ការចិញ្ចឹមត្រីឆ្ដោរ ដែលច្បាប់ហាមឃាត់ កំពុងមានសន្ទុះកើនឡើងនៅតាមបណ្ដាស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាប់ផ្ទៃបឹងទន្លេសាប។ ក្នុងនោះ មានស្រុកឯកភ្នំ និងស្រុកថ្មគោល ហើយម្ចាស់ស្រះចិញ្ចឹមត្រីឆ្ដោរទាំងនោះ មានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ ខ្លួនឯង។
ប្រភពពីក្រុមអ្នកភូមិ ឲ្យដឹងថា ទីកន្លែងចិញ្ចឹមត្រីឆ្ដោរនោះមាននៅភូមិព្រែកទ្រព្យ ភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងកន្លែងចិញ្ចឹមត្រីឆ្ដោរដ៏ធំមួយកន្លែងទៀត ឋិតឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង៖ «ច្រើនណាស់ច្រើនមែនទែន។ វារាប់សិបតោនពេលគេចាប់ម្ដងៗ។ ឥឡូវ គេចិញ្ចឹមតែត្រីហ្នឹងឯង វាចំណេញ តែវាយ៉ាប់រកនុយបន្តិច ព្រោះនុយយើងត្រូវការទំនាក់ទំនងត្រីអ៊ុយ ត្រូវការយកកូនត្រីឲ្យស៊ីរហូត។ ស្រះហ្នឹងវា ៤ ទៅ ៥ឆ្នាំហើយ តែបើត្រីឆ្ដោរវិញ វាទើបខ្លាំងមុនហ្នឹង ឆ្នាំ២០១៣។ អាហ្នឹងគេកំពុងចិញ្ចឹមខ្លាំងណាស់ គេត្រូវជាមួយប្រធានជលផល ឬមួយគេសហការគ្នាបានវាស្ងាត់»។
ការចិញ្ចឹមប្រភេទត្រីឆ្ដោរដែលច្បាប់ហាមឃាត់នេះ កើតមានឡើងតាំងពីឆ្នាំ២០១២ និងកើតមានបន្តនៅឆ្នាំ២០១៣។ ពួកគាត់បញ្ជាក់ថា ក្រុមអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជលផលសុទ្ធតែបានដឹងពីទីតាំងចិញ្ចឹមត្រីទាំងនោះ ប៉ុន្តែពុំបានហាមឃាត់នោះឡើយ។ បញ្ហានេះ ពួកគាត់លើកឡើងថា កំពុងបង្កឲ្យមានបទល្មើសនេសាទស្បៃមងក្រឡាល្អិតកើតមានច្រើនក្នុងបឹងទន្លេសាប។
ប្រភពបន្តថា ក្រៅពីការចិញ្ចឹមត្រីឆ្ដោរនៅក្នុងទឹកស្រះ នៅមានកន្លែងចិញ្ចឹមត្រីជាច្រើនកន្លែងទៀត នៅក្នុងទឹកបឹងទន្លេសាប។ កន្លែងទាំងនោះ ក្រុមអាជ្ញាធរមូលដ្ឋានសុទ្ធតែបានដឹង ប៉ុន្តែពុំមានវិធានការទប់ស្កាត់ឡើយ ហើយរង់ចាំទទួលផលនៅពេលរដូវចាប់ត្រីលក់៖ «និយាយរួមទៅ វាអត់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋខំប្រឹងចិញ្ចឹមវេទនា ដល់ពេលយើងលក់គេកាត់យកពីយើង។ យើងថ្លឹងទៅមេកញ្ច្រែងគេកាត់យក គេថាបង់ឲ្យជលផល បង់ឲ្យឃុំអី គេនិយាយអ៊ីចឹង ប៉ុន្តែលុយហ្នឹងមិនដឹងបង់ទៅខាងណា? ក្នុងមួយត្រាងគេយក ១០ម៉ឺនរៀល ទោះបីក្នុងមួយត្រាងត្រីយើងបាន ១០០គីឡូក្រាម ឬមួយតោន គេដឹងតែយក ១០ម៉ឺនហ្នឹងបណ្ដោយ»។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមអ្នកភូមិបានរិះគន់អាជ្ញាធរមូលដ្ឋានឃុំព្រែកនរិន្ទ ថា បានបើកដៃឲ្យជនជាតិវៀតណាម ចិញ្ចឹមត្រីឆ្ដោរនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចំណែកមន្ត្រីជលផលអះអាងថា ពួកគេបានត្រឹមតែតម្រូវម្ចាស់ស្រះចិញ្ចឹមត្រីនោះធ្វើកិច្ចសន្យា ប៉ុន្តែពុំបានអនុវត្តទៅតាមច្បាប់នោះឡើយ។
