ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានការជួញដូរសត្វព្រៃខុសច្បាប់មួយកន្លែង នៅក្នុងឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
សកម្មភាពឈ្មួញចាំទទួលទិញសត្វព្រៃ ហើយយកទៅលក់ដូរបន្តទៀតនោះ ហាក់មិនមានការបង្ក្រាបពីមន្ត្រីរដ្ឋបាលព្រៃឈើ ឬក៏អាជ្ញាធរមូលដ្ឋានណាមួយទេ។
បុរសម្នាក់ គឺជាប្រជាពលរដ្ឋនៅស្រុករវៀង។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ថា តូបលក់ឥវ៉ាន់មួយកន្លែងនៅក្នុងភូមិជីអោក ទល់មុខគ្នានឹងក្រុមហ៊ុនចម្ការកៅស៊ូ (មេគង្គ) នាឃុំរមណី ស្រុករវៀង កំពុងតែទទួលទិញសត្វព្រៃយ៉ាងសកម្ម។ បុរសដដែលបានបញ្ជាក់ថា មានសត្វព្រៃជាច្រើនប្រភេទស្ទើរតែរៀងរាល់ថ្ងៃ ត្រូវបានគេយកទៅលក់ឱ្យម្ចាស់តូបនោះ ក៏ប៉ុន្តែលោកមិនដែលឃើញសមត្ថកិច្ចណាចុះបង្ក្រាបទេ៖ «ដូចជាសត្វកាំប្រមា និងសត្វនៅខាងស្រុកលើ គេហៅខ្យង ក្ដាន់ញ៉ែង ហើយនិងរញី ជ្រូកព្រៃមួយៗ។ គាត់យកមកច្រើនណាស់ ជាក់ស្ដែង គឺមានរាល់ថ្ងៃតែម្ដង ឈ្មួញកណ្ដាលនៅចាំទិញនៅកន្លែងហ្នឹង»។
អ្នកភូមិដដែល បានបញ្ជាក់ទៀតថា ការចាំទទួលទិញសត្វព្រៃនៅកន្លែងនោះ គឺមានរយៈពេលតាំងពី ២ឆ្នាំមុន រហូតមកដល់បច្ចុប្បន្ន។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុករវៀង ដើម្បីសុំការពន្យល់ជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតដែលរស់នៅក្នុងទីរួមខេត្តព្រះវិហារ បានអះអាងដូចគ្នាថា នៅតំបន់ជីអោក នោះ ជាច្រើនឆ្នាំមកហើយ គឺមានការចាប់ និងបរបាញ់សត្វព្រៃដើម្បីយកមកលក់ដូរនៅតាមភោជនីយដ្ឋានខ្លះ ដើម្បីធ្វើម្ហូប៖ «ជីអោក នោះ ជាកន្លែងសំខាន់ណាស់ដែលនាំសត្វព្រៃមកលក់នៅភ្នំដែក ភ្នំអី។ កាលពីកន្លងមក ខ្ញុំឃើញគេបាញ់សត្វប្រើស សត្វឈ្លូស យកមកលក់នៅភ្នំដែក ហ្នឹងឯង យកមកធ្វើម្ហូបអាហារ»។
មិនមែនតែស្រុករវៀង មួយទេ ដែលមានការជួញដូរ និងសម្លាប់សត្វព្រៃ គឺនៅតាមបណ្ដាស្រុកមួយចំនួនទៀត រួមទាំងទីរួមខេត្តព្រះវិហារ ផង ក៏មានការជួញដូរស្បែក ឆ្អឹង និងឈាមប្រភេទសត្វកម្រមួយចំនួនដែរ។
ប្រជាពលរដ្ឋនៅក្នុងទីរួមខេត្តព្រះវិហារ បានឱ្យដឹងថា កាលពី៥-៦ឆ្នាំមុន នៅក្នុងទីរួមខេត្តព្រះវិហារ គឺមានទាំងការដាក់លក់ឆ្អឹង ស្បែក និងឈាមសត្វកែះ ផង ក៏ប៉ុន្តែ ដោយសារតែសមត្ថកិច្ចធ្លាប់ធ្វើការបង្ក្រាប គឺការលក់បែបនេះបានប្ដូរទៅជាការលួចលាក់មិនចំហ។
កាលពីជាង ៦ខែមុន មន្ត្រីរដ្ឋបាលព្រៃឈើធ្លាប់បានចុះចាប់ការលក់សាច់សត្វព្រៃម្ដង។ ហើយកាលពីជាងកន្លះខែមុន គឺមន្ត្រីរដ្ឋបាលព្រៃដដែល ក៏ចុះចាប់ការលក់សាច់ជ្រូកព្រៃម្ដងទៀត ដោយរឹបអូសយកបានសាច់ចំនួនជាង ១០គីឡូក្រាម។
បើទោះបីជាសមត្ថកិច្ចបានចុះបង្ក្រាបការជួញដូរ និងលក់សាច់សត្វព្រៃខ្លះក៏ដោយ ក៏អ្នកភូមិជឿថា សកម្មភាពជួញដូរសត្វព្រៃនៅខេត្តព្រះវិហារ មិនទាន់បញ្ឈប់ទេ គឺក្រុមឈ្មួញនៅតែលួចជួញដូរ ដោយលាក់បាំងពីភ្នែករបស់សមត្ថកិច្ច និងអាជ្ញាធរនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
