ILO បង្ហាញ​របៀប​គិត​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៦

0:00 / 0:00

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ពី​របៀប​គិត​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៦ ដល់​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ (LAC) តំណាង​កម្មករ និយោជិត នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រក​តួលេខ​ជាក់លាក់​មួយ​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។ ទាក់ទិន​បញ្ហា​នេះ មេដឹកនាំ​សហជីព​មួយ​ចំនួន​មិន​ចង់​ឃើញ​ការ​កំណត់​ប្រាក់​ឈ្នួល​តាម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នោះ​ទេ ព្រោះ​មិន​អាច​ធានា​ឲ្យ​កម្មករ​រស់​នៅ​ដោយ​សមរម្យ។

រដូវ​កាល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រក​តួលេខ​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ឆ្នាំ​២០១៦ ខាង​មុខ បាន​មក​ដល់​ហើយ។

អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​បង្ហាញ​នូវ​ទឡ្ហីករណ៍ និង​ផ្ដល់​បច្ចេកទេស ព្រម​ទាំង​បទពិសោធន៍​ជា​ច្រើន​ទៀត នៅ​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​របស់​ប្រទេស​នៅ​លើ​ពិភពលោក នៅ​ក្នុង​កិច្ចប្រជុំ​ឯកតោ​ភាគី​របស់​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​តំណាង​ឲ្យ​ភាគី​កម្មករ​និយោជិត នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ដែល​រៀបចំ​ធ្វើ​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ហៅ​កាត់​ថា ស៊ីខាវឌូ (C-CAWDU) លោក អាត់ ធន់ អោយ​ដឹង​ថា ទឡ្ហីករណ៍​ដែល​អង្គការ​អន្តរជាតិ​ខាង​ការងារ​ផ្ដល់​ជា​មេរៀន​សម្រាប់​សិក្សា​ស្រាវជ្រាវ​កំណត់​ប្រាក់​ឈ្នួល​នោះ ដូចជា កម្រិត​ជីវភាព​រស់​នៅ​របស់​កម្មករ អត្រា​អតិផរណា កត្តា​ផលិតភាព ភាព​ប្រកួតប្រជែង​នៃ​ប្រទេស​ក្នុង​តំបន់ ផល​ប៉ះពាល់​នៃ​កំណើន​ប្រាក់​ឈ្នួល​កន្លង​មក​ទៅ​លើ​ទីផ្សារ​ការងារ និង​អត្រា​ចំណេញ​នៅ​ក្នុង​វិស័យ​រោងចក្រ​ជាដើម។

យ៉ាង​ណា​ក៏ដោយ លោក អាត់ ធន់ អះអាង​ថា ការ​កំណត់​ប្រាក់​ឈ្នួល​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​យោង​តាម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ទៅ​វិញ។ លោក​បន្ត​ថា រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន គួរ​តែ​សិក្សា​ស្រាវជ្រាវ​កំណត់​ប្រាក់​ឈ្នួល​ទៅ​តាម​តម្រូវការ​រស់​នៅ​របស់​កម្មករ៖ «នៅ​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក គេ​មិន​យក​បន្ទាត់​ភាព​ក្រីក្រ​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ទេ ពោល​គឺ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មួយ​អំពី​កម្រិត​នៃ​ជីវភាព​រស់​នៅ​របស់​កម្មករ​និយោជិត បន្ទាប់​មក​គឺ​គេ​កំណត់​ប្រាក់​ឈ្នួល​ទៅ​តាម​តម្រូវការ​រស់​នៅ​របស់​កម្មករ​របស់​គេ ដូចជា​នៅ​វៀតណាម អូស្ត្រាលី កូរ៉េ បង់ក្លាដេស ជា​ដើម»

លោក អាត់ ធន់ បញ្ជាក់​ថា ការ​កំណត់​ប្រាក់​ឈ្នួល​តាម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នេះ គឺ​មិន​អាច​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​កម្មករ​បាន​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​កម្មករ​ជា​ច្រើន​ដើរ​ចេញ​ពី​វិស័យ​កាត់​ដេរ ទៅ​រក​ការងារ​នៅ​វិស័យ​ផ្សេង​ទៀត ជាពិសេស​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស។ ដោយ​ឡែក កម្មករ​ភាគ​ច្រើន​បង្ខំ​ចិត្ត​ធ្វើ​ការ​ថែម​ម៉ោង និង​ចំណាយ​ត្បិតត្បៀត​លើ​ម្ហូប​អាហារ បណ្ដាល​អោយ​ថមថយ​កម្លាំង ដួល​សន្លប់​ជា​ញឹកញយ​នៅ​ក្នុង​រោងចក្រ។

ជាមួយ​គ្នា​នេះ ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា និង​ជា​អនុ​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ លោក ជួន មុំថុល មាន​ប្រសាសន៍​ថា សហជីព​បាន​យល់​ដឹង​ច្រើន​ក្នុង​ការ​គិត​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ដោយ​ផ្អែក​តាម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នោះ ក្រោយ​ស្ដាប់​បទ​បង្ហាញ​របស់​អង្គការ​អាយឡូ។

យ៉ាង​នេះ​ក្តី លោក​មិន​រំពឹង​ទុក​ថា ប្រាក់ខែ​កម្មករ នឹង​បាន​ឡើង​ច្រើន​នោះ​ទេ៖ «ការ​កំណត់​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​២០១៥ នេះ ប្រហែលជា​មិន​បាន​ខ្ពស់​ដូច​ដែល​យើង​ចង់​បាន​ទេ បើ​ផ្អែក​តាម​បន្ទាត់​ភាព​ក្រីក្រ និង​តាម​រូបមន្ត​របស់​អាយឡូ»

​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការងារ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ ដែល​មាន​សហព័ន្ធ​សហជីព​ចំនួន ៨០ ទូទាំង​ប្រទេស បាន​ព្រមព្រៀង​គ្នា​ថា នៅ​ក្នុង​ខែ​កក្កដា​នេះ ភាគី​ទាំង​អស់​ត្រូវ​អង្គុយ​ជុំ​គ្នា​ដើម្បី​ពិនិត្យ​ឡើង​វិញ​ទាក់ទង​រឿង​គោលការណ៍​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ។

នៅ​ខែ​សីហា ខាង​មុខ ភាគី​នីមួយៗ​នឹង​ទទួល​បាន​គោលជំហរ​មួយ​ក្រោយ​កិច្ច​ប្រជុំ​នោះ នឹង​លើក​ទៅ​ជជែក​ទល់​មុខ​គ្នា។ បន្ទាប់​មក​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៥ ភាគី​សហជីព ក្រសួង​ការងារ និង​អង្គការ​អាយឡូ អង្គុយ​ជុំ​គ្នា​ថ្លឹងថ្លែង​ចំពោះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​រួម​គ្នា។ ដំណាក់កាល​ចុង​ក្រោយ​នៅ​ខែ​តុលា ក្រុម​ការងារ​នឹង​សម្រេច​ប្រាក់​ឈ្នួល​គោល​ជូន​កម្មករ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។