ក្រសួង​កសិកម្ម​សហការ​ជាមួយ​តុលាការ​ខេត្ត​ព្រះវិហារ​ចុះ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ

0:00 / 0:00

មន្ត្រី​អធិការកិច្ច​របស់​ក្រសួង​កសិកម្ម កំពុង​សហការ​ជាមួយ​តុលាការ​ខេត្ត​ព្រះវិហារ ដើម្បី​ចុះ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ។ ប៉ុន្តែ សកម្មភាព​ចុះ​បង្ក្រាប​ការ​ទិញ​ឈើ​ខុស​ច្បាប់​ដើម្បី​កែច្នៃ​នៅ​តាម​រោង​សិប្បកម្ម​នោះ មិន​បាន​ធ្វើ​ឱ្យ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល អបអរ​សាទរ​ទេ។

អង្គការ​ផ្នែក​ការពារ​ព្រៃ​ឈើ រួម​និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​ព្រះវិហារ សម្ដែង​ការ​សង្ស័យ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខ្លះ​ក្នុង​ខេត្ត​នេះ អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែ​តុលា ថា ជា​ធម្មតា​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ គឺ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ច្រើន​ជាង ១០​កន្លែង ហើយ​មាន​សកម្មភាព​ឈូស និង​អារ​ឈើ​ជា​រៀង​រាល់​ថ្ងៃ​ធ្វើ​ជា​តុ ទូ និង​កៅអី ដើម្បី​លក់​ដូរ ក៏ប៉ុន្តែ​នៅ​ពេល​មន្ត្រី​អធិការកិច្ច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​គ្នា​ជាមួយ​តុលាការ ចុះ​បង្ក្រាប បែរ​ជា​សិប្បកម្ម​ទាំង​នោះ​ដឹង​មុន ហើយ​បិទ​ទ្វារ​ស្ងាត់​ច្រៀប ហាក់​ដូច​ជា​មាន​អ្នក​ប្រាប់។

លោក ឡោ ចាន់ សង្ស័យ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខ្លះ អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ទទួល​ផល​ប្រយោជន៍​ពី​សិប្បកម្ម​ទាំង​នោះ ហើយ​ប្រាប់​ដំណឹង​ឱ្យ​ក្រុម​ម្ចាស់​សិប្បកម្ម​ដឹង​ជា​មុន៖ «ឥឡូវ​ចុះ​មក​ដូច​ជា​ដឹង​ខ្លួន​អស់​រលីង​ខាង​សិប្បកម្ម។ ស្ងាត់​ច្រៀប ម៉ាស៊ីន​ដក​អស់ ឈើ​ដក​អស់ ខ្ញុំ​សន្និដ្ឋាន​ថា មន្ត្រី​ជំនាញ​អស់​ហ្នឹង​រស់​បាន​ដោយសារ​សិប្បកម្ម​ខុស​ច្បាប់​ទាំងអស់​ហ្នឹង។ ខាង​ថ្នាក់​ក្រសួង​ចុះ​មក ឥឡូវ​ខ្ញុំ​ចង់​ដឹង​ជិះ​ម៉ូតូ​ក្រឡឹង​ជុំវិញ​ខេត្ត ស្ងាត់​អស់​រលីង អត់​មាន​ឈើ​អី​មួយ​តាម​សិប្បកម្ម​ស្ងាត់»

ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ ដែល​តែង​ចងក្រង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា នៅ​ខេត្ត​ព្រះវិហារ បច្ចុប្បន្ន មន្ត្រី​ខ្លះ គឺ​មាន​ភាគ​ហ៊ុន​នៅ​តាម​រោង​សិប្បកម្ម​កែច្នៃ​ឈើ។ ដូច្នេះ បើ​សិន​ជា​មាន​បទបញ្ជា​ពី​ថ្នាក់​ក្រសួង ឲ្យ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ គឺ​គាត់​តែង​ផ្ដល់​ព័ត៌មាន​ទៅ​ឱ្យ​ម្ចាស់​សិប្បកម្ម​ផ្អាក​សកម្មភាព​មួយ​រយៈ​សិន។