ទាក់ទិនបញ្ហានេះ មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ថ្លែងថា គេមិនគួរប្រកាន់ជនជាតិវៀតណាម ឬខ្មែរ ចិញ្ចឹមត្រីនោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា៖ «អ៊ីចឹង អាជ្ញាធរ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែមានវិធានការមិនមែនថា ប្រជាជនខ្មែរចិញ្ចឹមមិនបាន ប្រជាជនវៀតណាម ចិញ្ចឹមបាន មិនមែនអ៊ីចឹងទេ។ តែត្រង់ថា អាជ្ញាធរគាត់មានទេ ឆន្ទៈទេ ក្នុងការបង្ក្រាប។ ចំណុចសំខាន់ គឺត្រង់ហ្នឹង អ៊ីចឹងប្រជាពលរដ្ឋដែលបានដឹង ធ្វើការតវ៉ាទៅអាជ្ញាធរ ហើយគាត់មិនធ្វើការដោះស្រាយ ខ្ញុំចង់ពន្យល់ទៅតាមផ្លូវច្បាប់ អាជ្ញាធរវាមានថ្នាក់ភូមិថ្នាក់ឃុំស្រុក និងខេត្ត លោកជួបបញ្ហាលំបាក អាចឡើងមកដល់ស្រុក ខេត្ត ឲ្យជួយដោះស្រាយ»។
ច្បាប់បានហាមឃាត់មិនឲ្យមានការចិញ្ចឹមប្រភេទត្រីឆ្ដោរនោះឡើយ ប៉ុន្តែជាក់ស្ដែង នៅកន្លែងខ្លះនៅតែមានការអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីឆ្ដោរបំពានច្បាប់។
លោក អោម សាវ៉ាត ប្រធានអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល សង្កត់ធ្ងន់ថា បញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់ធនធានត្រីធម្មជាតិក្នុងបឹងទន្លេសាប៖ «ព្រោះត្រីឆ្ដោរវាស៊ីកូនត្រីជាអាហារ តែកាលណាចិញ្ចឹម គាត់ចង់បានផល អ៊ីចឹងគាត់ត្រូវបង្ខំចិត្តចាប់ត្រីបឹងធម្មជាតិយកមកឲ្យ ឬក៏គាត់ប្រើមងប្រើឧបករណ៍នេសាទដែលមានក្រឡាតូច ក្រឡាតូចបើនិយាយពីច្បាប់មិនអនុញ្ញាតទេ។ អ៊ីចឹងហើយបានជាអាចមានផលប៉ះពាល់ទៅដល់ប្រភេទត្រីល្អិតមួយចំនួន ដែលយើងប្រើប្រាស់ជាអាហារសម្រាប់ប្រជាពលរដ្ឋ តែបែរជាយកទៅចិញ្ចឹមត្រីឆ្ដោរ។ បញ្ហានេះ វាប៉ះពាល់ដល់ត្រីធម្មជាតិរបស់យើង»។
លោកបន្តថា យន្តការចម្បងដែលអាចទប់ស្កាត់បញ្ហានេះបាន គឺជំរុញឲ្យស្ថាប័នជំនាញប្រតិបត្តិច្បាប់ឲ្យបានត្រឹមត្រូវ។ ក្នុងករណីមានជនណាអនុវត្តប្រាសចាកពីច្បាប់ គឺត្រូវមានការដាក់ទណ្ឌកម្មឲ្យបានធ្ងន់ធ្ងរ ដើម្បីឲ្យមានការរៀងចាល ហើយគ្រប់ៗគ្នាត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា មិនថាអ្នកមានអ្នកក្រ អ្នកតូចអ្នកធំនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
