អាដហុក​ខេត្ត​ព្រះវិហារ​ជំរុញ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ប្រើ​អាវុធ​បរបាញ់​សត្វ​ព្រៃ

0:00 / 0:00

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​ព្រះវិហារ ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​ការ​ប្រើ​អាវុធ​ច្នៃ និង​អាវុធ​ពិត ដើម្បី​បាញ់​សត្វ​ព្រៃ​យក​មក​លក់​ដូរ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ នៅ​ក្នុង​ស្រុក​សង្គមថ្មី។

ការ​ជំរុញ​នេះ នៅ​ស្រប​ពេល​ដែល​ការ​ប្រើប្រាស់​អាវុធ​បាញ់​សម្លាប់​សត្វ​ព្រៃ​ទាំង​នោះ មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ព្រៃ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ខ្លះ​ផង​ដែរ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្គមថ្មី ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ការ​បាញ់​សម្លាប់​សត្វ​ព្រៃ​យក​ទៅ​ធ្វើ​ម្ហូប និង​ជួញ​ដូរ​ខុស​ច្បាប់ កំពុង​កើត​មាន​នៅ​តាម​តំបន់​ជាច្រើន​ក្នុង​ស្រុក​នេះ។

បទល្មើស​នៃ​ការ​បាញ់​សម្លាប់​សត្វ​ព្រៃ​ទាំង​នោះ ភាគ​ច្រើន​គេ​មិន​សូវ​ឃើញ​សមត្ថកិច្ច​ចាត់​វិធានការ​បង្ក្រាប​ឱ្យ​តឹងរ៉ឹង​ទេ។

បុរស​ម្នាក់ គឺ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សង្គមថ្មី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែ​តុលា ថា កាល​ពី​ពីរ​ថ្ងៃ​មុន គាត់​បាន​ទៅ​សម្រាក​ក្នុង​ព្រៃ​នៃ​ភូមិ​ដីក្រហម ឃុំ​ល្អាង ដើម្បី​ធ្វើ​ចម្ការ។ នៅ​ពេល​យប់ គឺ​មាន​ក្រុម​អ្នក​ប្រមាញ់​សត្វ​ព្រៃ​ជាច្រើន បាន​ប្រើ​អាវុធ​ដើរ​បាញ់​សត្វ។ សំឡេង​កាំភ្លើង​ដែល​ផ្ទុះ​ឡើង​នៅ​ក្នុង​ព្រៃ​ពេល​យប់ ធ្វើ​ឱ្យ​រូប​គាត់ និង​អ្នក​ភូមិ​ជាច្រើន មាន​ការ​ភ័យ​ខ្លាច​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ៖ «អា​ថ្ងៃ​ខ្ញុំ​មក​ហ្នឹង​បាញ់​ឈ្លូស​មើល​ទៅ។ ប្រជាជន​នៅ​ដាំ​សៀង​ដាំ​អី មនុស្ស​វា​ច្រើន​ណាស់​ដល់​ពេល​បាញ់​អ៊ីចឹង វា​ប៉ះពាល់​ខ្លាច​ចំ​គេ​ចំ​ឯង​ដែរ។ កាំភ្លើង​ហ្នឹង​បែប AK47 អាវុធ​នោះ​បែប​ចេញ​ពី​ក្រុមហ៊ុន​ដែល​នៅ​ក្បែរ​នោះ​តាម​មើល​ទៅ។ ហើយ​ប៉ូលិស​អត់​បាន​គ្រប់គ្រង​អា​ពួក​ក្រុមហ៊ុន​ហ្នឹង ឱ្យ​បាញ់​ឆ្វេច​ឆ្វាច​ខ្លាច​ចំ​ប្រជាពលរដ្ឋ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ល្អាង លោក ឃី សុផល និង​អធិការ​ប៉ូលិស​ស្រុក​សង្គមថ្មី លោក អ៊ុយ ស៊ីថា ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ស្រុក​សង្គមថ្មី គឺ​តំបន់​ជាច្រើន​មាន​ការ​ប្រើប្រាស់​កាំភ្លើង​ខ្យល់ និង​កាំភ្លើង​មែន​ទែន​ខ្លះ​ទៀត ដើម្បី​បរ​បាញ់​សត្វ​ព្រៃ​យក​ទៅ​ធ្វើ​ម្ហូប និង​លក់​ដូរ​ខុស​ច្បាប់។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​អាវុធ​ច្នៃ និង​អាវុធ​ចេញ​ពី​អង្គភាព​កង​កម្លាំង ដើម្បី​បាញ់​សត្វ​ព្រៃ​នៅ​ស្រុក​សង្គមថ្មី នៅ​តែ​កើត​មាន​ជាច្រើន​កន្លែង​គួរ​ឱ្យ​ព្រួយ​បារម្ភ។ លោក ឡោ ចាន់ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់​ការ​បរ​បាញ់​សត្វ​ព្រៃ​ទាំង​នោះ៖ «យើង​ឃើញ​ថា​ការ​ប្រើប្រាស់​អាវុធ​កែច្នៃ​ក្ដី ការ​ប្រើប្រាស់​អាវុធ​ជាក់ស្ដែង​ក្ដី គឺ​នៅ​តែ​មាន​អ៊ីចឹង​ហើយ ជា​ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល ជាពិសេស​សមាគម​អាដហុក តែង​តែ​ព្រួយ​បារម្ភ ពីព្រោះ​មាន​ប្រជាពលរដ្ឋ​ក៏​គាត់​នៅ​តែ​បន្ត​ការ​ប្រើប្រាស់​ស្នាតេះ ដើម្បី​បរ​បាញ់​សត្វ​ព្រៃ។ ចំណែក​អាជ្ញា​ខ្លះ ក៏​គាត់​បាន​ប្រើប្រាស់​អាវុធ​ក្នុង​ការ​រក​សត្វ​ព្រៃ​ដែរ»

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​ក្នុង​ស្រុក​សង្គមថ្មី បាន​ស្លាប់ នៅ​ពេល​ដែល​ក្រុម​អ្នក​ប្រមាញ់​បាញ់​អាវុធ​ចំ នៅ​ពេល​ដែល​ពួក​គេ​ដេញ​តាម​បាញ់​សត្វ​ព្រៃ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។