ការ​រិះគន់​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អធិការកិច្ច​របស់​ក្រសួង​កសិកម្ម រួម​និង​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ចុះ​បង្ក្រាប និង​ឆែកឆេរ​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​ទី​រួម​ខេត្ត ដោយ​បង្ក្រាប​បាន​ឈើ​ខុស​ច្បាប់​តិចតួច ប៉ុន្តែ​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​ទៀត ហាក់​ដឹង​ខ្លួន​មុន ហើយ​គេច​មួយ​រយៈ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ លោក អ៊ិត ភូមិរ៉ា ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​រិះគន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ លោក លី លន់ មាន​ប្រសាសន៍​ថា ការ​ចុះ​បង្ក្រាប​ឈើ​ខុស​ច្បាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា គឺ​សមត្ថកិច្ច​មិន​បាន​លទ្ធផល​ល្អ​ទាំងអស់​ទេ ដោយ​ទើប​តែ​ពិនិត្យ​ទៅ​លើ​សិប្បកម្ម​ចំនួន ៦​កន្លែង និង​បាន​ដក​ហូត​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​ជាំក្សាន្ត ប្រមាណ ៣០​ម៉ែត្រ​គូប។

លោក លី លន់ មិន​ហ៊ាន​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ថា អាច​មាន​មន្ត្រី​ជំនាញ​ខ្លះ​អាច​ពាក់ព័ន្ធ​នឹង​ម្ចាស់​សិប្បកម្ម​ឈើ ដោយ​ឱ្យ​ដំណឹង​ជា​មុន​នៅ​ពេល​មន្ត្រី​ថ្នាក់​ក្រសួង ចុះ​ពិនិត្យ​នោះ​យ៉ាង​ណា​ទេ ដោយ​លោក​គ្រាន់​តែ​ចុះ​សហការ​តាម​ការ​ស្នើសុំ​ប៉ុណ្ណោះ៖ «យើង​ចូលរួម​សហការ​ជាមួយ​គេ​ទៅ អ៊ីចឹង​យើង​បង្ក្រាប​បាន​ប៉ុណ្ណឹង ហើយ​គេ​ចង្អុល​បង្ហាញ​ថា កន្លែង​នេះ​កន្លែង​នោះ​ចុះ​តាម​គេ​ទៅ។ ចំពោះ​សិប្បកម្ម​ដទៃ​ទៀត​ដែល​គេច ដឹង​មុន​ដឹង​អី យើង​ក្ដាប់​មិន​បាន​ដែរ មិន​ដឹង​គេ​ដឹង​តាម​រយៈ​អ្នក​ណា»

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ ឱ្យ​ដឹង​ថា នៅ​ខេត្ត​ព្រះវិហារ គ្រាន់​តែ​នៅ​ស្រុក​ជ័យសែន ស្រុក​សង្គមថ្មី ស្រុក​ជាំក្សាន្ត និង​ទី​រួម​ខេត្ត​ព្រះវិហារ គឺ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​មិន​តិច​ជាង ៦០​កន្លែង ដោយ​បំផ្លាញ​ព្រៃ​ឈើ​អស់​រាប់​រយ​ម៉ែត្រ​គូប​ក្នុង​១​ខែៗ។ លោក ឈឹម សាវុធ ចាត់​ទុក​ការ​ចុះ​បង្ក្រាប​ឈើ​ខុស​ច្បាប់​របស់​សមត្ថកិច្ច គឺ​គ្រាន់​តែ​ជា​សកម្មភាព​ធ្វើ​ឱ្យ​តែ​ល្អ​មើល មិន​មាន​ចេតនា​បង្ក្រាប​ពិត​ប្រាកដ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។