដែលបានចូលត្រួតពិនិត្យចូលអីទេ»។
ទោះយ៉ាងណា អ្នកភូមិអូរស្វាយ ម្នាក់ទៀត នៅតែអះអាងថា ពិតជាមានប្រជាពលរដ្ឋជាច្រើនដែលចំណាកស្រុកមកពីខេត្តផ្សេងៗ ដូចជា ខេត្តកំពង់ស្ពឺ និងកំពត ជាដើម ត្រូវក្រុមឈ្មួញជួលឱ្យឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ កំពុងស្នាក់នៅច្រករបៀងតំបន់ចំបក់កោង និងស្ពាន១០០ នោះមែន។ បុរសម្នាក់ដែលតែងនាំគ្នាចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ អះអាងថា រូបគាត់ និងអ្នកភូមិ ក៏តែងនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ដែរ ក៏ប៉ុន្តែមិនដែលចូលទៅជាមួយក្រុមហ៊ុនចាត់ចែងទេ ពីព្រោះមានមនុស្សច្រើនពេកពេលឆ្លងដែនម្ដងៗ៖ «មានអីគេទៅដាក់ទឹកផ្លែឈើ ដាក់អង្ករដាក់ម្ហូបអ៊ីចឹងទៅ! មើលតែស្ងាត់ដើរលបៗ ៤-៥នាក់ ទៅយកមក។ ប៉ះទាហានគេដើរធ្វើការយើងអត់ដឹង ប៉ះគ្នា បើផ្អើលរត់ទាន់ក៏រត់ បើរត់មិនទាន់ក៏គេចាប់។ ការងារគេហៅក្រុមហ៊ុនយ៉ាងម៉េចទេ អាហ្នឹងច្រើនតែអ្នកមកពីចម្ងាយ ខ្ញុំអត់ដែលដើរចូលគេផង ខ្ញុំអត់ហ៊ានទៅជាមួយនិងគេទេ ពីព្រោះគ្នាច្រើនពេក»។
អ្នកភូមិឱ្យដឹងថា មូលហេតុដែលពួកគេសុខចិត្តប្ដូរជីវិតចូលទៅកាប់ឈើគ្រញូងខុសច្បាប់ ដោយសារតែមានពួកឈ្មួញចាំទទួលទិញ ១គីឡូក្រាមថ្លៃ ២ម៉ឺនរៀល ស្មើនឹង ៥ដុល្លារសហរដ្ឋអាមេរិក។ ឯការឆ្លងដែនទៅប្រទេសថៃ ទៀតសោត គឺត្រូវបង់លុយឱ្យទាហាន និងសមត្ថកិច្ចដែលការពារច្រកព្រំដែន ក្នុងម្នាក់ៗចំនួន ៣០ម៉ឺនរៀល។
ប៉ូលិសនៃវរៈការពារព្រំដែនរបស់ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោក សឿន ផ្នើក ឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅ កម្លាំងរបស់លោកបានបើកប្រតិបត្តិការនៅព្រំដែនខ្មែរថៃ ចំណុចបង្គោលឡាក់លេខ១២ សង្កាត់កូនក្រៀល ក្រុងសំរោង ហើយចាប់បានប្រជាពលរដ្ឋ ១៦នាក់ ដែលកំពុងស្ពាយឈើគ្រញូងចេញពីទឹកដីថៃ។ ក្នុងប្រតិបត្តិការនោះ ប៉ូលិសបានរឹបអូសយកឈើគ្រញូងចំនួន ៤០កំណាត់។ ទោះយ៉ាងណា ប៉ូលិសការពារព្រំដែនខ្មែរបញ្ជាក់ថា គេមានការពិបាកក្នុងការបិទច្រកព្រំដែនឱ្យជិត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់នោះណាស់ ពីព្រោះភូមិសាស្ត្រព្រំដែនមានព្រៃក្រាស់ ហើយមានច្រកតូចៗជាច្រើន។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់ថា អាជ្ញាធរ និងសមត្ថកិច្ច មិនមានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបការឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងដីថៃ ទាំងនោះទេ ពីព្រោះបច្ចុប្បន្ន នៅតាមដងផ្លូវជាច្រើន គេឃើញសមត្ថកិច្ចជាច្រើនផ្នែកដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ក៏ប៉ុន្តែការដឹកជញ្ជូនឈើគ្រញូងចេញពីតំបន់ព្រំដែនខ្មែរថៃ នៅតែដំណើរការដដែល៖ «និយាយមែនទែនទៅ បើសមត្ថកិច្ចដែលយាមនៅតាមហ្នឹងមិនឃុបឃិតគ្នា ក៏ប្រជាពលរដ្ឋមិនអាចឡើងទៅបានដែរ ព្រោះសមត្ថកិច្ចយាមនៅតាមព្រំដែនហូរហែ។ ម្សិលមិញមានឡាន១ដឹកគ្រញូងក្រឡាប់ដាក់ស្លាក ខ.ម មានអ្នកបាក់អន្លូង អ្នកស្រែល្អ ទូរស័ព្ទមកប្រាប់ខ្ញុំ។ ក្រោយមកទៀតថាឡាននោះក្រឡាប់ហើយ សមត្ថកិច្ចទៅដកស្លាកលេខយកទៅទុក ខ្លាចគេស្គាល់»។
កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ ទាហានថៃ ខេត្តស៊ីសាកេត បានចាប់ខ្លួនអ្នកភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ចំនួន ៣នាក់។ អ្នកទាំង៣ ត្រូវទាហានថៃ ចាប់ខ្លួននៅតំបន់ព្រំដែនចំបក់កោង។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលនៅកម្ពុជា អះអាងថា កាលពីឆ្នាំ២០១៣ យ៉ាងហោចណាស់ក៏មានពលរដ្ឋ ៦៩នាក់ ត្រូវបានទាហានថៃ បាញ់ស្លាប់ ដោយសារតែនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
